អ្នកស្រី សេង ច័ន្ទដា ភរិយារបស់ឧកញ៉ា ខូវ ជឺលី ពេលឡើងសាលាឧទ្ធរណ៍
ភ្នំពេញៈ មេធាវីការពារក្តីបានអះអាងថា តុលាការកំពូលនឹងជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់អ្នកស្រី សេង ច័ន្ទដា ភរិយាវ័យក្មេងរបស់ឧកញ៉ា ខូវ ជឺលី និងជនជាប់ចោទពាក់ព័ន្ធបីនាក់ទៀត នៅព្រឹកថ្ងៃពុធនេះ។
លោក ប៉ាល់ ចន្ទតារា មេធាវីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ឲ្យដឹងពីម្សិលមិញថា តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់លោកស្រី សេង ច័ន្ទដា និងជនជាប់ចោទ សុខ ឡាក់ ហៅ ខន ឡាក់ ចាន់ សុខា និង នាង ស៊ីណាត នៅព្រឹកថ្ងៃទី១៩កញ្ញានេះ។
លោកមេធាវីថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «សវនាការជំនុំជម្រះលើករណីបណ្តឹងសារទុក្ខរបស់អ្នកស្រីនៅតុលាការកំពូល នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ។ សវនាការនឹងធ្វើឡើងដោយក្រុមប្រឹក្សាចៅក្រមចំនួនបីរូប និងតំណាងមហាអយ្យការមួយរូប ដឹកនាំជម្រះដោយ លោក ឃឹម ប៉ុណ្ណ ជាអនុប្រធានតុលាការកំពូល»។
លោក ចន្ទតារា សង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់កូនក្តីលោក និងតម្កល់នូវសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម។
លោក បានមានប្រសាសន៍ថា៖«ខ្ញុំសង្ឃឹមថាយុត្តិធម៌នៅតែមានចំពោះ កូនក្តីរបស់ខ្ញុំ»។
លោក លឹម វណ្ណា មេធាវីរបស់អ្នកស្រី សេង ច័ន្ទដា បាននិយាយថា កូនក្តីរបស់លោកគឺជាជនរងគ្រោះនៃការចាប់ខ្លួន និងការចោទប្រកាន់នៅក្នុងករណីនេះ។ អ្នកស្រី សេង ច័ន្ទដា មិនពាក់ព័ន្ធ ឬ ប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។
លោក លឹម វណ្ណា បន្តថា ទាំងសាលាដំបូងរាជធានីនិងសាលាឧទ្ធរណ៍ មិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោកទេ ទើបកូនក្ដីលោកប្ដឹងសារទុក្ខទៅតុលាការកំពូលឲ្យរកយុត្តិធម៌ឲ្យ។សម្រាប់សវនាការនៅព្រឹកថ្ងៃពុធលោកសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ឲ្យអ្នកស្រី សេង ច័ន្ទដា រួចពីការចោទប្រកាន់។
លោក លឹម វណ្ណា ប្រាប់ថា៖ «ជំហររបស់ខ្ញុំជាមេធាវីនិងជាអ្នកច្បាប់ម្នាក់ ខ្ញុំបានត្រៀមរៀបចំឯកសារពាក់ព័ន្ធ និងភស្តុតាងថ្មីៗជាច្រើនដើម្បីការពារកូនក្តីរបស់ខ្ញុំ»។ លោកថា៖«ខ្ញុំសង្ឃឹមនិងជឿជាក់ថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ ដល់គាត់ជាពុំខាន»។
លោកមេធាវីបញ្ជាក់ដែរថា ចាប់តាំងពីការចាប់ខ្លួនរហូតមកដល់ពេលនេះអ្នកស្រី សេង ច័ន្ទដា ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នៅក្នុងពន្ធនាគារព្រៃស ជាងពីរឆ្នាំមកហើយ។
លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារងតុលាការកំពូលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
អ្នកស្រី សេង ច័ន្ទដា អាយុ៤៦ឆ្នាំ ត្រូវចាប់ខ្លួននៅឆ្នាំ២០១០ និងត្រូវចោទប្រកាន់ដោយសាលាដំបូងភ្នំពេញពីបទការប៉ុនប៉ងមនុស្សឃាត និងការរៀបចំគម្រោងការរំលោភនិងសម្លាប់លោកស្រី ស៊ុន សុត្ថា ភរិយាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបុត្រីអាយុ៩ឆ្នាំ កាលពីរាត្រីថ្ងៃទី១៣ មិថុនាឆ្នាំ២០១០ នៅភូមិគ្រឹះ តាមផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាលាដំបូងភ្នំពេញ កាលពីថ្ងៃទី១៥ កុម្ភៈ ២០១១ បានសម្រេចផ្ដន្ទាទោសអ្នកស្រី ច័ន្ទដា និងជនសង្ស័យ សុខ ឡាក់ ជាប់ពន្ធនាគារម្នាក់ៗ ចំនួន ២០ឆ្នាំ។ រីឯជនជាប់ចោទ ចាន់ សុខា និង នាង ស៊ីណាត ឲ្យជាប់ពន្ធនាគារម្នាក់ៗ១៨ឆ្នាំ ។ ប៉ុន្តែជនសង្ស័យឈ្មោះ យៀន សុធារិទ្ធ ជាប់សង្ស័យដូច សុខ ឡាក់ ដែរនោះត្រូវតុលាការលើកលែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពវិញ។ កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១១ សាលាឧទ្ធរណ៍ក៏បានលើកយកបណ្តឹងឧទ្ធរណ៍ជនជាប់ចោទទាំង៤រូបមកធ្វើការជំនុំជម្រះ ហើយក៏បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកនៅដដែល៕
No comments:
Post a Comment
yes