ភ្នំពេញៈ បើទោះជាខិតខំច្រើនលើកច្រើនសា ស្នើមន្រ្តីរដ្ឋបាល និងថែមទាំងជួលអ្នកស៊ើបអង្កេតក៏ដោយ ក៏ប៉ុន្តែ ក្រុមមេធាវីការពារលោក នួន ជា បងធំទី ២ របស់ខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ បានឲ្យដឹងកាលពីម្សិលមិញថា ពួកគេរកពុំឃើញភស្តុតាងគាំទ្រឯកសារយោងរបស់លោក និល ណុន ប្រធានអង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហមដែលបង្ហោះផ្សាយនៅលើគេហទំព័ររបស់តុលាការឡើយ។
អ៊ីមែលរបស់លោក Michiel Pestman មេធាវីការពារក្តី ដែលលេចចេញដោយគេហទំព័រ Ki-Media ដែលគាំទ្រគណបក្សប្រឆាំង បានស្នើសុំមន្រ្តីច្បាប់ជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ផ្តល់សេចក្តីលម្អិតអំពីការបោះពុម្ពផ្សាយកន្លងមករបស់លោក និល ណុន និងការចូលរួមនយោបាយរបស់លោក។
លោក Pestman បានមានប្រសាសន៍តាមទូរស័ព្ទពីម្សិលមិញថា៖ «យើងត្រូវបានគេប្រាប់ថា លោក [និល ណុន] ជាសមាជិកសកម្មនៅក្នុងក្រុម [គណបក្សប្រជាជនកម្ពុជា] នៅពេលលោកធ្វើការនៅតុលាការខេត្តបាត់ដំបង»។
ដោយចង្អុលបង្ហាញពីករណីលើកមុនក្នុងសាលាក្តីអន្តរជាតិដទៃទៀតដែលចៅក្រមបាត់បង់លក្ខណសម្បតិ្ត លោកបន្ថែមថា៖«មានអង្គហេតុពាក់ព័ន្ធដែលទាក់ទងនឹងឯករាជភាព របស់ចៅក្រម ដែលនឹងផ្លាស់ប្តូរ ប្រសិនបើនេះជាតុលាការពិត»។
កន្លងមក លោក និល ណុន បានទទួលស្គាល់ថា បានទទួលយកសំណូក ក្នុងអំឡុងពេលលោកធ្វើជាចៅក្រមនៅតុលាការខេត្តបាត់ដំបង នៅដើមទសវត្សរ៍ឆ្នាំ ២០០០។
លោក Pestman បានថ្លែងថា វាក៏សំខាន់ផងដែរដែលត្រូវដឹងថាតើលោក និល ណុន ដែលទទួលបានបរិញ្ញាបត្រច្បាប់នៅប្រទេសវៀតណាម ធ្លាប់ជាផ្នែកនៃកងកម្លាំងប្រយុទ្ធប្រឆាំងនឹងខ្មែរក្រហមឬយ៉ាង ណា?។
លោក Lars Olsen មន្រ្តីកិច្ចការច្បាប់នៃសាលាក្តីនេះបានថ្លែងថា លោកមិនបំភ្លឺពីលក្ខណសម្បតិ្តផ្នែកអប់រំរបស់លោក និល ណុន ឡើយ ព្រោះលោកត្រូវបានទាក់ទងស្នើសុំផ្តល់ការអត្ថាធិប្បាយ ក្រោយម៉ោង ៤ និង ៣០ នាទីល្ងាច។
លោកបានបញ្ជាក់ថា៖ «ប្រសិនបើអ្នកទូរស័ព្ទមកខ្ញុំ ក្នុងអំឡុងម៉ោងធ្វើការ ខ្ញុំនឹងឆ្លើយសំណួរ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនអាចឆ្លើយបានទេ»៕
No comments:
Post a Comment
yes