បន្ទាប់ពីមានការបណ្តេញប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ចេញពីតំបន់ស្រែយក្ស
ភូមិកំពង់ក្តី ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៏សាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្រោមបញ្ជារបស់
លោក ឆេ ឈីវ ដែលជាអភិបាលស្រុកវាលវែង
ខេត្តពោធិ៏សាត់ ហើយបានចាប់ប្រជាពលរដ្ឋម្នាក់ ដែលជាជនពិការរស់នៅតំបន់នោះយកមកឃុំ
និងបានរុះរើផ្ទះសម្បែងប្រជាពលរដ្ឋនៅតំបន់នោះចោលគ្មានសល់រួចមក
សេចក្តីរាយការណ៏ពីខេត្តពោធិ៏សាត់ បានឲ្យដឹងថា ឥឡូវនេះអាជ្ញាធរខេត្តពោធិ៏សាត់ បានព្យាយាមលាក់បាំងព័ត៌មានអំពីការឃុំខ្លួនប្រជាពលរដ្ឋខាងលើនេះ ក្នុងរឿងជម្លោះដីធ្លី ដែលគេចាត់ទុកថាជាតំបន់អនាធិបតេយ្យ
ក្រោមការចោទពីបទចាប់យកដីរដ្ឋខុសច្បាប់និងបង្កើតតំបន់អបគមន៏ ។
បើតាមការឲ្យដឹងពីស្នងការនគរបាលខេត្តពោធិ៏សាត់លោក សារុន ចន្ធី ដែលបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា
ពលរដ្ឋដែលត្រូវបានឃាត់ខ្លូននោះ គឺស្ថិតនៅក្នុងចំណាត់ការរបស់រដ្ឋបាលព្រៃឈើ
ហើយលោកពុំបានដឹងព័ត៌មានលម្អិតអំពីការឃាត់ប្រជាពលរដ្ឋនោះទេរហូតមកដល់ពេលនេះ ។ លោកថាតាមលោកដឹងគឺពលរដ្ឋនោះខាងរដ្ឋបាលព្រៃឈើកំពុងរៀប
ចំបញ្ជូនសំណុំរឿងទៅតុលាការហើយ ។
ចំណែកឯលោក លី ជូបៀង ដែលជាប្រធានរដ្ឋបាលព្រៃឈើខេត្តពោធិ៏សាត់ ដែលត្រូវបានលោក សារុន
ចន្ធី ស្នងការនគរបាលខេត្តពោធិ៏សាត់ បានឆ្លើយដាក់ថាពលរដ្ឋដែលត្រូវបានឃាត់ខ្លូនពីតំបន់ស្រែយក្ស
ភូមិកំពង់ក្តី ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៏សាត់នោះ គឺស្ថិតនៅក្នុងចំណាត់ការរបស់រដ្ឋបាលព្រៃឈើ ត្រូវបានឯលោក លី ជូបៀង បដិសេធពុំធ្វើអត្ថាធិប្បាយពីករណីនេះទេ ដោយលោកតបយ៉ាងខ្លីថា លោកពុំបានដឹងឡើយ ព្រោះលោកជាប់រវល់ មិនបានចូលរួមក្នុងបេសកកម្មរឿងដីធ្លីជាមួយប្រជាពលរដ្ឋនៅតំបន់ខាងលើនេះទេ
។
រីឯលោក តន់ សីហតេជៈ ដែលជាតំណាងព្រះរាជអាជ្ញារងអមតុលាការខេត្តពោធិ៏សាត់វិញ បានឲ្យដឹងថា តាមលោកដឹងពលរដ្ឋដែលឃាត់ខ្លួននោះគឺស្ថិតនៅក្នុងដៃមន្ត្រី
