សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ឆ្នាំង​ចាប់​គោ​យន្ត​ដឹក​ធ្យូង​ជំរិត​ទារ​ប្រាក់

120620_07a

កំពង់ឆ្នាំងៈ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​កំពង់​ឆ្នាំង បាន​ចាប់​គោយន្ត​ប្រជា​ពលរដ្ឋ​មួយ​គ្រឿង ដោយ​ជំរិត​ទារ​ប្រាក់ រហូត​ដល់​ជាង ៣ លាន​រៀល ជា​ថ្នូរ​មិន​បញ្ជូន​ទៅ​តុលាការ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រក​ស៊ី​ដឹក​ធ្យូង។
លោក សន ម៉ៃ អាយុ ២៥ ជា​អ្នក​រក​ស៊ី​ដឹក​ធ្យូង ពី​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ទៅ​លក់​នៅ​ខេត្ត​កំពង់​ឆ្នាំង ប្រមាណ​ជា ៨ ឆ្នាំ​មក​ហើយ​នោះ បាន​អះ​អាង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​ថា មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ខេត្ត​កំពង់​ឆ្នាំង​ម្នាក់ បាន​ឃាត់​គោ​យន្ត​ដឹក​ធ្យូង​របស់​គាត់​ទុក កាល​ពី​ពីរ​សប្តាហ៍​មុន (ថ្ងៃទី ៩ មិថុនា) បន្ទាប់​ពី​គាត់ មិន​ព្រម​បង់​ប្រាក់ ឲ្យ​មន្ត្រី​រូប​នោះ ប្រមាណ​ជា ៥ ម៉ឺន​រៀល។ លោក សន ម៉ៃ និយាយ​បញ្ជាក់​ថា៖ «គេ​ដឹក​ធ្យូង​លក់​ពេញ​ម៉ា​ស្រុក​ខ្មែរ ម៉េច​មិន​ចាប់។ ចាប់​អី​តែ​ខ្ញុំ។ វា​អយុត្តិ​ធម៌​ខ្លាំង​ណាស់ សម្រាប់​ខ្ញុំ»។ លោក បាន​អះ​អាង​បន្ថែម​ថា មន្ត្រី​នោះ ស្លៀក​ពាក់​ស៊ីវិល ជិះ​ម៉ូតូ​តាម​ទារ​ថ្លៃ​សាំង​ពី​គាត់​ចំនួន​១០ លីត្រ នៅ​ក្នុង​ស្រុក​រលា​ប្អៀរ​ខេត្ត​កំពង់​ឆ្នាំង។ នៅ​ពេល​គាត់​មិន​ព្រម​បង់​លុយ​ឲ្យ​មន្ត្រី​នោះ បាន​គំរាម​ដាក់​ខ្នោះ​គាត់ និង​ប្រើ​ពាក្យ​អសុរោះ ហើយ​បាន​អូស​គោ​យន្ត​គាត់ ដែល​ដឹក​ធ្យូង​ចំនួន ៦០ ការុង ចំណុះ ២៤០០ គីឡូ​ក្រាម យក​ទៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត។
លោក សន ម៉ៃ បាន​សង្កត់​ធ្ងន់​ថា៖ «គេ​ទារ​ខ្ញុំ ៣ លាន ៦០ ម៉ឺន​រៀល និង​រឹប​អូស​យក​ធ្យូង ដោយ​ចោទ​ថា ខ្ញុំ​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃ​ឈើ គ្មាន​លិខិត​ស្មាម។ ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ទេ។ ខ្ញុំ​មិន​មែន​កាប់​ឈើ​មក​ដុត​ធ្វើ​ធ្យូង​ទេ។ ដឹក​ធ្យូង​លក់​ម្តងៗ ខ្ញុំ​បង់​តាម​ផ្លូវ​អស់​ប្រហែល​ជា ២២ ម៉ឺន​រៀល»។

