តុលាការខេត្តស្វាយរៀងអត់បានហៅជនសង្ស័យដែលបាញ់កម្មករនោះ ចូលបំភ្លឺទៀតទេនៅថ្ងៃសុក្រនេះ ដោយចៅក្រមអះអាងថា ការដែលលោកបានប្រាប់អ្នកសារព័ត៌មានពីមុនមកថា នឹងបើកការសាកសួរម្តងទៀតនៅថ្ងៃនេះគឺជាការច្រឡំថ្ងៃ។
ប្រធានតុលាការខេត្តស្វាយរៀង លោក ប៉ិច ឈឿត ដែលកាន់សំណុំរឿងនេះ ប្រាប់ VOD ថាលោកច្រឡំថ្ងៃទេ ដែលពីមុនបានប្រាប់ថា ត្រូវកោះហៅជនសង្ស័យ ឲ្យចូលខ្លួនបំភ្លឺម្តងទៀត នៅថ្ងៃទី២៧ខែកក្កដានេះ តែលោក ឈូក បណ្ឌិត ត្រូវបានមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃសាកសួររួចរាល់តាំងពីថ្ងៃទី២០ខែកក្កដាមកម្ល៉េះ៖”អត់ផងខ្ញុំប្រាប់ថ្ងៃមុនដូចជាច្រឡំថ្ងៃទេ។ អញ្ចឹងលោកចៅក្រមលើកទីថ្ងៃណាវិញហើយ? ហៅមកសួរតាំងពីអាទិត្យមុនម្ល៉េះដូចជាទី២០មិនមែន២៧ទេ ។អញ្ចឹងមានន័យថាលោកចៅក្រមសួរថ្ងៃទី ២០ហើយហើយលោកចៅក្រម? ក្រុមអ្នកជំនាញទេគេអ្នកសួរមិនមែនចៅក្រមអ្នកសួរទេ។ខាងណាអ្នកសាកសួរ? ក្រុមជំនាញនៃអគ្គស្នងការនគរបាលជាតិ” ។
លោក ប៉ិច ឈឿត បន្តថាករណីលោក ឈូក បណ្ឌិត តុលាការមិនបានប្តូរបទចោទទេ ព្រោះស្ថិតនៅក្នុងការត្រួតពិនិត្យនៅឡើយ។ លោកបញ្ជាក់ថា មិនមានការឃុំខ្លួនលោកឈូក បណ្ឌិតទេ លុះត្រាតែជនសង្ស័យរូបនេះប្រព្រឹត្តខុសពីអ្វី ដែលសមត្ថកិច្ចបានកំណត់ក្នុងការត្រួតពិនិត្យរបស់តុលាការទើបឃុំខ្លួន។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចំាខេត្តស្វាយរៀង លោក ណុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ការដែលកោះហៅជនសង្ស័យទៅសាកសួរមុនពេលកំណត់នោះ គឺសមត្ថកិច្ច ព្យាយាមលាក់បាំងព័ត៌មាននៃរឿងរសើបមួយនេះ ៖”កោះហៅលោក ឈូក បណ្ឌិត មកសាកសួរគឺមិនដែលត្រូវថ្ងៃទេ តាំងពីដើមទីមកក្មួយ នេះបើយើងមើលមែនទែនទៅធាតុពិតជាក់ស្ដែងគឺចេតនា មិនមែនអចេតនាទេ គឺគេដាក់ថ្ងៃនេះសាកសួរថ្ងៃនោះ ហើយភាគ ច្រើនសាកសយរមុនថ្ងៃរហូត” ។
តុលាការខេត្តស្វាយរៀងធ្លាប់បានកោះហៅលោក ឈូក បណ្ឌិត ឲ្យឡើងបំភ្លឺពីរលើករួចមកហើយ ដោយលើកទីមួយ អតីតអភិបាលក្រុងបាវិតរូបនេះ ចូលបំភ្លឺស្ងាត់ៗមុនថ្ងៃកំណត់ និងលើកទីពីរមិនចូលខ្លួនទេ ដោយមេធាវីសុំពន្យាពេលដោយសារជនសង្ស័យទៅព្យាបាលជម្ងឺនៅថៃ។ចំណែកលើកទី៣ មន្រ្តីតុលាការថា លោក ឈូក បណ្ឌិត បានចូលបំភ្លឺជាមួយមន្រ្តីជំនាញក្រសួងមហាផ្ទៃ តាំងពីថ្ងៃទី២០ ខែកក្កដា គឺពេលកំណត់របស់តុលាការដែលថា ចូលបំភ្លឺនៅថ្ងៃសុក្រនេះ តែថាច្រឡំថ្ងៃនោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គាត ច័ន្ទថារិទ្ធិ អះអាងដូចគ្នានៅថ្ងៃសុក្រនេះថា លោកមិនបានដឹងថា មន្រ្តីជំនាញរបស់ក្រសួងនេះ បានសាកសួរលោក ឈូក បណ្ឌិត កាលពីថ្ងៃទី២០ខែកក្កដា ដូចប្រធានតុលាការខេត្តស្វាយរៀងអះអាងនោះទេ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កម្មការិនីដែលរងរបួស ៣នាក់ តាំងពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០១២ បានជំរុញម្តងទៀត ឲ្យតុលាការឆាប់កាត់ទោសជនសង្ស័យជាអតីតអភិបាលក្រុងបាវិតនោះ ខណៈពួកគេចូលបំភ្លឺជាថ្មីទៀត ដាក់បន្ទុកចំពោះការបាញ់ប្រហាររបស់លោក ឈូក បណ្ឌិត។
រហូតមកដល់ពេលនេះកម្មការិនីបានចូលបំភ្លឺ២ដងហើយ តែតុលាការនៅមិនទាន់កាត់ទោសជនល្មើសនៅឡើយ បើទោះជាជនសង្ស័យសារភាពក៏ដោយ។ ក្រុមសិទ្ធិមនុស្ស និងសហជីព បានទាមទារឲ្យតុលាការដូ បទចោទប្រកាន់ ដែលតុលាការបានចោទត្រឹមតែពីបទ បង្កររបួសដោយអចេតនានោះ៕
No comments:
Post a Comment
yes