អ្នកវិភាគ និងអ្នកឃ្លាំមើលការបោះឆ្នោត បានលើកឡើងថា លោក សម រង្ស៊ី គួរតែវិលចូលស្រុកដើម្បីដឹកនាំគណបក្សប្រកួតប្រជែងការបោះឆ្នោតខាងមុខវិញ ទោះបីជាប្រឈមនឹងការចាប់ខ្លួនក្ដី បើសិនជាលោក សម រង្ស៊ី តាំងខ្លួនជាអ្នកនយោបាយនោះ។
ការលើកឡើងដូច្នេះ នៅគ្រាដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសមិនឲ្យលោក សម រង្ស៊ី ឈរឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ ពីព្រោះលោក សម រង្ស៊ី ជាទណ្ឌិតទៅហើយនោះ។
ក្រុមអ្នកវិភាគបានពន្យល់ថា រដ្ឋាភិបាលកម្ពុជាបានដឹងខ្លួនច្បាស់ថា សហគមន៍អន្តរជាតិនឹងធ្វើអន្តរាគមន៍ឲ្យលោក សម រង្ស៊ី ចូលស្រុកវិញនៅពេលខាងមុខ ដូច្នេះហើយ ទើបរដ្ឋាភិបាលបានប្រកាសទប់ស្កាត់ជាមុនមិនឲ្យលោក សម រង្ស៊ី ចូលស្រុកវិញនោះ។
អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រកាសថា រដ្ឋាភិបាលកម្ពុជាមិនទទួលយកគំនាបណាមួយរបស់បរទេស ក្នុងករណីឲ្យលោក សម រង្ស៊ី វិលត្រលប់ចូលស្រុកវិញនោះ ពីព្រោះថារដ្ឋាភិបាលប្រាកដជាដឹងខ្លួនថា សហគមន៍អន្តរជាតិនឹងធ្វើអន្តរាគមន៍លើករណីលោក សម រស្ស៊ី ពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆិកា ខាងមុខ អង្គទូតនានានឹងលើកពីបញ្ហានេះ ហើយរដ្ឋាភិបាលនឹងពិបាកឆ្លើយ ពីព្រោះថា ការប្រួតប្រជែងនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យឲ្យមានតម្លាភាពនោះ ត្រូវតែមានវត្តមានមេដឹកនាំគណបក្សប្រឆាំង។
ទោះបីជាយ៉ាងនេះក្ដី លោក កែម ឡី បានអះអាងថា បញ្ហាទាំងអស់វាស្ថិតនៅលើព្រះមហាក្សត្រដែលជាប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ហើយព្រះមហាក្សត្រជាអ្នកធានានូវឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៥ កក្កដា ប្រកាសជាសាធារណៈថា លោក សម រង្ស៊ី ជាទណ្ឌិត ដូច្នេះមិនអាចឈរឈ្មោះបោះឆ្នោតបានទេ។
លោក កែវ រ៉េមី ជាប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោកបានឲ្យដឹងនៅក្នុងសន្និសីទកាសែតនោះថា ការធ្វើដូច្នេះ គឺរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែពង្រឹងការអនុវត្តច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
ឆ្លើយតបទៅនឹងករណី លោក កែម ឡី បានបំភ្លឺថា វាមិនមែនជាការពិតទេ ដែលថាកម្ពុជាកំពុងពង្រឹងច្បាប់ និងនីតិរដ្ឋនោះ។ លោក កែម ឡី បានបញ្ជាក់ថា ប្រសិនបើកម្ពុជាចង់ពង្រឹងនីតិរដ្ឋ និងឆ្លុះបញ្ចាំងអំពីតុលាការឯករាជ្យនោះ រដ្ឋាភិបាលគួរតែផ្ដល់ឱកាសឲ្យភាគីទីបី បើកការស៊ើបអង្កេតលើករណីកាត់ទោសលោក សម រង្ស៊ី។
បន្ថែមពីលើបញ្ហានេះ ក្រុមអ្នកវិភាគបានឲ្យដឹងថា ដំណើរការដឹកនាំប្រទេសនាពេលបច្ចុប្បន្ននេះ វាផ្ទុយពីប្រទេសមាននីតិរដ្ឋ ពីព្រោះថា និទ្ទណ្ឌភាពនៅតែបន្តកើតមាន តុលាការ ឬរដ្ឋាភិបាលអនុវត្តច្បាប់គ្មានតម្លាភាព មានន័យថា តុលាការបើកសវនាការចាត់ការទៅលើអ្នកនយោបាយ ដែលប្រឆាំងនឹងរដ្ឋាភិបាល ឬអ្នកគ្មានអំណាចបានឆាប់រហ័សកន្លងមក។
ដោយឡែកចំពោះអ្នកមានអំណាចវិញ តុលាការ ឬរដ្ឋាភិបាលមិនចាត់វិធានការតាមច្បាប់នោះឡើយ ដូចជាករណីលោក ឈូក បណ្ឌិត បានបាញ់ប្រហារទៅលើក្រុមកម្មករ និងករណីឃាតករបាញ់សម្លាប់លោក ជា វិជ្ជា និងករណីផ្សេងៗទៀត រដ្ឋាភិបាលមិនទាន់ចាប់ឃាតករយកមកផ្ដន្ទាទោសនៅឡើយ ទោះបីជាករណីនោះបានអូសបន្លាយពេលអស់ជាច្រើនឆ្នាំមកហើយក្ដី។
