សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

កម្មករ​រោងចក្រ​តៃណាន​ដាក់​ញត្តិ​ស្នើ​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក


កម្មករ​រោងចក្រ​តៃណាន ឬ​អតីត​រោងចក្រ​តាយយៀន ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​សុំ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ជួយ​កម្មករ​ដែល​បាត់បង់​ប្រាក់​អត្ថប្រយោជន៍។
RFA/Den Ayuthyea
កម្មករ​កម្មការិនី​នៃ​សហគ្រាស​កាត់​ដេរ តាយ យៀន (Tai Yang) ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៤ នា​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០១២។
កម្មករ​រោងចក្រ​តៃណាន បាន​ជួប​ជុំ​គ្នា​ដាក់​ញត្តិ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា សុំ​ឲ្យ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ជួយ​អន្តរាគមន៍​ដាក់​សម្ពាធ​លើ​អ្នក​គ្រប់គ្រង​រោងចក្រ​ឲ្យ​ដោះស្រាយ​ប្រាក់​អត្ថប្រយោជន៍​កម្មករ​ចំនួន ៥​ចំណុច ដែល​សរុប​ជា​ទឹក​ប្រាក់​ទៅ​មាន​ចំនួន​ប្រមាណ ១៧០​ដុល្លារ​អាមេរិក សម្រាប់​កម្មករ​ម្នាក់​ក្នុង​មួយ​ឆ្នាំ។
ប្រាក់​អត្ថប្រយោជន៍​កម្មករ​ទាំង ៥ នោះ​រួម​មាន ប្រាក់​បណ្ដេញ​ចេញ ប្រាក់​ជូន​ដំណឹង ប្រាក់​សង​ជំងឺ​ចិត្ត ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​ខែ​ចុង​ក្រោយ។
កម្មការិនី​មួយ​រូប​ឈ្មោះ កុសល ជា​តំណាង​កម្មករ​តវ៉ា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មករ​មក​សុំ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ជួយ​នេះ ដោយសារ​ទំនិញ​ខោ​អាវ​ដេរ​ស្រាប់​ដែល​រោងចក្រ​តៃណាន ផលិត​នោះ ភាគ​ច្រើន​គឺ​យក​ទៅ​លក់​នៅ​ប្រទេស​អាមេរិក។

លោក រ៉ុង ឈុន ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ចូល​រួម​ជាមួយ​កម្មករ​ក្នុង​ការ​តវ៉ា​មាន​ប្រសាសន៍​ថា កម្មករ​ចង់​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ជួយ​ពួក​គេ។
ប្រភព​កម្មករ​បាន​ឲ្យ​ដឹង​ថា កម្មករ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​កម្មករ​យ៉ាង​តិច​ឲ្យ​បាន ១៣៥​ដុល្លារ​អាមេរិក សម្រាប់​កម្មករ​ម្នាក់​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ថៅកែ​រោងចក្រ​បាន​បដិសេធ និង​មិន​អាច​ផ្ដល់​ឲ្យ​លើស​ពី ៧០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ឡើយ។
លោក សន មគ្គិនថស្ស (Sean J. McIntosh) អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ឆ្លើយ​តាម​អ៊ីម៉ែល ឬ​សារ​អេឡិចត្រូនិក ឲ្យ​ដឹង​ថា ស្ថានទូត​បាន​ទទួល​ញត្តិ​កម្មករ​សុំ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ជួយ​នោះ​ហើយ និង​ស្ថានទូត​តាម​ដាន​មើល​ការ​វិវត្តន៍​របស់​កម្មករ​ដោយ​យក​ចិត្ត​ទុក​ដាក់។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក មិញ ហួ ប្រធាន​រដ្ឋបាល​រោងចក្រ​តៃណាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ចំពោះ​ការ​តវ៉ា​របស់​កម្មករ​ទាក់​ទង​ប្រាក់​អត្ថប្រយោជន៍​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៣ កក្កដា។
នៅ​ក្នុង​លិខិត​កម្មករ និង​កម្មការិនី​រោងចក្រ​តៃណាន បាន​ផ្ញើ​ជូន​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មាន​ខ្លឹមសារ​ជា​អាទិ​ថា កម្មករ កម្មការិនី រោងចក្រ​តៃណាន​បាន​ធ្វើការ​តវ៉ា​អស់​ពេល ៤​សប្ដាហ៍​មក​ហើយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ មិថុនា មក​ដល់​បច្ចុប្បន្ន​នេះ។ ការ​តវ៉ា​នេះ​មិន​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។ កម្មករ​បាន​ចោទ​ថា ថៅកែ​រោងចក្រ​បាន​រំលោភ​សិទ្ធិ​កម្មករ​ដោយ​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​ពី តាយយៀន មក តៃណាន កាល​ពី​ឆ្នាំ​២០១០ ដោយ​ពុំ​មាន​ជូន​ដំណឹង​ជា​សាធារណៈ​ឲ្យ​កម្មករ​ដឹង​ឡើយ។
កន្លង​មក​កម្មករ​បាន​ជួប​ដោះស្រាយ​២​លើក​ហើយ​ជាមួយ​តំណាង​រោងចក្រ ដោយ​មាន​ការ​ចូល​រួម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ការ​ចូល​រួម​របស់​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា ប៉ុន្តែ​មិន​បាន​ទទួល​ការ​ដោះស្រាយ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​១១ កក្កដា កម្មករ​ធ្លាប់​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ​ ហើយ​ត្រូវ​អាជ្ញាធរ​បង្ក្រាប​បណ្ដាល​ឲ្យ​សមាជិក​សហជីព​មួយ​រូប​របួស​ធ្ងន់​ទៀត​ផង៕

No comments:

Post a Comment

yes