លោក អាប់)ភីស៊ីត អតីតនាយករដ្ឋមន្ត្រីថៃ
អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវា (Abhisit Vejjajiva) ចោទថា ប្រជាជនកម្ពុជា កំពុងឈ្លានពានទៅលើតំបន់ក្បែរប្រាសាទព្រះវិហារ ដោយការកាន់កាប់ដីរបស់ប្រជាជនកម្ពុជា នៅវត្តកែវសិក្ខាគីរីស្វារៈ និងផ្សារនៅតាមព្រំដែនមានជម្លោះ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែកក្កដា ដែលបានដកស្រង់សម្តីលោក Abhisit Vejjajiva ដែលគេស្គាល់ថា ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ឲ្យដឹងថា រដ្ឋាភិបាលថៃត្រូវតែតវ៉ាប្រឆាំងនឹងការកាន់កាប់ដីរបស់អ្នកភូមិកម្ពុជា ទៅតំបន់ព្រំដែនមានជម្លោះ ជុំវិញប្រាសាទព្រះវិហារ។
លោក Abhisit Vejjajiva និយាយថា រដ្ឋាភិបាលថៃ ត្រូវតែប្រាប់ទៅអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីថា វត្តកែវសិក្ខាគីរីស្វារៈ និងផ្សារនៅទីនោះ ជាចំណុចប្រទាញប្រទង់ ត្រូវពិនិត្យ និងដោះស្រាយ។ លោកថា តំបន់ទាំងអស់នោះ រំលោភបំពានទៅលើអនុស្សារណៈយោគយល់ ដែលចុះហត្ថលេខាកាលពីឆ្នាំ២០០០ ទៅលើព្រំប្រទល់នៃប្រទេសទាំងពីរ។ លោកថា ប្រទេសថៃ នៅតែតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការកាន់កាប់ដីរបស់ប្រជាជនកម្ពុជា តែលោកថា មិនទាន់មានវិធានការណ៍មួយនៅឡើយទេ ព្រោះប្រទេសថៃមិនចង់ឲ្យមានការប្រឈមគ្នា។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងលោកឧត្តមសេនីយទោ ស្រី ឌឹក មេបញ្ជាការកងពលអន្តរាគមន៍លេខ ៣ ប្រចាំតំបន់ប្រាសាទព្រះវិហារ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា កម្ពុជាបានកងទ័ពជិត ៥០០នាក់ ដោយដាក់ជំនួសមកវិញ នូវកម្លាំងនគរបាលការពារព្រំដែន នគរបាលបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ ២៥០នាក់និងកម្លាំងអាជ្ញាធរជាតិព្រះវិហារ ១០០នាក់។ ចំណែកឯភាគីថៃ ត្រូវបានរាយការណ៍ថា មានការដាក់ជំនួសកងល្បាតចំនួន ២០០នាក់។ ការដកកងទ័ពនេះ កម្ពុជាធ្វើឡើងដោយគោរពតាមដីកាបង្គាប់របស់តុលាការអន្តរជាតិទីក្រុងឡាអេ (ICJ)៕
No comments:
Post a Comment
yes