សកម្មភាពបណ្ដុះបណ្ដាលអ្នកញៀនថ្នាំញៀននៅក្នុងមជ្ឈមណ្ឌល
បន្សាបថ្នាំញៀនមួយកន្លែងកាលពីពេលកន្លងមក
ភ្នំពេញៈ កុមារម្នាក់ក្នុងមជ្ឈមណ្ឌលបន្សាបថ្នាំញៀនកម្ពុជាមួយ កន្លែងត្រូវបានបង្ខំឲ្យប្រព្រឹត្តអំពើរួមភេទតាមមាត់លើ ប្រដាប់ភេទរបស់មេបញ្ជាការយោធាម្នាក់ ចំណែកឯស្រ្តីនៅមជ្ឈមណ្ឌលដដែលនោះត្រូវបានរំលោភសេពសន្ថវៈរាល់ ថ្ងៃមិនចេះចប់។ នេះជាការរកឃើញថ្មីមួយក្នុងរបាយការណ៍របស់អង្គការឃ្លាំមើល សិទិ្ធមនុស្ស។
ការសិក្សាដែលមានចំណងជើងថា Torture in the Name of Treatment: Human Rights Abuses in Vietnam, China, Cambodia, and Lao PDR បកប្រែជាភាសាខ្មែរថា ការធ្វើទារុណកម្មក្នុងនាមព្យាបាល៖ ការរំលោភសិទិ្ធមនុស្សនៅវៀតណាម ចិន កម្ពុជា និងឡាវ ក៏បានរកឃើញផងដែរថា អ្នកជាប់ពន្ធនាគារកម្ពុជាត្រូវបានបង្ខំឲ្យសាងសង់ផ្ទះឲ្យ អនុរក្ស ហើយជាញឹកញាប់ត្រូវបានឃុំឃាំង បើទោះបីជាគ្មានភស្តុតាងច្បាស់លាស់ថាពួកគេញៀនថ្នាំក៏ដោយ។
ភស្តុតាងផ្អែកលើការព្យាបាលពុំមានទេពីមជ្ឈមណ្ឌលនៅក្នុងប្រទេស កម្ពុជា និងវៀតណាម ប៉ុន្តែបើទោះបីជាអ៊ីចឹង ហើយមានការរំលោភបំពានជាលក្ខណៈប្រព័ន្ធក៏ដោយ ក៏ប៉ុន្តែម្ចាស់ជំនួយ និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលធ្វើការជាមួយនឹងអាជ្ញាធររដ្ឋាភិបាល ពុំបានខិតខំប្រឹងប្រែងធ្វើអន្តរាគមន៍នោះទេ។
កុមារកម្ពុជាបានប្រាប់អង្គការឃ្លាំមើលសិទិ្ធមនុស្សអំពីរបៀប ដែលពួកគេត្រូវបានវាយដំ ឆក់នឹងដំបងអគ្គិសនី និងបង្ខំឲ្យប្រព្រឹត្តអំពើរួមភេទ ដោយបុគ្គល។
របាយការណ៍នោះបានស្រង់សម្តីកុមារអនាមិកម្នាក់ថា៖ «ការធ្វើសរសៃដែលខ្ញុំត្រូវធ្វើគឺផ្លូវភេទ..ប្រសិនបើខ្ញុំមិនធ្វើ គាត់នឹងវាយខ្ញុំ។ មេបញ្ជាការប្រាប់ខ្ញុំឲ្យ«ញ៉ាំការ៉េម» [បៀមប្រដាប់ភេទ]។ ខ្ញុំមិនព្រម គាត់ទះកំផ្លៀងខ្ញុំ...ការបៀមប្រដាប់ភេទបានកើតឡើងជាច្រើនលើក ច្រើនសា...តើខ្ញុំអាចប្រកែកបានដោយរបៀបណា?»។
អតីតស្រ្តីជាប់ឃុំជាច្រើននាក់បានរៀបរាប់ពីថាតើស្រ្តីដទៃ ទៀតត្រូវបានរំលោភផ្លូវភេទដោយរបៀបណា នៅពេលពួកគេត្រូវបានយកចេញពីកន្លែង ដោយយកលេស ពួកគេបានប្រព្រឹត្តកំហុស។
យោងតាមរបាយការណ៍ ស្រ្តីជាប់ឃុំម្នាក់ បាននិយាយថា៖ «ពេលខ្លះ ពួកគេរំលោភស្រ្តីតែម្នាក់ ៥ ថ្ងៃជាប់ៗគ្នា ព្រោះគ្មានស្រ្តីមកដល់ថ្មី...ពួកគេរំលោភស្រ្តីគ ប្រហែល ៥ ឬ ៦ ដង។ ខ្ញុំឃើញដោយផ្ទាល់ភ្នែក»។
«ពេលខ្លះទៀត ខ្ញុំឮនាងស្រែក ...ខ្ញុំគ្រាន់តែឮរបៀបដែល [នាង] ព្យាយាមបញ្ចេញសំឡេង»។
