ថ្នាក់ដឹកនាំ គណបក្ស ប្រឆាំងធំចំនួនពីរនៅកម្ពុជា បានថ្លែងអះអាងថា នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០១៣ កម្លាំង អ្នកប្រជាធិបតេយ្យ នឹងឈ្នះឆ្នោត នៅក្រោម រួប គណបក្ស ថ្មីមួយ ដែលនឹងចេញរួបរាងនៅពេលឆាប់ៗនេះ ។
ថ្លែង នៅក្នុងសមាជជាតិ របស់គណបក្ស សិទិ្ធមនុស្ស នៅទីស្នាក់ការខ្លួន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២២ ខែកក្ដដានេះ លោកកឹមសុខា ប្រធាន គណបក្ស សិទិ្ធមនុស្ស បានថ្លែងដោយមោទនភាពថា តាមរយៈការធ្វើសមាហរណកម្ម កម្លាំងអ្នកប្រជាធិបតេយ្យ នៅតាមមូលដ្ឋាន និងថ្នាក់លើ រវាងគណបក្ស សិទិ្ធមនុស្ស និងគណបក្ស សមរង្ស៊ី គឺថ្ងៃខាងមុខ អ្នកជាតិនិយមនិងប្រជាធិបតេយ្យ រឹងមាំ ហើយឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតឆ្នាំ២០១៣ ។
កឹម សុខា ៖ «ដូរឬមិនដូរ ដូរ បងប្អួនគ្រប់គ្នាឆ្លើយថាដូ ប៉ុន្តែរហូតថ្ងៃនេះយើងមិនទាន់ធ្វើបានទាំងស្រុងនៅឡើយទេ យើងដូរបានត្រឹមថ្នាក់មូលដ្ឋានខ្លះតែប៉ុណ្ណោះ ដូច្នេះឆ្នាំ ២០១៣ យើងត្រូវដូរនាយករដ្ឋមន្ត្រី ដើម្បីសង្គ្រោះជាតិខ្មែរ ឲ្យរួចផុតពីអំពើឈ្លានពានរបស់បរទេស អំពើផ្តាច់ការ និងអំពើពុករលួយ ដូរមិនដូរ ដូ ដូរមិនដូរ ដូរ»។
ប៉ុន្តែ ប្រធាន គណបក្សសិទ្ធិមនុស្ស និងជាអនុប្រធាន ចលនា ប្រជាធិបតេយ្យ សង្រ្គោះជាតិ បានទទូចឲ្យ សកម្មជនរបស់លោកតាំងចិត្ត ឲ្យរឹងមាំ ហើយកុំចាញ់ ការគំរាមកំហែងពីប្រភពខាងក្រៅឲ្យសោះ ។
ថ្លែងចាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍សមាជាតិ លើកទីពីរ ដែលមានសកម្មជនបក្ស មកពីបណ្ដាខេត្តក្រុងនៅទូទាំងប្រទេស ចូលរួម ជាង ២០០០នាក់ លោកប៉ែន សុវណ្ណ អតីត នាយករដ្ឋមន្ត្រីនៃសម័យរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដែលបច្ចុប្បន្នជា អនុប្រធាន គណបក្សសិទិ្ធមនុស្ស បានថ្លែងថា លោកនិងប្រជាជនកម្ពុជា ពិតជារីករាយជាខ្លាំង ក្នុងការដែលកម្លាំងអ្នកស្នេហាជាតិ និងប្រជាធិបតេយ្យ រួបរួមគ្នា ។
សំរាប់លោកប៉ែន សុវណ្ណ ក៍សង្ឃឹម ថា អ្នកស្នេហាជាតិ នឹងឈ្នះឆ្នោត ។
នៅក្នុងពិធីសមាជជាតិ របស់គណបក្សសិទិ្ធមនុស្ស លើកទីពីរ នៅថ្ងៃអាទិត្យនេះ គេសង្កេតឃើញ ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ក៍បានចូលរួម និងថ្លែងចាប់អារម្មណ៍ នឹង ព្រឹត្តិការណ៍នេះដែរ ។
លោកយឹម សុវណ្ណ ក្នុងនាមអ្នកតំណាងរាស្រ្តគណបក្ស សមរង្ស៊ី និងជាអ្នកនាំពាក្យ ឲ្យ ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ បានថ្លែងដោយមោទនភាព ជាខ្លាំងថា ចាប់ពីថ្ងៃនេះតទៅ កម្លាំង រួបរួម របស់អ្នកប្រជាធិបតេយ្យ ពិតយកជ័យជំនះ ជាពុំខាននៅ ក្នុងបោះឆ្នោតឆ្នាំ ២០១៣។ លោកយឹម សុវណ្ណ អះអាងថា អ្នកប្រជាធិបតេយ្យចាប់ឈ្នះពីថ្ងៃនេះតទៅហើយ ។
យឹម សុវណ្ណ៖ កម្លាំងស្នូររបស់យើងបូកចូលគ្នា៣១ភាគរយរូចស្រេច បើគិតជាកៅអី ជិត៤០កៅអី ជិត៤០កៅអីនេះ ដកអភ័យឯកសិទ្ធិយើងលែងបានហើយ កុំស្រមើស្រមៃ តិចថា ហ្អេ!ចេញទៅវិញដកឲ្យហើយមិនបានទេ! នឹងមិនទាន់គិតបោះឆ្នោតដោយសេរីយុត្តិធម៌ផង មិនទាន់គិត២០ភាគរយចេញទៅបោះឆ្នោតផង បើតស៊ូឲ្យ គ ជ ប ឯករាជ្យ ការបោះឆ្នោតដោយសេរីនិងយុត្តធម៌ ឲ្យអ្នកនយោបាយចូលរូមទាំងអស់រូមទាំងលោកប្រធានសម រង្ស៉ីផង ហើយអ្នកបោះឆ្នោតចេញទៅបោះឆ្នោតតែ២០ភាគរយទៀតទេ ស៊ីដាច់បាត់»។
បើ ទោះជាយ៉ាងណា លោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានប្រាប់សំឡេងប្រជាធិបតេយ្យ កាលពីពេលថ្មីៗនេះថា គណបក្ស ប្រជាជននឹង មិន ខ្លាចញញើត អ្វីឡើយ បើទោះបីគណបក្សប្រឆាំងពីរនេះមានសំឡេង តែមួយចូលគ្នា ក៍ដោយ ។
សូមជម្រាបថា សមាជជាតិរបស់ គណបក្សសិទិ្ធមនុស្ស នៅថ្ងៃអាទិត្យនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីប្រតិភូរបស់ គណបក្សនេះ ដែលដឹកនាំដោយ លោកកឹម សុខា បានទៅចរចារ ជាមួយលោកសមរង្ស៊ី និងថ្នាក់ដឹកនាំគណប្សសមង្ស៊ី ទីក្រុងម៉ានិលប្រទេសហ្វីលីពិន ដោយសំរេចថា គណបក្ស សិទិ្ធមនុស្ស និង គណបក្សសមរង្ស៊ី នឹងមិនចុះបញ្ជីឈ្មោះបោះឆ្នោតសភាឆ្នាំ២០១៣នោះទេ ដោយមូលមតិគ្នា ថានឹងបង្កើត គណបក្សថ្មីដែលចេញពីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយទំនងមានឈ្មោះថា គណបក្សសង្រ្គោះជាតិដែលមានលោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន៕
No comments:
Post a Comment
yes