សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

លោក​រ៉ុង​ឈុន ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន ក្នុង​រឿង​កម្មករ​រោងចក្រ​កាត់ដេរ តៃ​ណាន​

ភ្នំពេញ: ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បាន​សរសេរ​លិខិត​ទៅកាន់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ស្នើ​សុំ​ជួយ​ផ្ដល់​ដំណោះស្រាយជូន​បងប្អូន​កម្មករ​-​កម្មការិនី នៃ​រោងចក្រ តៃ ណាន អតីត​រោងចក្រ តៃ យៀ​នទី​១ ទី​២ និង​ខេ​ម​វែល​។​

​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១៩​កក្កដា ឆ្នាំ​២០១២ លោក រ៉ុង ឈុន បាន​ជម្រាប​សម្តេច​ ហ៊ុន​ សែន ថា បន្ទាប់​ពី​លិខិត​លេខ​៨២៦ ខន​/០១២ ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១២ របស់​ខុទ្ទកាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ផ្ញើជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ពិនិត្យមើល​ឡើងវិញចំពោះ​ករណី​ការទាមទារ​របស់​បង​ប្អូន​កម្មករ កម្មការិនី នៃ​រោងចក្រ តៃ ណាន (​អតីត​រោងចក្រ តៃ យៀ​នទី​១ ទី​២ និង​ខេ​ម​វែល​) មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។ 

​     
​លោក រ៉ុង​ឈុន លើកឡើងថា នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ មាន​ជំនួប​ចរចា​គ្នា​ក្រោម​ការសម្របសម្រួល​គណៈ​កម្មការសម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា បងប្អូន​កម្មករ កម្មការិនី មិន​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ហើយ​ការទាមទារ​របស់​កម្ម​ក​រ ឱ្យ​ក្រុមហ៊ុន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាមច្បាប់ ពេល​ក្រុមហ៊ុន​ប្ដូរ​ឈ្មោះ​ពី​តៃ យៀ​ន ទៅ តៃ ណាន ដោយ​គ្មាន​ចេញ​លិខិត​ជូនដំណឹង និង​លិខិតធានា​អំពី​អត្ថប្រយោជន៍​របស់​កម្ម​ក​រ គឺ​និយោជក​ត្រូវ​ធានា​ខុស​ត្រូវ​ចំ​ពោះ​បងប្អូន​កម្មករ កម្មការិនី​តាមច្បាប់​។​

​លិខិត​បាន​បន្តថា បងប្អូន​កម្មក​រ កម្ម​ការិនី បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​មួយ​សមរម្យសម្រាប់​ពួកគាត់ ( ប្រសើរ​ជាង ៧០​ដុល្លារ ក្នុង​មួយ​ឆ្នាំ ) ហើយ​បងប្អូន​កម្មករ កម្មការិនី ស្នើ​យ៉ាង​ទទូច ពីព្រោះ​មាន​តែ​សម្ដេច​ទេ ទើប​អាច​អន្តរាគមន៍ចំពោះ​ករណី​នេះ​បាន​។​

​មិនទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ឡើយពី​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន ចំពោះ​លិខិត​របស់​លោក​រ៉ុង​ឈុន ខាងលើ​៕​

No comments:

Post a Comment

yes