ក្នុងអំឡុងករណីរំលោភបំពានសិទិ្ធមនុស្សដទៃទៀត ដែលបានរកឃើញនៅមជ្ឈមណ្ឌលកម្ពុជា ក្នុងអំឡុងការសិក្សារយៈពេល ៥ ឆ្នាំ គឺ អ្នកជាប់ឃុំត្រូវបានចងកណ្តាលថ្ងៃ គ្មានម្ហូបអាហារ ឬទឹកជាច្រើនម៉ោង ហើយដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក។
លោក ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងថ្នាំញៀន នៅក្រសួងមហាផ្ទៃ បានរិះគន់ការចោទប្រកាន់នេះថា ជាការអង្កេតគ្មានមូលដ្ឋាន ធ្វើនៅក្រៅប្រទេស ហើយថា អង្គការឃ្លាំមើលសិទិ្ធមនុស្សគួរផ្តោតលើការជួយរដ្ឋាភិបាលបង្ក្រាបឧក្រិដ្ឋជន និងអ្នកផលិតគ្រឿងញៀន។
លោកបានបញ្ជាក់ថា៖ «ចំពោះការរំលោភសេពសន្ថវៈ ឬការរំលោភបំពាន ប្រសិនបើមានពាក្យបណ្តឹងពិតប្រាកដដាក់មកយើង អាជ្ញាធរខ្ញុំនឹងចុះទៅចាប់មន្រ្តីទាំងអស់ ប៉ុន្តែខ្ញុំមិនដែលបានឮ ឬឃើញរបាយការណ៍ពីការរំលោភ ឬបំពានលើស្រ្តី និងកុមារទេ»។ លោកបានបន្តថា ពុំមានការបង្ខំឲ្យធ្វើការងារ «ដូចក្នុងអំឡុងរបបខ្មែរក្រហមនោះទេ»។
លោកបានបន្ថែមថា៖ «អ្នកញៀនថ្នាំធ្ងន់ធ្ងរបង្កើតអសន្តិសុខសង្គម។ បទល្មើសតូចតាចអាចកើតឡើងគ្រប់ពេល នៅពេលពួកគេគ្មានប្រាក់ទិញថ្នាំញៀន ដូច្នេះពួកគេត្រូវបានចាប់ខ្លួនបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបថ្នាំញៀន»។
ប៉ុន្តែ Phil Robertson នាយករងប្រចាំអាស៊ីរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានថ្លែងថា ការរំលោភបំពានបានកើនឡើង ហើយលោកមិនអាចយល់ទេថាតើ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងម្ចាស់ជំនួយដែលធ្វើការជាមួយនឹងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទាន មិននិយាយអ្វីសោះនោះ។
លោកបានបន្តថា៖ «គេថាគេមានបុគ្គលិកចុះទៅជាប្រចាំ ដូច្នេះ សំណួរសួរថា៖ តើមូលហេតុអ្វីពួកគេទទួលស្គាល់ ឬដឹងពីការរំលោភបំពានសិទិ្ធមនុស្ស ដែលកើតឡើងនៅមជ្ឈមណ្ឌលទាំងនេះអ៊ីចឹង?»។
លោកបានបន្ថែមថា៖ «យើងបាននិយាយទៅអង្គការ UNICEF និងអ្នកដទៃទៀតអំពីករណីនោះ ហើយអ្វីដែលយើងទទួលបាននោះ គឺការសម្តែងនូវក្តីបារម្ភ ដែលវាអាក្រក់ក្រៃលែងដែលនេះកំពុងកើតឡើង ហើយនៅពេលយើងជំរុញពួកគេលើបញ្ហានេះ ហាក់បីដូចជាគ្មានអ្វីកើតឡើងឡើយ»។
របាយការណ៍នេះជំរុញឲ្យទីភ្នាក់ងារ និងម្ចាស់ជំនួយ អំពាវនាវឲ្យបិទមជ្ឈមណ្ឌលបន្សាបថ្នាំទាំងអស់ ដោះលែងអ្នកជាប់ឃុំទាំងអស់ ស៊ើបអង្កេតលើករណីរំលោភបំពាន និងបង់សំណងដល់ជនរងគ្រោះ។
កាលពីថ្ងៃទី ១២ ខែមីនា ទីភ្នាក់ងារអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលអំពាវនាវយ៉ាងច្បាស់ឲ្យបិទមជ្ឈមណ្ឌលបន្សាបថ្នាំ ហើយដោះលែងជនជាប់ឃុំដោយគ្មានការយឺតយ៉ាវឡើយ។
