លោក វុទ្ធីកាលនៅរស់
ភ្នំពេញៈ គ្រួសារសកម្មជនបរិស្ថានដែលត្រូវគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ថា នឹងធ្វើបុណ្យខួប១០០ថ្ងៃនៃមរណភាពរបស់លោក ឈុត វុទ្ធី ក្នុងពេលដែលឃាតកដៃដល់នៅមិនទាន់រកឃើញ បើទោះជាសាក្សីផ្ទាល់ភ្នែក៦នាក់ ត្រូវបានសួរចម្លើយរួចហើយក៏ដោយ។
ការបញ្ជាក់ជាផ្លូវការលើករណីឃាតកម្មនេះ គឺថា លោក ឈុត វុទ្ធី ត្រូវបានសម្លាប់ដោយមន្រ្តីកងរាជអាវុធហត្ថ លោក អ៊ិន រតនា ដែលបន្ទាប់មកត្រូវបានបាញ់ដោយ រ៉ាន់ បូរ៉ាត ជាសន្តិសុខដែលធ្វើការឲ្យក្រុមហ៊ុនTimbergreen ក្រុមហ៊ុនកាប់ឈើ ដែលលោក ឈុត វុទ្ធី កំពុងស៊ើបអង្កេតពេលនោះ បើទោះអ្នកស៊ើបអង្កេតបានខំប្រឹងប្រែង៣លើក ក្នុងការជ្រើសយកព្រឹត្តិការណ៍មករៀបរាប់ក្តី។
ប៉ុន្តែគ្មានសាក្សីណាម្នាក់ ដែលនៅចំណុចវាលបី ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី ២៦ ខែមេសាបានឃើញពីការសម្លាប់លោក ឈុត វុទ្ធីជាក់ស្តែងនោះទេ ដែលជាសកម្មជនក្បាលរឹងមានការប្តេជ្ញាចិត្ត មានមិត្តក៏ច្រើន សត្រូវក៏ច្រើន។
ទាហានពាក់ម៉ាស់ ដែលមានក្នុងរូបថតដែលថតបានក្បែររថយន្តរបស់លោកឈុត វុទ្ធី ភ្លាមៗបន្ទាប់ពីគាត់ត្រូវបាញ់សម្លាប់នោះ ជាសាក្សីដែលក្រុមសិទិ្ធមនុស្សជឿថា អាចជាមនុស្សសំខាន់ក្នុងការស្វែងរករឿងហេតុពិតដែលបានកើត ឡើងនៅថ្ងៃនោះ តែសាក្សីនោះមិនត្រូវក្រុមស៊ើបអង្កេតកោះហៅឡើយ។
គ្រួសាររបស់លោក ឈុត វុទ្ធី ចង់បានចម្លើយ ហើយកូនប្រុសលោកឈ្មោះ ឈឿយ ឧត្តមរស្មី បានថ្លែងពីម្សិលមិញថា គេកំពុងត្រៀមធ្វើដំណើរទៅសាលាដំបូងខេត្តកោះកុង បន្ទាប់ពីពិធីបុណ្យ ១០០ថ្ងៃ ដើម្បីទទួលបានចម្លើយទាំងនេះ។ ឧត្តមរស្មី និយាយថា៖ «ខ្ញុំនឹងរកមេធាវីឲ្យជួយខ្ញុំក្នុងរឿងក្តីនេះ ដើម្បីរកយុតិ្តធម៌ឲ្យព្រលឹងឪពុកខ្ញុំ»។
អ្នកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ ថ្លែងថា សំណួរទាំងនេះ គឺជុំវិញបុរសពាក់ម៉ាស់ ដែលអ្នកស៊ើបអង្កេតមិនអាចកំណត់អត្តសញ្ញាណបាន ជាអ្នកឃើញពេលលោក ឈុត វុទ្ធី ត្រូវគេបាញ់។ លោកស្រីបន្តថា ៖ «គាត់ជាកងរាជអាវុធហត្ថ ហើយតាមយើងបានដឹង តុលាការមិនបានសួរចម្លើយគាត់ទេ»។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលប្រចាំខេត្តកោះកុងរបស់អង្គការអាដហុក ស្គាល់បុរសនោះត្រឹមឈ្មោះ ឈន ហើយថា បុរសម្នាក់ទៀតឈ្មោះ ឯក សូអឿន មិនត្រូវបានសួរចម្លើយទេ ទោះបានមើលឃើញការបាញ់សម្លាប់នោះក៏ដោយ។