រដ្ឋបាលព្រៃឈើនៅឡើយ ។
លោកបន្តថា គេពុំទាន់បានបញ្ជូនសំណុំរឿងមកដល់ខាងលោកនៅឡើយទេ ។ ប៉ុន្តែបើតាមលោក ថោង អុល
ប្រធានសាលាដំបូងខេត្តពោធិ៏សាត់អះអាងវិញថា
សំណុំរឿងនោះគឺស្ថិតនៅក្នុងដៃលោកចៅក្រម លី ចន្ថា ។
នៅពេលដែលមានការសាកសួរទៅ លោក
លី ចន្ថា ដើម្បីចង់ដឹងពីព័ត៌មានខាងលើនេះឲ្យពិតប្រាកដនោះ ថាតើប្រជាពលរដ្ឋជាជនពិការ
ដែលត្រូវបានអាជ្ញាធរចាប់នោះស្ថិតនៅទីកន្លែងណាឲ្យពិតប្រាកដ ត្រូវបានលោក
លី ចន្ថា ដែលជាចៅក្រមសាលាដំបូងខេត្តពោធិ៏សាត់ បានបដិសេធ ដោយពុំធ្វើអត្ថាធិប្បាយចំពោះរឿងនេះផងដែរ ដោយលោកគ្រាន់តែប្រាប់ថា លោកកំពុងតែជាប់រវល់ប្រជុំ ។
ចំណែកឯលោក ប៊ុល ស៊ុន
អាយុ ៦១ឆ្នាំ ដែលត្រូវអាជ្ញាធរចោទថាបង្កើតតំបន់អបគមន៏ ដែលកុំពុងតែគេចខ្លួននោះបាននិយាយថា លោកពុំបានដឹងថាលោក បុល
ដែលជាជនពិការត្រូវគេឃាត់ខ្លួននាំយកទៅណាទេនោះទេ ។ លោកថាកាលពីពេលកន្លងទៅនេះបន្ទាប់ពីមានការចាប់ខ្លួន
លោក បុល ដែលជាជនពិការ អាជ្ញាធរក៏បានចាប់ខ្លួនប្រជាបលរដ្ឋម្នាក់ទៀតឈ្មោះ ធឿន ផងដែរ ហើយក៏មិនដឹងថាគេយកទៅណានោះទេ ។ លោកថាបើលោកអាចចេញទៅភ្នំពេញបាន លោកនឹងរត់ទៅផ្ទះលោក ហ៊ុន សែន ដើម្បីឲ្យលោក ហ៊ុន សែន ជួយ ដោយលោកបានលើកឡើងថា ពួកលោកមិនបានធ្វើអ្វីខុសទេ ហេតុអីក៏គេមករុះរើផ្ទះសម្បែងពួកលោកចោលបែបនេះ នោះ ។
សូមរំលឹកថាកាលពីថ្ងៃ១៦
ខែកក្កដា ឆ្នាំ២០១២ កម្លាំងអាជ្ញាធរចម្រុះខេត្តពោធិ៏សាត់ ដែលមានគ្នាប្រមាណជា៥០នាក់
និងកម្មករស៊ីឈ្នួលជាង២០០នាក់ បានទៅកាន់តំបន់ស្រែយក្ស ភូមិកំពង់ ក្តី ឃុំក្រពើពីរ
ស្រុកវាលវែង ខេត្តពោធិ៏សាត់ បានចុះបើកយុទ្ធនាការបណ្តេញ ប្រជាពលរដ្ឋ និង បានរុះរើផ្ទះសម្បែងរបស់ពួកគាត់ចំនួន៦០០គ្រួសារ
ដោយចោទប្រកាន់ពីបទរស់នៅអនាធិបតេយ្យ ទន្ទ្រានយកដីរដ្ឋខុសច្បាប់
និងបង្កើតតំបន់អបគមន៏ ។
តំណាងប្រជាពលរដ្ឋចំនួន៦០០គ្រួសារលោក
ជិន វន ដែលកំពុងតែរត់គេចខ្លួនផងដែរនោះ ធ្លាប់បានប្រាប់ឲ្យដឹងថា
