អ្នកភូមិជីខលើ និងប៉ូលិស ប្រឈមគ្នានៅមុខតុលាការ
ខណៈមានការលើកពេលសវនាការជាថ្មី
កោះកុងៈ ពលរដ្ឋជាង២០០នាក់ដែលមកគាំទ្រតំណាងខ្លួនចូលសវនាការពីម្សិលមិញ ខ្លះបានស្រែកយំនៅក្រៅរបងតុលាការ ខណៈដែលតុលាការខេត្តនេះ សម្រេចលើកពេលកាត់ក្តីម្តងទៀត ដើម្បីទុកពេលសិក្សាទៅលើនីតិវិធីច្បាប់មួយចំនួនលើករណីវិវាទ ដីធ្លីតាំងពីឆ្នាំ២០០៦ របស់អ្នកឃុំជីខលើ ស្រុកស្រែអំបិល ជាមួយក្រុមហ៊ុនស្ករអំពៅ។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋបានអះអាង។
អ្នកស្រី នី សោភ័ណ្ឌនារី មេធាវីម្នាក់ក្នុងចំណោមបីនាក់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ឲ្យដឹងថា ប្រធានអង្គជំនុំជម្រះលោកចៅក្រម ហេង កេសរោបានចូលអង្គសវនាការ ហើយប្រកាសប្រាប់អ្នកមានវត្តមានទាំងអស់ថា សវនាការនេះត្រូវរំសាយម្តងទៀតនិងលើកពេលមិនកំណត់ថ្ងៃ។
មេធាវីនិយាយថា បញ្ហាលើកពេល ទី១ គឺចៅក្រមប្រកាសថាពលរដ្ឋ១៥គ្រួសារ ក្នុងចំណោម២២០គ្រួសារជាដើមបណ្តឹង បានដកពាក្យប្តឹង ព្រោះទទួលសំណង២ពាន់ដុល្លារក្នុងមួយគ្រួសារ។ អ្នកស្រី សោភ័ណ្ឌនារី ថ្លែងថា ៖ «ការដកពាក្យ ពលរដ្ឋមិនបានជូនដំណឹងដល់យើងជាមេធាវីទេ។ តុលាការថា ការដកពាក្យបណ្តឹង ប៉ះពាល់ដល់នីតិវិធី និងសុំពេលពិចារណា។ ម្យ៉ាង មេធាវីក្រុមហ៊ុន ដាក់ពាក្យពន្យារ ព្រោះមានបេសកកម្ម ហើយតុលាការថា យើងបានដាក់កម្មវត្ថុបណ្តឹងបន្ថែម គឺសុំឲ្យកាត់ដីជូនពលរដ្ឋវិញ»។
សវនាការនាថ្ងៃនេះ ជាការកាត់ក្តីលើបណ្តឹងពលរដ្ឋ ដែលទាមទារទុកជាមោឃភាព កិច្ចសន្យារវាងរដ្ឋាភិបាលនិងក្រុមហ៊ុនដីសម្បទានស្ករអំពៅ ពីរ គឺ ក្រុមហ៊ុនកោះកុងស៊ូហ្គឺអ៊ិនដាសទ្រី និងកោះកុង ផ្លេនថេសិន ដែលមានដីសម្បទានជាង២ម៉ឺនហិកតា លើសច្បាប់កំណត់និងបណ្តឹងឲ្យកាត់ដីដែលពលរដ្ឋបាត់បង់ជាង ១៤៩០ហិកតាឲ្យពលរដ្ឋវិញ។ ក្នុងចំណោមពលរដ្ឋ២៤នាក់ដែលតុលាការកោះហៅគឺមាន១៨នាក់ចូលរួមជាតំណាងនិងសាក្សី។
មេធាវីរូបនេះបន្តថា ៖ «ការពន្យារនេះមិនមែនលើកដំបូងទេ ហើយប៉ះពាល់ដល់កូនក្តី ព្រោះស្ថានភាពពួកគាត់ កំពុងដុនដាប គ្មានដីធ្វើរបរកសិកម្ម»។
លោក អាំ សុខា អ្នកសម្របសម្រួលគម្រោងដីធ្លីនិងធនធានធម្មជាតិរបស់មជ្ឈមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ឲ្យដឹងថា សវនាការដែលលើកម្តងរួចមកហើយ កាលពីថ្ងៃ១២ កក្កដា និងលើកម្តងទៀតនៅថ្ងៃម្សិលមិញ ធ្វើឲ្យប្រជាពលរដ្ឋស្រែកទ្រហោយំ តវ៉ានៅខាងក្រៅរបងតុលាការ ប៉ុន្តែ ត្រូវមន្ត្រីតុលាការកោះហៅតំណាងពីរនាក់ ដើម្បីទៅពន្យល់ពីដំណើរការពន្យារសវនាការលើកនេះ។
លោក អាំ សុខា បន្តថា ចំណែកនៅខាងក្រៅតុលាការមានមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថ ត្រូវគេដាក់ពង្រាយដើម្បីជួយការពាររៀបចំសណ្តាប់ធ្នាប់សន្តិសុខ តាមដងផ្លូវជាតិលេខ ៤៨ ខាងមុខតុលាការ។
លោក សេង កៅ អ្នកតំណាងម្នាក់ដែរបានឲ្យដឹងថា តុលាការប្រាប់ថា តុលាការមានបំណងចង់ពន្លឿនករណីនេះ តែដោយមានពលរដ្ឋខ្លះដកបណ្តឹង ទើបត្រូវពន្យារ។ លោកថា៖ «ទោះយ៉ាងណា យើងបានចំណាយលុយធ្វើដំណើរពីភូមិមក ហើយមិនមានសវនាការ យើងខាតពេលនិងបង់សោហ៊ុយខ្លះខ្ចីគេ៥ម៉ឺន ខ្លះ១០ម៉ឺនធ្វើដំណើរមក។ យើងសុំឲ្យតុលាការកំណត់ពេលកាត់ក្តីឲ្យបានលឿន»។
លោកចៅក្រម ហេង កេសរោ មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកត្រូវអ្នកផ្សេងលើកហើយឆ្លើយថា លោកចៅក្រមដាក់ទូរស័ព្ទចោល។
មេធាវី ទូច ឆាយ ខាងភាគីក្រុមហ៊ុនមិនអាចទាក់ទងសុំការបំភ្លឺបានទេ តែបានអះអាងប្រាប់ភ្នំពេញ ប៉ុស្តិ៍ពីថ្ងៃទី២៤ កក្កដាថា លោកមានធុរៈត្រូវទៅប្រទេសថៃ ដូច្នេះ ទើបលោកមិនអាចចូលរួមសវនាការបាន៕
No comments:
Post a Comment
yes