សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

ថៃ​ចាប់​កម្មករ​ខ្មែរ​ស្រប​ច្បាប់​៤០​នាក់​កោរ​សក់​សម្រាត​ខោ អាវ ជំរិត​យក​ប្រាក់

120620_05

ភ្នំពេញៈ កម្មករ​សំណង់​ខ្មែរ​ស្រប​ច្បាប់​ចំនួន​ ៤០​ នាក់​ ក្នុង​ចំណោម​ ៨០ នាក់ ដែល​ត្រូវ​បាន​តម្រួត​ស្រុក​ហាត់យ៉ៃ ខេត្ត​ស៊ុងខ្លា ប្រទេស​ថៃ ចាប់​ឃាត់​ខ្លួន ហើយ​កោរ​ត្រងោល សម្រាត​ខោអាវ​ចេញ និង​រឹប​អូស​យក​ប្រាក់​អស់​គ្មាន​សល់​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍ ​ពី​ថៅកែ​ក្រុមហ៊ុន​សំណង់​ថៃ ដែល​ពួក​គេ​បម្រើ​ការ​ឲ្យ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្មករ​រងគ្រោះ កាល​ពី​ម្សិលមិញ។
បើ​ទោះ​បី​ជា​កម្មករ​ខ្មែរ​រងគ្រោះ​ទាំង​នោះ​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់​ក្តី ក៏​ក្រុម​ហ៊ុន​ដែល​បញ្ជូន​ពួក​គេ​ទៅ​ មិន​ទទួល​ខុស​ត្រូវ ចំពោះ​ការ​រំលោភ​បំពាន​នេះ​ឡើយ។ ចំណែក​ឯស្ថាន​ទូត​ខ្មែរ​ នៅ​ទីក្រុង​បាងកក និយាយ​ថា គេ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​នេះ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។
កម្មករ​ទាំង​ ៤០ ​នាក់ ក្នុង​នោះ មាន​ស្រី​ ១០ នាក់ ជា​កម្មករ​សំណង់​ស្រប​ច្បាប់ នៅ​ប្រទេស​ថៃ ដែល​បញ្ជូន​ទៅ​ដោយ​ក្រុមហ៊ុន ជ្រើស​រើស​ពលករ​នៅ​កម្ពុជា​ ឈ្មោះ អេភី ធីអែសអ៊ី (AP TSE) ត្រូវ​បាន​តម្រួត​ថៃ​ស្រុក​ហាត់​យ៉ៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​ត្រូវ​បាន​បញ្ជូន​ចូល​ទឹក​ដី​ថៃ​ខុស​គោល​ដៅ​។ នេះ​បើ​តាម​សម្តី​របស់​កម្មករ​សំណង់​កម្ពុជា​ម្នាក់ អាយុ ៥០​ ឆ្នាំ ​ឈ្មោះ លឹម ស្រ៊ុន។
លោក​លឹម ស្រ៊ុន ដែល​ទៅ​ពី​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​ ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ កាល​ពី​ម្សិលមិញ​ថា លោក​ទើប​តែ​ធ្វើ​ការ​នៅ​ទី​នោះ ​បាន​កន្លះ​ឆ្នាំ​។ កម្មករ​ទាំង​អស់​ ដែល​ត្រូវ​ចាប់​ខ្លួន ៤០ នាក់​នោះ គ្មាន​អារម្មណ៍​ធ្វើ​ការ​នៅ​កន្លែង​ចាស់​នេះ​ទៀត​ឡើយ ព្រោះ​ពួក​គេ​យល់​ថា មិន​មាន​សុវត្ថិភាព ខ្លាច​ត្រូវ​គេ​ចាប់​ម្តង​ទៀត ហើយ​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ជា​មួយ​នឹង​កម្មករ​ខ្មែរ​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​សំណង់​នៅ​ថៃ ចំនួន​ ៨០ នាក់​ តែ​លិខិត​ឆ្លង​ដែន​ត្រូវ​ក្រុមហ៊ុន​ដក​ហូត។

