កំពត៖ ជារៀងរាល់ព្រឹក និងពេលល្ងាចៗ គេតែងតែសង្កេតឃើញក្រុមយុវវ័យភាគច្រើនជាសិស្សសាលា ទាំងប្រុស ទាំងស្រី តែងតែឆ្លៀតឱកាសណាត់ជួបគ្នាសាសងវាចារផ្តោះផ្តងស្នេហាអូនបង យ៉ាងផ្អែមត្រជាក់ចិត្ត នៅតាមទីសាធារណៈនៃបរិវេណស្រះឈូក ដែលមានទីតាំងទល់មុខស្នងការដ្ឋាននគរបាល ខេត្តកំពត សិ្ថតក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ចំពោះសកម្មភាពរបស់យុវវ័យ ដែលសិ្ថតក្នុងការសិក្សាបែរជានាំគ្នាប្រព្រឹត្តធ្វើឲ្យខុសនឹងគន្លងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែលតែងតែប្រកាន់ខ្ជាប់នូវទំនៀមទំលាប់មួយ គឺនំមិនដែលធំជាងនាឡនោះ បែរជារលាយសាបសូន្យគ្មានពេលណាត្រឡប់វិញឡើយ។ ជាមួយនិងភាពស្រឡាញ់ដ៏ពុះកញ្ច្រោលក្នុងស្រទាប់យុវវ័យនេះ គេអាចចាត់ទុកថា ជាទំនាញមួយស្របទៅតាមសម័យបច្ចុប្បន្នកាល ដែលសង្គមកំពុងជឿនលឿន ហើយបានធ្វើឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈប្រព្រឹត្តមិនខុសគ្នានោះឡើយ ព្រោះសេចកី្តស្នេហានាសម័យនេះ គេមិនសូវប្រកាន់ពីប្រពៃណី ឬទំនៀមទំលាប់អ្វីឡើយ សំខាន់ឲ្យតែភាគីទាំងសងខាងយល់ចិត្តគ្នា វាពិតជាបានទទួលផ្លែផ្កាមិនខាន។
ចំណែកការណាត់ជួបប្រាស្រ័យទាក់ទងរវាងគូរស្នេហ៍យុវវ័យ ដែលសិ្ថតក្នុងការសិក្សានេះ គេមិនទាន់ដឹងថា វាស៊ីជម្រៅដល់ត្រឹមកំរិតណានៅឡើយ ប៉ុន្តែ បើតាមគេសង្កេតឃើញវាហាក់ជាគន្លឹះមួយសំរាប់ឲ្យពួកគេស្វែងយល់ចិត្តគ្នា ដើម្បីសប្បាយភ្លឺតភ្លើនតែមួយគ្រាប៉ុណ្ណោះ ព្រោះកន្លងមកគេធ្លាប់ឃើញសិស្សសាលាភាគច្រើនជាស្ត្រីភេទ ច្រើនតែដេកយំជូតទឹកភ្នែកលើក្បាលជង្គង់ជាញឹកញាប់ មិនថាតែពេលមុន ឬពេលបច្ចុប្បន្ននោះឡើយ។
នៅពេលបានជួបនូវទិដ្ឋភាពយុវវ័យសិស្សសាលាជិះម៉ូតូឌុបគ្នាមកកៀកកើយស្តាប់សម្លេងបេះដូងគ្នាយ៉ាងផ្អែមត្រជាក់នោះ គេមិនដឹងថា ឪពុកម្តាយ ឬអាណាព្យាបាល បានដឹងដែរឬអត់?។ ហើយសព្វថ្ងៃ ម្តាយឪពុក នឹកស្មានថា កូនប្រុសស្រីរបស់គាត់នាំគ្នាទៅក្រេបជញ្ជក់ចំណេះវិជ្ជានៅក្នុងសាលា ដោយពួកគាត់ក៏មិនដឹងថា កូនក្មួយទាំងនោះ បែរជាលួចមកក្រេបចំណេះវិជ្ជាស្នេហានៅក្រៅសាលាដូច្នេះឡើយ។
ជាមួយនិងរូបដែលជាសកម្មភាពសាសងវាចារស្នេហ៍គ្នានេះ មិនមែនមានន័យថា ចង់ដាក់បន្ទុកជាបទល្មើស ឬជាការខុសឆ្គងនោះទេ ប៉ុន្តែ ក្នុងនាមជាសិស្សដែលមានវ័យមិនទាន់គ្រប់អាយុចូលរោងការ ថែមទាំងសិ្ថតក្នុងវ័យសិក្សានៅឡើយ គួរតែខិតខំត្រងត្រាប់ និងខំសិក្សាយកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះទើបប្រសើរជាង៕
No comments:
Post a Comment
yes