សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

គណបក្សប្រឆាំង មិន​គាំទ្រ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ដោះដូរ​ភូមិ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ទេ​

ភ្នំពេញ: មន្ត្រី​គណបក្ស​ជំទាស់​ចំនួន ២ ដែល​មាន​អាសនៈ នៅក្នុង​សភាជាតិ មិន​បាន​សម្តែង​នូវ​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន ប្រទេស​វៀតណាម​ក្នុង​ការដោះដូរ​ភូមិ​មួយចំនួន នៃ​ខេត្ត ដែល​ស្តិត នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ​។​

​ក្រុម​សមាជិក​សភា​បក្សប្រឆាំង បាន​អះអាង​ថា នឹង​ធ្វើ​លិខិត​កោះហៅ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា មក​ឆ្លើយបំភ្លឺ​នៅក្នុង​សភាជាតិ នាពេលខាងមុខ​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ សមាជិក​សភា​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា "​ខ្ញុំ​យល់​ថា មិនគួរ​មាន​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ បើសិន​ដី​ខ្មែរ គឺជា​ដី​ខ្មែរ ជា​របស់​ខ្មែរ បើ​ដី​វៀតណាម ជា​របស់​វៀតណាម​។ មិន​អាច​ថា ដី​របស់​ខ្មែរ ដូរ​ឲ្យទៅ​វៀតណាម ហើយ​វៀតណាម ដូរ​ដី​ឲ្យ​ខ្មែរ​វិញ​នោះទេ​។ មិន​ដែល​ប្រទេស​ណាមួយ គេ​ធ្វើ​ការដោះដូរ​ដី​ទេ​។ ដូច្នេះ​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​នោះ វា​ជា​រឿង​មួយ​មិន​សមរម្យ​ទេ​"​។​

​ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​មានប្រសាសន៍ថា គណបក្ស​សមរង្ស៊ី អត់​គាំទ្រ​នៅ​លើ​កិច្ចព្រមព្រៀង នៃ​ការដោះដូរ​ភូមិ​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ព្រំ​ដែល​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ​។​


​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា "​គណបក្ស​សមរង្ស៊ី សូម​ប្រឆាំង​ដាច់ខាត ហើយ​សូម​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​កាត់​ដី​ខ្មែរ ទៅ​ឲ្យ​ប្រទេស​វៀតណាម​។ ដី​ខ្មែរ​ទាំងអស់​អត់​មាន​ការដោះដូរ​អ្វី​ទេ​។ ដី​ខ្មែរ​កាលពីមុន​ឆ្នាំ​១៩៤៩ គឺ​២១ ខេត្ត​ក្រុង​ឯណោះ នៅ​វៀតណាម​សព្វថ្ងៃ ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម​។ ដូច្នេះ​កុំមក​និយាយថា ដី​នៅ​ភូមិ​នេះ ដី​នៅ​កន្លែង​នោះ សុទ្ធតែ​ជា​របស់​វៀតណាម​។ អត់​មាន​ទេ គឺជា​ដី​របស់​ខ្មែរ​ទាំងអស់​”​។​

​លោក​យឹម​សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​បញ្ជាក់ទៀតថា គណបក្ស​សមរង្ស៊ី​សូម​ប្រឆាំង​ដាច់​ខាត់​នូវ​ទង្វើ​ទាំងឡាយណា ដែល​កាត់​ដី ទោះ​តែមួយ​ចង្អា​ម ទៅ​ឲ្យ​វៀតណាម ក៏​គណបក្ស​សមរង្ស៊ី ប្រឆាំង​ដាច់ខាត​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូបនេះ បាន​មានប្រសាសន៍​បន្ត​ថា គណបក្ស​សមរង្ស៊ី ធ្លាប់​បាន​សរសេរ​លិខិត​ជាច្រើន​លើក​មក​ហើយ សុំឲ្យ​រាជរដ្ឋាភិបាល​មក​បំភ្លឺ​បញ្ហា​ព្រំដែន ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ អត់​មាន​ការឆ្លើយបំភ្លឺ​ណាមួយ ឲ្យ​សមស្រប​ទេ នៅក្នុង​រដ្ឋសភា ដើម្បី​ឲ្យមាន​ការសួរដេ​ញ​ដោល​គ្នា សម្រាប់​ការឆ្លុះបញ្ចាំង​នូវ​ការ​ពិត​នោះទេ​។​