លោក​និយាយ​ថា​៖«ខ្ញុំ​រក​បាន​មួយ​ថ្ងៃ ៣០០ ​បាត តែ​ត្រូវ​បង់​រំលស់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជ្រើស​ពលករ​នៅ​ស្រុក​ខ្មែរ ២ ពាន់​បាត ក្នុង​មួយ​ខែ​។ ១ ពាន់ ​៧ រយ​បាត ឲ្យ​ក្រុមហ៊ុន​ថៃ​ បង់​ថ្លៃ​ប៉ូលិស និង ២០០ បាត កាត់​រាល់​ខែ​ សម្រាប់​ថ្លៃ​សុខភាព។ តើ​ត្រូវ​រស់​នៅ​របៀប​ណា? គេ​បញ្ជូន​យើង​ឲ្យ​មក​លក់​កម្លាំង​ពលកម្ម​ស្ទើរ​តែ​គ្មាន​ចំណូល​សោះ​»។
លោក លឹម ស្រ៊ុន ​ជា​កម្មករ​ចុង​ក្រោយ​បង្អស់​ ដែល​ត្រូវ​នគរបាល​ថៃ ដោះលែង កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ក្នុង​ចំណោម​ ១៧ ​នាក់។ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត បាន​ដោះ​លែង​តាំង​ពីថ្ងៃ​សៅរ៍។ លោក​បន្ត​ថា ការ​ដោះ​លែង​ធ្វើ​ឡើង បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ ដែល​កម្មករ​ធ្វើ​ការ​ឲ្យ​នោះ ទាក់​ទង​ទៅ​តម្រួត​ថៃ ដើម្បី​សុំ​ឲ្យ​ដោះ​លែង និង​មិន​ដឹង​ថា​ មាន​លក្ខខណ្ឌ ឬ​យ៉ាង​ណា​នោះ​ឡើយ ព្រោះ​លោក​មិន​ទាន់​បាន​ជួប​ខាង​ក្រុមហ៊ុន​នៅ​ឡើយ។ ចំណែក​កម្មករ ដែល​ត្រូវ​គេ​ដោះលែង ក៏​គ្មាន​នរណា​ម្នាក់ ចូល​ធ្វើ​ការ​វិញ​ដែរ ព្រោះ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៀត។
លោក​បញ្ជាក់​ថា ៖ «គេ​ថា​យើង​កាន់​ប៉ាស្ព័រ​ក្លែងក្លាយ ប៉ុន្តែ​ពេល​គេ​ឆែក​ទៅ ក៏​ឃើញ​មាន​កាន់​ប៉ាស្ព័រ​ត្រឹម​ត្រូវ​​ ហើយ​ប្រាប់ថា យើង​ត្រូវ​បាន​គេ​បញ្ជូន​មក​ខុស​គោល​ដៅ​។ គេ​ថា​ យើង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ក្រុង​បាងកក មិនមែន​មក​ហាត់​យ៉ៃ​ទេ»។ លោក​បន្ត​ថា​ លោក​មាន​ការ​អាម៉ាស់ និង​ខឹង​សម្បា​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ត្រូវ​បាន​តម្រួត​ថៃ​នោះ ចាប់​ពលរដ្ឋ​កម្ពុជា​កោរ​ត្រងោល និង​សម្រាត​ខោអាវ​អស់​រលីង ចំពោះ​ប្រុសៗ ដើម្បី​ឆែក​ឆេរ​រក​សម្ភារ និង​លុយ​កាក់​ជាប់​ខ្លួន​ ពីព្រោះ​គេ​ទាមទារ​ប្រាក់​ពី​កម្មករ​ម្នាក់​ប្រមាណ ៣ ពាន់​បាត​តែ​កម្មករ​មិន​មាន​។
លោក​បន្ត​ថា៖​ «​ខ្ញុំ​ខឹង​ណាស់​ ខ្ញុំ​ចាស់​ហើយ​នៅ​ឲ្យ​គេ​កោរ​ត្រងោល និង​ស្រាត​ខោ​ទៀត​។ នោះ​មិន​មាន​លុយ​ឲ្យ​គេ គេ​ទារ​ដល់​ ៣ ពាន់ តែ​ខ្ញុំ​មាន​លុយ​ជាប់​ខ្លួន ​២ ពាន់​៦រយ​បាត។ ឥឡូវ​គេ​យក​អស់់​ហើយ គ្មាន​លុយ​ទិញ​អង្ករ​ដាំ​បាយ​ហូប​ទេ»។
