សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ម៉ី រដ្ឋា អតីត​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ


ភ្នំពេញៈ អតីត​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម លោក ម៉ី រដ្ឋា ត្រូវ​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ កាល​ពី​ម្សិលមិញ ​ឲ្យ​ជាប់​គុក ២ឆ្នាំ តែ​ទោស​នេះ​ត្រូវ​បាន​ព្យូរ និង​បាន​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ហើយ​និង​បង្គាប់​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្តឹង​ចំនួន ១៤០.០០០ ដុល្លារ​ផង។
លោក​ស្រី​ចៅក្រម គឹម ដានី នៃ​សាលាដំបូង​ភ្នំពេញ​បាន​អាន​សាលក្រម​សម្រេច​ពី​ម្សិលមិញ​ថា​៖ «ឈ្មោះ ម៉ី រដ្ឋា អាយុ​៣៩​ឆ្នាំ​ ជា​អ្នក​ជំនួញ​និង​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម​ ត្រូវ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ តែ​ទោស​នោះ​ត្រូវ​​បាន​ព្យូរ​និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​១០ លាន​រៀល ​និង​សង​ជំងឺ​ចិត្ត​ជា​ប្រាក់​១៤០.០០០​ដុល្លារ​អាមេរិក​ទៅ​លោក ឈន សារ៉ាណេ អាយុ​៣៦​ឆ្នាំ ដែល​ជាដើម​បណ្តឹង»។​
លោក​ស្រី​បញ្ជាក់​ថា ម៉ី រដ្ឋា ត្រូវ​តុលាការ​ចោទ​ប្រកាន់​កាលពី​ឆ្នាំ​២០០៩​ ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​តាម​មាត្រា ​៣៩១ និង​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​  ពាក់ព័ន្ធ​និង​ការ​ចេញ​សែក​មាន​តម្លៃ ២៥០.០០០​ដុល្លារ​ ប៉ុន្តែ​គ្មាន​សាច់​ប្រាក់​ទៅ​ឲ្យ​លោក​ ឈន សារ៉ាណេ ជា​អ្នក​ជំនួញ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨។
តាម​លោក​ស្រី​ចៅក្រម​ថា តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ម៉ី រដ្ឋា តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ។ ឥឡូវ​នេះ​ ម៉ី រដ្ឋា កំពុង​គេច​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​។

ជន​ជាប់​ចោទ ​ម៉ី រដ្ឋា និង​មេធាវី ការពារ​មិន​អាច​ទាក់ទង ដើម្បី​សុំការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។
លោក កៅ ស៊ូផា មេធាវី​លោក ឈន​សារ៉ាណេ ជាដើម​បណ្តឹង​មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​ប្រឆាំង​ជំទាស់​ម៉ី រដ្ឋា គឺ​អាច​ទទួល​យក​បាន ក៏​ប៉ុន្តែ​ការ​ផ្តន្ទាទោស​គាត់ គឺ​មិន​អាច​ទទួល​យក​បាន​ទេ។​
លោក​មេធាវី បាន​ថ្លែងថា​ ៖ «ខ្ញុំ​គិត​ថា ​សេចក្តី​សម្រេច​របស់​តុលាការ​ទាក់ទង​នឹង​ការ​ផាក​ពិន័យ​និង​ការ​សង​ជំងឺ​ចិត្ត គឺ​សម​នឹង​ទទួល​យក​បាន។
លោក​បញ្ជាក់​ថា៖«​ប៉ុន្តែ​ចំពោះ​ការ​សម្រេច​ផ្តន្ទាទោស​ លោក ម៉ី រដ្ឋា គឺ​មិន​សម​នឹង​សកម្ម​ភាព​ជា​ទោស​កំហុស​គាត់​ទេ ដែល​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ឡើយ»។
ទាក់ទង​នឹង​ការ​ប្តឹង​ឧទ្ធរណ៍ វិញ លោក កៅ ស៊ូផា បញ្ជាក់​ថា៖«ឥឡូវ​នេះ​ខ្ញុំ​មិន​ទាន់​សម្រេច​​ថា តើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ឬ​មិន​ប្តឹង​នៅ​ឡើយ​។ ខ្ញុំ​នៅ​រង់​ចាំ​ពិភាក្សា​ជាមួយ​កូន​ក្តី​ខ្ញុំ​សិន»។​
យោង​តាម​ឯកសារ​តុលាការ​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ​នោះ លោក ម៉ី រដ្ឋា ត្រូវបាន​តែង​តាំង​ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម នៅ​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១០ ហើយ​មុខ​តំណែង​នេះ ត្រូវ​បាន​សម្រេច​ដក​ចេញ​វិញ ដោយ​ព្រះ​រាជក្រឹត្យ ចុះ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១១៕ SP

No comments:

Post a Comment

yes