កំពង់ឆ្នាំងៈ តំណាងពលរដ្ឋ ៤ នាក់ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ដែលមានទំនាស់ដីធ្លីដ៏រ៉ុំារ៉ៃ ជាមួយក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសុំពន្យារពេលឡើងទៅបំភ្លឺនៅតុលាការខេត្តនេះ ទាក់ទិនទៅនឹងការចោទប្រកាន់ពីសំណាក់ក្រុមហ៊ុនពីបទញុះញង់ និងប្រើហិង្សា ចូលកាន់កាប់អចលនៈវត្ថុអ្នកដទៃដោយសារតែពុំទាន់រក បានមេធាវីការពារ។
តំណាងពលរដ្ឋចំនួន ៤ នាក់ ដែលត្រូវចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី ២៧-២៨ ខែកញ្ញានេះមានដូចជាលោករាជ សីម៉ា លោកស្រីអ៊ុំ សូភី លោក ផេង រុំ និង លោកសេង ងួន អ្នកទាំងបួននាក់ត្រូវបានក្រុមហ៊ុនខេឌីស៊ី ប្តឹងពីបទញុះញង់ និងប្រើប្រាស់ហិង្សា ចូលកាន់កាប់អចលនវត្ថុអ្នកដទៃ។ លោកផេង រុំ និងលោករាជ សីម៉ា ធ្លាប់បានក្រុមហ៊ុនប្តឹងម្តងរួចមកហើយ។ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១ តុលាការបានប្រកាសសាលក្រម សម្រេចលើកលែងការចោទប្រកាន់ លោក ផេង រុំ និងផ្ដន្ទាទោសលោករាជ សីមា ដោយពិន័យ ២ លានរៀល និងបង់ប្រាក់ជំងឺចិត្ត ៨ លានរៀលទៅឲ្យភាគីក្រុមហ៊ុន ទាក់ទងទៅនឹងពាក្យបណ្តឹង របស់ក្រុមហ៊ុនប្តឹងពីបទ បរិហាកេរ្តិ៍ និងរារាំងការអភិវឌ្ឍរបស់ក្រុមហ៊ុន។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាជន និងក្រុមហ៊ុន KDC ដែលបានឈូសឆាយដីអ្នកភូមិជាង ១៤០ហិកតា បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០២ ហើយជម្លោះ បានផ្ទុះរឹតតែធំឡើង នៅក្នុងឆ្នាំ ២០០៦ នៅពេលដែលប្រជាជនចំនួន ១៣នាក់ បានរងបណ្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍ និងរំលោភដីមានកម្មសិទ្ធិ។ រហូតមកដល់សព្វថ្ងៃនេះ មានពលរដ្ឋម្នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ។
លោក រាជ សីម៉ា បានថ្លែងឲ្យដឹងថា ពួកលោក បានដាក់លិខិតទៅតុលាការ កាលពីថ្ងៃពុធ ដើម្បីសុំលើកពេលចូលបំភ្លឺ ដោយសារពួកលោក មិនទាន់អាចរកមេធាវីការពារក្តីបាន ពីព្រោះតុលាការបានចេញដីការនៅ ថ្ងៃទី ២៤ ហើយឲ្យចូលទៅបំភ្លឺនៅថ្ងៃទី ២៧ និង ២៨ កញ្ញា។ លោកបានឲ្យដឹងទៀតថា៖«អ្វីដែលក្រុមហ៊ុនធ្វើមកលើក្រុមអ្នកភូមិ ពួកយើងនេះ គឺគ្រាន់តែជាការបំបាក់ស្មារតីកុំឲ្យពួកយើង ងើបធ្វើការតវ៉ាប្រឆាំងក្រុមហ៊ុនតែប៉ុណ្ណោះ»។