លោក មឿន តុលា ប្រធាន ផ្នែក​កម្មវិធី​ការងារ​ នៅ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ថ្លែង​ថា ​មក​ដល់​ពេល​នេះ មិន​មាន​អាជ្ញាធរ​កម្ពុជា ​នៅ​ប្រទេស​ថៃ​ ឬ​នៅ​ក្រុង​ភ្នំពេញ ​បាន​ដឹង​ឮ ពី​ការ​ចាប់​ខ្លួន​នោះ និង​ការ​ដោះ​លែង​កម្មករ​ខ្មែរ​វិញ​នោះ​ឡើយ ហើយ​លោក​កំពុង​ទាក់ទង​ទៅ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ពិនិត្យ​មើល​ករណី​មួយ​នេះ។ លោក​ថ្លែង​ថា៖ «​បើ​តាម​ដឹង​ នេះ​ជា​បញ្ហា​នៃ​ការ​បញ្ជូន​ខុស​គោល​ដៅ​ គឺ​មិន​មែន​រឿង​ឯកសារ​ឡើយ​ ហើយ​រឹត​តែ​មិន​មែន​ជា​កំហុស​របស់​កម្មករ​ទាំង​នោះ​ទៅ​ទៀត​»។
លោក​បាន​បន្ត​ថា ៖ «​ទោះ​បី​គេ​(តម្រួត​ថៃ)ថា​ ពួក​គាត់​ទៅ​ខុស​គោល​ដៅ​ក្តី​ តែ​ពួក​គាត់​មាន​ប៉ាស្ព័រ (លិខិត​ឆ្លង​ដែន) ត្រឹម​ត្រូវ អ៊ីចឹង​ពួក​គាត់​អាច​ទៅ​ណា​ក៏​បាន​ក្នុង​ទឹក​ដី​ថៃ។ ចាំបាច់​អី​ទៅ​ចាប់​កោរ​សក់​ពួក​គាត់​។ ធ្វើ​នេះ​រំលោភ​សិទ្ធិ​មនុស្ស​»។
លោក សេង សិទ្ធិ​ជ័យ ប្រធាន​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ឈ្មោះ AP TSE ​ថ្លែង​ថា ការ​ឃាត់​ខ្លួន​នេះ មិន​ទាក់ទង​នឹង​ការ​បញ្ជូន​កម្មករ​ពី​ខាង​ក្រុមហ៊ុន​របស់​លោក​ឡើយ ព្រោះ«កម្មករ​មាន​ប៉ាស្ព័រ និង​ឯកសារ​ស្រប​ច្បាប់» ប៉ុន្តែ​ថា ការ​ចាប់​ខ្លួន​កម្មករ​សំណង់​ទាំង​នោះ គឺ​ទាក់ទិន​នឹង​ក្រុម​មេ​ខ្យល់​ខ្មែរ​ ប្រមូល​ប្រាក់​ខែ​ពលករ​ ផ្ញើ​មក​ស្រុក​កំណើត តែ​ពលករ​មិន​ព្រម​ឲ្យ​ ទើប​ពួក​មេ​ខ្យល់ ប្តឹង​តម្រួត​ថៃ​ ឲ្យ​ចាប់​ខ្លួន​ពលករ​ខ្មែរ។ លោក​បាន​និយាយ​ថា ៖ «​នេះ​មក​ពី​រឿង​មេខ្យល់​»។
លោក​ស្រី យូ អយ ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​ទីក្រុង​បាងកក បាន​ថ្លែង​ថា លោក​ស្រី​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់ នៃ​ការ​ចាប់​ខ្លួន​ឡើយ ព្រោះ​ទើប​បាន​ទទួល​ព័ត៌មាន​នេះ​ ប៉ុន្តែ​លោក​ស្រី​ថា ក្រុមហ៊ុន AP TSE មិន​បាន​បញ្ជូន​ពលករ​នោះ ទៅ​ហាត់​យ៉ៃ​ឡើយ។ លោក​ស្រី​ថ្លែង​ថា៖ «​ក្រុមហ៊ុន​ បាន​បដិសេធ​ជា​មួយ​យើង ថា​ គេ​អត់​មាន​បញ្ជូន​ពលករ​ទៅ​ហាត់​យ៉ៃ​ទេ។ ឥឡូវ​យើង​កំពុង​ស្រាវ​ជ្រាវ​បន្ថែម»៕

No comments:

Post a Comment

yes