ដោយ ជន ស្រីណុច និង អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី19 មិថុនា ឆ្នាំ2012 ម៉ោង12:02
មានសេចក្តីរាយការណ៍ថា ពលករខ្មែរប្រមាណជា ៤០នាក់ ដែលទៅធ្វើការនៅប្រទេសថៃនោះ ត្រូវបានតំរួតថៃចាប់ឃុំខ្លួន ដោយចោទថា អត់មានលិខិតឆ្លងដែន ខណៈ៧នាក់ទៀតរត់ចូលព្រៃគេចខ្លួន។
ពលករម្នាក់ ឈ្មោះ លឹម ស្រ៊ាន់ ស្រុកកំណើតនៅឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា មានពលករប្រមាណជា ៥០នាក់ បានដាក់ពាក្យទៅធ្វើការនៅថៃ តាមរយៈក្រុមហ៊ុនអេភីធីអេសអិល នៅខណ្ឌស្ទឹងមានជ័យ ហើយក្រុមហ៊ុនបង្គាប់ឲ្យពលករបង់ប្រាក់ក្នុងម្នាក់ ១៥០ដុល្លារ បន្ទាប់មកក៏បញ្ជួនទៅធ្វើការ នៅក្រុមហ៊ុនសំណង់មួយ នៅប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ស្រាប់តែមានតំរួតថៃ មកតាមចាប់ពួកគេ ដោយសារពលករទាំងនោះ អត់មានលិខិតឆ្លងដែន ៖”ខ្ញុំគិតថា សុំ passport គេឡើងទៅខ្មែរវិញបាទ! ខ្ញុំគិតទៅមេក្រុមហ៊ុនហ្នឹងម៉ង មិនដឹងគេឲ្យមិនឲ្យ។ ខ្ញុំមិនទាន់ដឹងដែរ ខ្ញុំមិនទាន់បានទៅជួបគ្នាផង បើឲ្យខ្ញុំនៅទៀតក៏នៅមិនកើតក៏គង់តែគេចាប់ដដែលនៅធ្វើម៉េចបើ passport នេះគ្មានលទ្ធផលអីសោះ ប៉ុណ្ណឹងហើយក្រុមហ៊ុនខ្មែរគ្មានចេញជួយដោះស្រាយប៉ុនកូនដៃដែរ គេបញ្ជូនមក មកហើយអត់មានជួយដោះស្រាយអីផង ព្រលែងចោលដូចមាន់អត់មេអញ្ចឹង”។
ពលកររូបនេះបន្តថា សូមឲ្យក្រុមហ៊ុនប្រគល់លិខិតឆ្លងដែនមកពួកគាត់វិញ ដើម្បីត្រលប់ទៅផ្ទះ ព្រោះពេលនេះ កងតំរួតថៃបានឆែកឆេរយកលុយអស់ហើយ ។
ប្រធានការិយាល័យអន្តោប្រវេសន៍បរទេស និងជាប្រធានក្រុមសំភាសន៍ពលករនៅប្រចាំប្រទេសថៃ លោក ឆន វត្ថា មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងរឿងនៅឡើយទេ ព្រោះឥឡូវនេះមកលេងនៅកម្ពុជា ។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ មានប្រសាសន៍ថា នេះជាការធ្វេសប្រហែសរបស់ក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសថៃ ៖”បញ្ហានេះវាជាកំហុសបច្ចេកទេសសុទ្ធសាទរបស់ក្រុមហ៊ុន ជ្រើសរើសពលករនៅខ្មែរយើង ពួកគាត់ទៅតាមក្រុមមួយឈ្មោះថា APTSE គឺអ្វីដែលសំខាន់ស្ថានទូតខ្មែរត្រូវអន្តរាគមន៍រឿងហ្នឹង ព្រោះឥឡូវហ្នឹងគាត់ការងារក៏អត់មានធ្វើ លុយគ៏មានទៀត”។
VOD មិនអាចទាក់ទងសុំការបំភ្លឺ ពីតំណាងក្រុមហ៊ុនអេភីធីអេសអិលបានទេ។
គួរបញ្ជាក់ថា នេះមិនមែនជាករណីលើកទីមួយទេ នៅក្នុងឆ្នាំ២០១២នេះ ដែលពលករខ្មែរមួយចំនួនទៅធ្វើការនៅក្រៅប្រទេស ទទួលរងគ្រោះបែបនេះ៕
No comments:
Post a Comment
yes