​លោក យឹម សុវណ្ណ បាន​ចោទប្រកាន់​ថា "​អ្វីៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​នេះ បំរើ​ឲ្យ​បរទេស​។ គណបក្ស​សមរង្ស៊ី មិនបាន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម កាលពី​ឆ្នាំ​២០០៥ នោះទេ ពីព្រោះ​យើង​ដឹង​រួចស្រេច​ទៅ​ហើយ​ថា ការ​ដែល​យក​សន្ធិសញ្ញា​បន្ថែម ហើយ​និង​សន្ធិសញ្ញា​មួយចំនួន ដែល​គណបក្ស​ប្រជាជន បាន​ធ្វើ​ជាមួយ​វៀតណាម នៅ​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៨០ នោះ គឺ​ប៉ះពាល់​នូវ​ផលប្រយោជន៍​ជាតិ បាត់បង់​ទឹកដី​។ ទាំង​ភស្តុតាង​ជាក់ស្តែង ទាំង​ក្របខណ្ឌ​ច្បាប់ ដែល​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទាំង​សាក្ស៊ី​នៅរ​ស់ និង​សាក្សី​រស់នៅ​តាម​បណ្តោយ​ព្រំដែន គឺ​បាន​បង្ហាញឲ្យឃើញថា ការអនុវត្ត​សន្ធិសញ្ញា​បន្ថែម​នេះ ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​។ ហេតុដូច្នេះ​ហើយ គណបក្ស​សមរង្ស៊ី​ចាប់តាំងពី​ឆ្នាំ​២០០៥ មក មិន​គាំទ្រ​ដាច់ខាត​សន្ធិសញ្ញា​បន្ថែម ហើយ​គណបក្ស​សមរង្ស៊ី នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យមាន​ការឆ្លើយបំភ្លឺ ចំពោះ​សភាជាតិ លើ​ករណី នៃ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ពលរដ្ឋ​ខ្មែរ នៅ​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​និង​ចាត់​បញ្ជូន​ប្រតិភូ​គណបក្ស​ចុះ​ត្រួតពិនិត្យ នៅតាម​បណ្តោយ​ព្រំដែន​ទាំង​នោះ នា​ពេល​ឆាប់ៗ​"​។​

​សូម​រម្លឹកថា លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ ទទួលបន្ទុក​កិច្ច​ព្រំដែន​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ បាន​មានប្រសាសន៍​ពន្យល់​ថា ការដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​យោងតាម​កិច្ចព្រមព្រៀង​ជាមួយគ្នា​នោះ នឹង​ចាប់ផ្តើម​ចេញពី​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ ដែល​ជា​ស្រុកកំណើត​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​ជាតិ​មុន​គេ​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ការដោះដូរ​ភូមិ នៅតាម​បណ្តោយ​ព្រំដែន​នោះ គឺ​មិន​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ឡើយ​។ ការដោះដូរ​ភូមិ​នោះ ដើម្បី​រក្សា​ទុក​ភូមិ​ខ្មែ​រណា ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ ដោយ​ទុក​បញ្ចូល ក្នុង​ទឹកដី​កម្ពុជា​ដូចដើម​។ 

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បន្ទោស​លើ​អាណា​ព្យាបាល​បារាំង ដែល​បាន​គូស​ផែនទី កាត់​ដី​ភូមិ​កម្ពុជា ចូល​ទៅក្នុង​ទឹកដី​វៀតណាម ហើយ​ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម រៀបចំ​បោះបង្គោល​កំណត់ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ឆ្នាំ​២០០៦ ទើប​តម្រូវឲ្យ​មាន​ការដោះដូ​រ​ដី​ភូមិ តាម​បណ្តោយ​ព្រំដែន​៕​

No comments:

Post a Comment

yes