ពួកលោកមិនបានចូលមករស់នៅលើដីតំបន់ខាងលើនេះដោយខុសច្បាប់នោះទេ
គឺលោកដែលជាតំណាងពលរដ្ឋ បានធ្វើការស្នើសុំទៅលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋសភា អាជ្ញាធរស្រុក ឃុំ ត្រឹមត្រូវ ដើម្បីឲ្យពលរដ្ឋចំនួន២០៣ គ្រួសារបានរស់នៅលើផ្ទៃដីចំនួន៧០០០ហិកតា នៅក្នុងឆ្នាំ២០០៨ ហើយលោកថា កាលណោះលោកមេឃុំ
និងអភិបាលស្រុក ក៏បានយល់ព្រមតាមសំណើរបស់លោកដោយត្រឹមត្រូវផងដែរគឺគ្មានបញ្ហានោះទេ
។ លោកថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ខាងលើរហូតដល់ឆ្នាំ២០០៩ ក៏មានប្រជាពលរដ្ឋពីតំបន់ផ្សេងៗ
ចូលទៅរស់នៅតំបន់នេះបន្ថែមទៀត ដែលធ្វើឲ្យចំនួនប្រជាពលរដ្ឋមានការកើនឡើងរហូតដល់ចំនួន៦០០គ្រួសារនាពេលបច្ចុប្បន្ននេះ ។
ជាមួយនិងការចោទពីសំណាក់អាជ្ញាធរដែលថា ពួកគាត់រស់នៅអនាធិបតេយ្យ ទន្ទ្រានយកដីរដ្ឋខុសច្បាប់
និងបង្កើតតំបន់អបគមន៏នោះ លោក ជិន វន និងលោក
ប៊ុន ស៊ុន បានធ្វើការបដិសេធថា ពួកលោកមិនបានញុះញង់ឲ្យប្រជាពលរដ្ឋរូបណាឲ្យចូលមករស់នៅក្នុងតំបន់ខាងលើនេះដោយខុសច្បាប់
និងបង្កើតតំបន់អបគមន៏ស្អីនោះទេ គឺពួកគាត់បានចូលមករស់នៅតំបន់ខាងលើនេះគឺមានការស្នើសុំត្រឹមត្រូវ
ហើយការរស់នៅរបស់ពួកគាត់គឺមិនមែនទើបតែមកនៅនោះទេ គឺពួកគាត់បានចូលមករស់នៅទីនេះតាំងពីឆ្នាំ២០០៨មកម្លេះ
។ ដោយពួកគាត់បានប្រាប់ទៀតថា បើអាជ្ញាធរចោទថាពួកគាត់ និងប្រជាពលរដ្ឋដ៏ទៃទៀតទាំង៦០០គ្រួសាររស់នៅដោយខុសច្បាប់លើដីរដ្ឋ និងបង្កើតតំបន់អបគមន៏នៅតំបន់នោះ ហេតុអីក៏មិនហាម ឬមានចំណាត់ការនៅពេលពួកគាត់បានដាក់ពាក្យស្នើសុំនោះតែម្តងទៅ
រឿងអីក៏ទើបមកដល់ពេលនេះ បានមានចំណាត់ ការ
និងចោទមកលើពួកគាត់យ៉ាងអយុត្តិធម៌បែបនេះទៅវិញ ។ លោកថាប្រជាពលរដ្ឋដែលត្រូវ
បានអាជ្ញាធរបណ្តេញចេញ រុះរើ និងផុតបំផ្លាញផ្ទះរបស់ពួកគាត់ចោលទាំងនោះ ឥឡូវនេះកុំពុង
តែរស់នៅពិបាកខ្លាំងណាស់ ព្រោះដោយសារតែគ្មានកន្លែងស្នាក់នៅ ៕
No comments:
Post a Comment
yes