លោក​បន្ថែម​ថា លោក​បាន​ចូល​ទៅ​ជួប​ប្រធាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត ចំនួន​បួន​ដង ហើយ​បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ កាល​ពី​សប្តាហ៍​មុន សុំ​បង់​ត្រឹម ១ លាន​រៀល តែ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​មិន​ព្រម។ លោក​កំពុង​រង់​ចាំ​មើល​ចំណាត់​ការ​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ដោយ​អន្ទះ​សា ពី​ព្រោះ​បើ​គេ​ឃាត់​គោ​យន្ត​របស់​លោក​ទុក​ចោល លោក​គ្មាន​អ្វី​សម្រាប់​ភ្ជួរ​ធ្វើ​ស្រែ​ចម្ការ​នោះ​ទេ​។
លោក​សំ ចាន់​គា អ្នក​សម្រប​សម្រួស​សមាគម​អាដ​ហុក ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា ច្បាប់​រដ្ឋ​បាល​ព្រៃ​ឈើ នៅ​មាន​ចន្លោះ​ប្រហោង ពោល​គឺ​មិន​បាន​ចែង​ឲ្យ​បាន​ច្បាស់ រវាង​អ្នក​ដឹក និង​អ្នក​លក់​ធ្យូង។ លោក​បាន​គូស​បញ្ជាក់​ថា៖ «គាត់​ជា​អ្នក​ដឹក​ធ្យូង​លក់ យក​ប្រាក់​ចំណេញ មិន​មែន​ដឹក​ទៅ​បោះ​ដុំ ឲ្យ​ឈ្មួញ​ទេ។ បើ​គ្រាន់​តែ​ដឹក​លក់​បែប​នេះ​ចាប់​ដែរ វា​ខុស​គេ។ ចាប់​អី​តែ​គាត់​ម្នាក់​ហ្នឹង ត្រូវ​ធ្វើ​លើ​អ្នក​ផ្សេង​ដែរ​ទៅ»។
លោក​សំ ចាន់គា បាន​បន្ថែម​ថា តាម​ពិត មាន​ព័ត៌​មាន​រាយ​ការណ៍​ថា នៅ​ក្នុង​គោ​យន្ត​ដឹក​ធ្យូង​នោះ មាន​បង្កប់​ឈើ​ប្រណីត ទើប​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ ចាប់​យក​ទៅ​យ៉ាង​នេះ។ ប៉ុន្តែ​នៅ​ពេល​ឆែក​មិន​ឃើញ​មាន​ឈើ​ប្រណីត​នោះ​ទេ។
លោក​ស៊ិន កុសល់ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ខេត្ត​កំពង់​ឆ្នាំង បាន​បដិ​សេធ​មិន​ធ្វើ​អធិប្បាយ​ឡើយ ដោយ​គ្រាន់​តែ​មាន​ប្រ​សាសន៍​យ៉ាង​ខ្លី​ថា ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​កំពុង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។
ទាក់​ទង​ទៅ​នឹង​ការ​ចាប់​គោយន្ត​ដឹក​ធ្យូង​នេះ លោក អ៊ុង សំអាត មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ នៃ​ក្រសួង​កសិកម្ម បាន​មាន​ប្រសាសន៍​ថា ធ្យូង​កើត​មក​ពី​ការ​ដុត​ឈើ ដែល​មាន​ប្រភព​ពី​ព្រៃ​ឈើ។ លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «បើ​ធ្យូង​នោះ​ដុត​ពី​ឈើ ដែល​បាន​មក​ពី​ការ​កាប់​ស្ការ​ព្រៃ​ដោយ​ខុស​ច្បាប់ អញ្ចឹង​ធ្យូង​នោះ ក៏​វា​ខុស​ច្បាប់​ដែរ»។
លោក ក៏​បាន​គូស​បញ្ជាក់​ថា ៖«សំខាន់​គឺ​ប្រភព​ធ្យូង​នោះ តើ​បាន​មក​ពី​ណា?»៕

No comments:

Post a Comment

yes