លោកបន្តថា ៖ «យើងចង់ស្នើសុំតុលាការឲ្យកោះហៅមនុស្ស២នាក់ទៀត ទៅសាកសួរព្រោះពួកគេស្ថិតនៅកន្លែងកើតហេតុ ហើយក៏មានឈ្មោះក្នុងរបាយការណ៍ប៉េអឹមផងដែរ»។
សាក្សីដទៃទៀតរាប់បញ្ចូលទាំងអ្នកសារព័ត៌មាន ២ នាក់ ដែលលោក ឈុត វុទ្ធី ធ្វើដំណើរជាមួយសមាជិកកងរាជអាវុធហត្ថ ឃាតកសង្ស័យ អ៊ិន រតនា លោក រ៉ាន់ បូរ៉ាត និងបុគ្គលិករបស់ក្រុមហ៊ុន Timbergreen ម្នាក់ទៀត។
ឪពុករបស់ រ៉ាន់ បូរ៉ាត ដែលកំពុងជាប់ឃុំរង់ចាំការជំនុំជម្រះ បានបដិសេធការចោទប្រកាន់មកលើកូនប្រុសរបស់លោក។
ក្រុមស៊ើបអង្កេតពិសេសមានសមាជិក៥នាក់ ដែលរាប់បញ្ចូលទាំងសមាជិកមកពីអង្គភាពព័ត៌មាននិងប្រតិកម្ម រហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចាប់ផ្តើមការស៊ើបអង្កេតលើករណីសម្លាប់លោក ឈុត វុទ្ធី ពីថ្ងៃទី ៣០ មេសា ហើយបានចោទប្រកាន់លោក រ៉ាន់ បូរ៉ាត ៤ ថ្ងៃក្រោយមក។
បន្ទាប់ពីការបាញ់សម្លាប់កងរាជអាវុធហត្ថ បានអះអាងថា លោកឈុត វុទ្ធី ត្រូវបានបាញ់ចំដោយគ្រាប់កាំភ្លើង AK-47 ដែលផ្លាតពីរថយន្តរបស់គាត់ និងថា លោក អ៊ិន រតនា បានបាញ់ខ្លួនឯង ២គ្រាប់នៅកន្លែងផ្សេងៗគ្នាដោយអាវុធតែមួយ។
ចាប់តាំងពីពេលនោះមក មន្រ្តីនៅតែស្ងាត់ស្ងៀមចំពោះករណីនេះ ដោយអ្នកធ្វើការក្នុងក្រុមស៊ើបអង្កេតមិនទទួលទូរស័ព្ទ ចំណែកឯលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ម្សិលមិញ គ្រាន់តែប្រាប់ថា លោកមិនបានទទួលរបាយការណ៍ថ្មីនៅឡើយទេ ប៉ុន្តែ«វាច្បាស់ហើយថា អ្នកសម្លាប់គាត់ក៏បានស្លាប់ហើយដែរ»។
ការពន្យល់បែបនេះជាការលួងលោមតិចបំផុតដល់មិត្តភ័ក្តិ និងគ្រួសារលោក ឈុត វុទ្ធី ដែលមិនជឿជាក់លើការរកឃើញសមត្ថកិច្ច ហើយបារម្ភថា សាធារណជននឹងមិនដឹងថា អ្នកណាជាអ្នកសម្លាប់លោកឈុត វុទ្ធី សកម្មជនមិនចេះនឿយហត់ ក្នុងការស៊ើបអង្កេតការកាប់ឈើខុសច្បាប់។
អ្នកផលិតខ្សែភាពយន្ត អ្នកអភិរក្ស និងមិត្តភ័ក្តិពីមុនរបស់លោក ឈុត វុទ្ធី គឺលោក Allan Michaud បានឲ្យដឹងថា សកម្មភាពនៃសកម្មជនបរិស្ថានក្នុងប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ចាប់តាំងពីព្រឹត្តិការណ៍សម្លាប់លោក ឈុត វុទ្ធី ។
លោកបានថ្លែងបន្ថែមទៀតថា៖ «វាពិតជាបានលើកកម្ពស់ការយល់ដឹងជាច្រើន ប៉ុន្តែ ក្នុងរយៈពេលខ្លី ខ្ញុំគិតថា មានផលប៉ះពាល់ខ្លាំងក្នុងការបន្ថយសកម្មភាពរបស់សកម្ម ជន ដោយបានបំភ័យពួកគេ»៕
No comments:
Post a Comment
yes