លោក Olivier Lermet អ្នកគ្រប់គ្រងប្រចាំប្រទេសនៃការិយាល័យអង្គការសហប្រជាជាតិទទួល បន្ទុកបញ្ហាថ្នាំញៀន និងឧក្រិដ្ឋកម្ម បានថ្លែងថា ទីភ្នាក់ងារនាំមុខក្នុងសកម្មភាពតស៊ូមតិលើបញ្ហានេះ ហើយបានធ្វើឲ្យអាជ្ញាធរ និងសង្គមស៊ីវិលចូលរួមក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាលតាមសហគមន៍។
លោក បានបញ្ជាក់ថា៖ «យើងត្រូវដាក់ជ័រកៅស៊ូលើថ្នល់ ដើម្បីបង្កើតកម្មវិធីស្ម័គ្រចិត្តទាំងនេះ»។
ទីភ្នាក់ងារនេះបានសង្ឃឹមថា គំនិតផ្តួចផ្តើមមួយនេះ ដែលបានបង្កើតឡើងនៅខេត្តបន្ទាយមានជ័យ អាចចម្លងតាមបាន នៅទូទាំងប្រទេស ប៉ុន្តែកង្វះនៃហិរញ្ញវត្ថុមានន័យថា «ម៉ូដែលនៃមជ្ឈមណ្ឌលបន្សាបដោយបង្ខំបន្តមានជាទូទៅ»។
លោក បានបន្ថែមថា៖ «គ្មានទីភ្នាក់ងារអង្គការសហប្រជាជាតិគាំទ្រមជ្ឈមណ្ឌលបន្សាបថ្នាំដោយបង្ខំនេះឡើយ»។
មជ្ឈមណ្ឌលយុវនីតិសម្បទានក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ដែលអាជ្ញាធរបានបញ្ជូនកុមារសង្ស័យថា ប្រើប្រាស់ថ្នាំញៀនទៅនោះ ត្រូវបានបិទទ្វារ បន្ទាប់ពីរបាយការណ៍របស់អង្គ-ការឃ្លាំមើលសិទិ្ធមនុស្ស២០១០ បានចោទប្រកាន់ពីការរំលោភបំពានសិទិ្ធមនុស្សធ្ងន់ធ្ងរដែលបាន ប្រព្រឹត្តនៅទីនោះ។
មជ្ឈមណ្ឌលនោះបានប្រើយានយន្តដែលផ្តល់ដោយអង្គការ UNICEF តាមរយៈកម្មវិធីដែលឧបត្ថម្ភដោយសហគមន៍អឺរ៉ុប។
លោក David Harding ទីប្រឹក្សាបច្ចេកទេសនៃអង្គការ Friends International បានថ្លែងថា ប៉ុន្តែ អាជ្ញាធរបានបន្តបញ្ជូនមនុស្ស និងកុមារ ដែលមិនមែនជាអ្នកញៀនថ្នាំ ដែលអាជ្ញាធរប្រមូលក្នុងអំឡុងពេលបោសសម្អាតផ្លូវ នៅមុនបុណ្យជាតិ និងព្រឹត្តការណ៍សំខាន់ៗ។
លោក បានបន្ថែមទៀតថា៖ «កុមារមិនគួរស្ថិតនៅមជ្ឈមណ្ឌលបន្សាបថ្នាំទាំងស្រុងនោះ ទេ។ ប៉ុន្តែបច្ចុប្បន្ន គោលនយោបាយគ្រប់គ្រងមជ្ឈមណ្ឌលថ្នាំញៀនទាំងនេះហាក់ដូចជានៅ មានកម្រិតណាស់ នៅពេលនេះ»។
ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយការចោទប្រកាន់អំពីកង្វះនៃ ដំណើរការតាមផ្លូវច្បាប់ក្នុងប្រព័ន្ធបន្សាបថ្នាំញៀនទេនោះ ការរំលោភសិទិ្ធ និងការព្យាបាលគ្មានប្រសិទ្ធភាពទាំងស្រុង ការវាយប្រហារលើមជ្ឈមណ្ឌលនេះ នឹងបន្តមាន។
មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានមិនអាចទាក់ទងបានទេ នៅកាលពីថ្ងៃម្សិលមិញ៕ TK រាយការណ៍បន្ថែមដោយ JUSTINE DRENNAN
No comments:
Post a Comment
yes