លោកផេង រុំ តំណាងពលរដ្ឋម្នាក់ទៀត បានថ្លែងឲ្យដឹងថា ពួកលោកបានដាក់ពាក្យសុំពន្យារចូលបំភ្លឺរហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ពីព្រោះពួកលោក រកមេធាវីមិនទាន់។ លោកនិយាយទៀតថា ៖«ខ្ញុំមិនដឹងនិយាយថា តុលាការឯករាជ្យយ៉ាងម៉េចកើតនោះទេ បើតុលាការធ្វើការសម្រាប់តែអ្នកមានលុយបែបនេះ។ ខ្ញុំដាក់ពាក្យបណ្តឹងតាំងពី ឆ្នាំ ២០១១ គេអត់ចាត់ការទេ តែក្រុមហ៊ុនគ្រាន់តែប្តឹងភ្លាមគេចាត់ការភ្លាមតែម្តង»។
លោកពេញ វិបុលព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា លោកបានពន្យារពេលតាមការស្នើសុំរបស់តំណាងអ្នកភូមិឡពាងទាំង ៤ នាក់នោះហើយ តែលោកកំណត់ឲ្យចូលមកបំភ្លឺជាថ្មីម្តងទៀត ត្រឹមថ្ងៃទី ៣ ខែតុលា សប្តាហ៍ក្រោយ ដោយលោកមិនអាចពន្យារពេលតាមការស្នើសុំរបស់ពួកគេរហូតដល់ថ្ងៃទី ១៨ ខែតុលានោះបានទេ។ លោកនិយាយថា៖ «វាគ្មានហេតុផលអី ដែលគាត់ត្រូវការរកមេធាវី រហូតដល់រយៈពេលជិត ១ ខែនោះទេ មេធាវីរកតែ ២ ទៅ ៣ ថ្ងៃ គឺបានហើយ ហើយក៏គ្មានហេតុផលអី ត្រូវរកឯកសារនោះដែរ ប្រសិនបើដីនោះជាដីរបស់ខ្លួនឯងនោះ គឺមានឯកសារអស់ហើយ»។
លោកថៃ ហ៊ី តំណាងក្រុមហ៊ុន ខេឌីស៊ី ពុំអាចទាក់ទងធ្វើអត្ថាធិប្បាយបានទេពីម្សិលមិញដោយទូរស័ព្ទរោទិ៍ពុំមានអ្នកទទួល។
ទាក់ទងនឹងករណីនេះ លោកសំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង ដែលធ្លាប់ត្រូវបានក្រុមហ៊ុនមួយនេះប្តឹង ពីបទបរិហាកេរ្តិ៍បានមានប្រសាសន៍ថា ក្នុងរឿងនេះប្រជាពលរដ្ឋភូមិឡពាងទាំងអស់បានដាក់ពាក្យបណ្តឹង ចូលទៅតុលាការ ប៉ុន្តែតុលាការ បានផ្អឹបសំណុំរឿងរបស់ប្រជាពលរដ្ឋមិនចាត់ការ។ លោកបានឲ្យដឹងទៀតថា៖ «តុលាការនៅកម្ពុជាមិនមានភាពយុត្តិធម៌ទេ ហើយជាទម្លាប់របស់ភាគីដែលមានអំណាច ដែលគាត់ធ្លាប់ប្រើតុលាការបាន គាត់ចេះតែប្រើទៅ»។
យោងតាម របាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញាបានឲ្យដឹងថា អ្នកក្រីក្រ និងក្រុមដែលងាយរងគ្រោះ មិនអាចទទួលបានការគាំពារផ្នែកច្បាប់ឡើយ ហើយ។ បញ្ហានេះនៅតែជាការព្រួយបារម្ភ ក្នុងការទទួលបានយុត្តិធម៌របស់ប្រជាជនក្រីក្រ។
យោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុកកាលពីខែមីនា ឆ្នាំ ២០១២ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១១ មានប្រជាពលរដ្ឋយ៉ាងតិច ៤២៧ នាក់បានត្រូវរងការចោទប្រកាន់ ក្នុងរឿងជម្លោះដីធ្លី ក្នុងនោះ មានពលរដ្ឋ ៩៦ នាក់ ត្រូវបានចាប់ខ្លួន និង ៤៨ នាក់ទៀត កំពុងនៅជាប់ឃុំនៅឡើយ។ អ្នកនៅសេសសល់ពីនេះ កំពុងរត់គេចខ្លួន។ អង្គការសង្គមស៊ីវិលនានាបានលើកឡើងជាដដែលៗថា ជម្លោះដីធ្លីដែលនៅតែបន្តកើតឡើងពាសពេញផ្ទៃប្រទេស គឺដោយសារតែរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ជាន់លើដីពលរដ្ឋ៕
No comments:
Post a Comment
yes