លោក កែម ឡី បានពន្យល់ថា រដ្ឋាភិបាលយកករណីលោក សម រង្ស៊ី មកចាត់ការតាមប្រព័ន្ធតុលាការ ហើយអះអាងថា ជារឿងពង្រឹងការអនុវត្តច្បាប់ និងនីតិរដ្ឋនោះ ជារឿងមិនត្រឹមត្រូវទេ។លោក កែម ឡី បានថ្លែងថា ប្រទេសកម្ពុជាត្រូវការពេលវេលាជាច្រើនឆ្នាំទៀត ដើម្បីមាននីតិរដ្ឋ ប្រសិនការដឹកនាំប្រទេសបែបរដ្ឋាភិបាលបច្ចុប្បន្ន មិនមានការផ្លាស់ប្ដូរទេនោះ។
ភ្ជាប់ទៅនឹងករណីលោក សម រង្ស៊ី នេះ ត្រូវបានអ្នកវិភាគ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានចាត់ទុកថា វាជារឿងនយោបាយសុទ្ធសាធ ទោះបីជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា វាមិនមែនជារឿងនយោបាយក្ដី។
ម្យ៉ាងទៀត ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានអធិប្បាយថា ការប្រកាសរបស់រដ្ឋាភិបាលនៅពេលនេះ ក៏វាជាប់ពាក់ព័ន្ធនឹងការបង្រួបបង្រួមគ្នារវាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែរ ពីព្រោះថា ទោះបីជាគណបក្សប្រជាជនកម្ពុជាមានសំឡេងគាំទ្រច្រើនក្ដី។ ប៉ុន្តែគណបក្សប្រជាជន ដែលកំពុងកាន់អំណាច មានការភ័យខ្លាចក្នុងការប្រកួតប្រជែងនៅពេលខាងមុខ ដូច្នេះហើយ ទើបរដ្ឋាភិបាលបច្ចុប្បន្នរិះរកគ្រប់វិធី ដើម្បីចាត់ការមេដឹកនាំគណបក្សប្រឆាំង។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការប្រកាសរបស់រដ្ឋាភិបាលនេះ គឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត អំពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងស្ថាប័នរដ្ឋាភិបាលមានទំនាក់ទំនងគ្នាជិតស្និត មានន័យថា គ.ជ.ប ក៏ប្រកាស រដ្ឋាភិបាលក៏ប្រកាសអំពីទណ្ឌិតពុំមានសិទ្ធិឈរឈ្មោះបោះឆ្នោត គឺសំដៅលើរួបលោក សម រង្ស៊ី នេះ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប អនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត សម្រាប់បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រ ហើយករណីបេក្ខជនជាទណ្ឌិតមិនមានសិទ្ធិឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ជាប្រធានគណបក្ស សម រង្ស៊ី បានសម្ដែងសុទិដ្ឋិនិយមថា លោកនឹងវិលចូលស្រុកវិញក្នុងពេលឆាប់ៗនេះ គឺនៅមុនពេលបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ខាងមុខ។
លោក សម រង្ស៊ី បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយតាមវីឌីអូខនហ្វឺរិន (Video Conference) ពីប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ កក្កដា នៅបន្ទាប់ពីលោកបានចុះហត្ថលេខាជាមួយលោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស ស្ដីពីការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានអះអាងថា ប្រទេសកម្ពុជានឹងមានការផ្លាស់ប្ដូរ ហើយលោកនឹងវិលចូលស្រុកវិញ។
ទាក់ទងទៅនឹងករណីនេះ អ្នកវិភាគបានលើកឡើងថា លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបាន លុះត្រាណាមានកិច្ចអន្តរាគមន៍ជាច្រើនពីសហគមន៍អន្តរជាតិ និងព្រះមហាក្សត្រ ពីព្រោះថា ព្រះមហាក្សត្រមានតួនាទីសំខាន់ក្នុងការពិនិត្យឡើងវិញ លើករណីលោក សម រង្ស៊ី ក្នុងការលើកលែងទោស ឬការសម្របសម្រួលផ្នែកនយោបាយ បើមិនដូច្នោះទេ ការវិលត្រលប់របស់លោក សម រង្ស៊ី នឹងមានវាសនាដូចលោក ម៉ម សូណង់ដូ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគបានអធិប្បាយថា អ្នកនយោបាយមិនត្រូវខ្លាចចំពោះការចាប់ខ្លួនណាមួយនោះទេ ពីព្រោះថា ប្រជាពលរដ្ឋនឹងដឹងការពិត ថាតើការចាប់ខ្លួននោះជារឿងត្រឹមត្រូវ ឬមិនត្រូវ ពីព្រោះថា ទង្វើរបស់តុលាការចាត់ការមកលើលោក សម រង្ស៊ី នោះ វាជារឿងនយោបាយ៕
No comments:
Post a Comment
yes