ក្រចេះ៖ សកម្មភាពការដឹកជញ្ជូនឈើអារប្រភេទលេខ១ និងលេខ២ កំពុងតែបានដៃសម្រុកដឹកជញ្ជូនយ៉ាងអណាធិបតេយ្យយកមកចែកចាយលក់ឱ្យឈ្មួញនៅចំណុចភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ ដែលចាំទិញនៅតាមទូក ដើម្បីយកទៅលក់បន្តរនៅខេត្តកំពង់ចាម។
បើតាមប្រភពព័ត៌មានបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ជារៀងរាល់យប់ និងថ្ងៃ ការដឹកជញ្ជូនឈើប្រភេទលេខ១ លេខ២ តាមរម៉កយ៉ាងគគ្រឹកគគ្រេង ក៏ប៉ុន្តែ គេមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធ ចុះបើកយុទ្ធនាការបង្ក្រាប ឬទប់ស្កាត់បទល្មើសនោះឡើយ ជាពិសេស លោក ប៉ុក វណ្ណា ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ និង លោក ឃ្លាំង រ័ត្ន ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ដែលជាជំនាញរបស់ខ្លួន។
ប្រភពព័ត៌មានបានបន្តទៀតថា ដោយសារការបើកដៃពីសំណាក់ជំនាញរដ្ឋបាលព្រៃឈើ ទើបឈ្មួញបានដៃបំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏សំខាន់ សម្រាប់មនុស្សសត្វ និងអាកាសធាតុធ្វើឱ្យសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ក្លាយទៅជាទម្លាប់ទៅហើយសម្រាប់ការដឹកជញ្ជូនរបស់ពួកគាត់។
ប្រភពព័ត៌មានបានបញ្ជាក់ថា ឈ្មួញដែលដឹកជញ្ជូនឈើល្មើសច្បាប់មានឈ្មោះ ញេប ហៅ លោក ខ្ញេប ដែលមានទីលំនៅភូមិកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ក្រុងក្រចេះ ខេត្តក្រចេះ ដោយគាត់ដឹកឈើខុសច្បាប់យកមកស្តុកទុកនៅក្នុងផ្ទះរបស់គាត់ ខ្លះដាក់តាមផ្ទះប្រជាពលរដ្ឋខ្លះ ដើម្បីបំបាំងភ្នែកសមត្ថកិច្ច។
បើតាមប្រភពព័ត៌មាននៅក្នុងភូមិក្រគរ បានប្រាប់ទៀតថា ឈ្មួញម្នាក់នោះ គឺគាត់ដឹកមកដាក់ខាងក្រោយផ្ទះរបស់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ប៉ុន្តែ លោកនាយសង្កាត់មិនបានចាប់អារម្មណ៍យកភ្នែកមើលដោយគាត់បិទភ្នែកដើរគេចចេញទុកឱ្យឈ្មួញ បានដៃពើងទ្រូងពេញមួយទំហឹង ដោយមិនកោតញញើតជាមួយនរណាឡើយ ព្រោះលោកមេព្រៃបើកដៃហើយ គេមិនត្រូវខ្លាចនរណាទៀតទេ។
ដូច្នេះ ប្រជាពលរដ្ឋក៏បានរិះគន់ លោក ប៉ុក វណ្ណា និង លោក ឃ្លាំង រ័ត្ន ថា កំពុងតែធ្វើជាឈ្លើងបឺតជញ្ជក់លាភសក្ការ ដែលបានមកពីការដឹកឈើខុសច្បាប់របស់ លោក ញេប ហៅ ខ្ញេប បានយ៉ាងចាស់ដៃ ក្នុងមួយរឺម៉ក ពី ១០ ដុល្លារ ទៅ ២០ ដុល្លារ។ ចំណែក លោក ព្រាប សុធារ៉ា ដែលជានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ គេសង្កេតឃើញថា មួយរយៈនេះ លោកដូចជាសំងំស្ងាមធ្វើឱ្យបទល្មើសបានដៃ ដោយសារកូនចៅរបស់លោកមិនបានធ្វើការបង្ក្រាប ព្រោះឃើញមេមិនមានបទបញ្ជាឱ្យធ្វើការបង្ក្រាបបទល្មើសយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋបានសូមឱ្យ លោក ព្រាប សុធារ៉ា ដាក់បទបញ្ជាចំពោះកូនចៅរបស់ខ្លួនឱ្យបង្ក្រាបពបទល្មើសដ៏ស្អេកស្កាស់នេះផង។ ទាក់ទិនជំវិញការរិះគន់ចំពោះលោ ក ប៉ុក វណ្ណា និង លោក ឃ្លាំង រ័ត្ន អ្នកយកព័ត៌មានក៏បានធ្វើការទំនាក់ទំនងជាមួយលោកដែរ តែគាត់ឆ្លើយយ៉ាងខ្លីថា លោកអត់ដឹងទេ រួចក៏បិទទូរស័ព្ទបាត់៕
No comments:
Post a Comment
yes