ខេត្តព្រះសីហនុ ៖ អគ្គិភ័យកំណាចមួយដែលបង្កឡើង ដោយសារផ្ទុះធុងហ្គាស បានបំផ្លាញផ្ទះប្រជាពលរដ្ឋ តូច ធំ សង់ជាប់ៗគ្នា ចន្លោះពី ៤០ ទៅ ៥០ខ្នង ស្ថិតនៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ និងបណ្តាលឲ្យប្រជាពលរដ្ឋប្រុសស្រី ចំនួន ៧នាក់ រង របួសធ្ងន់ស្រាល ក្នុងនោះធ្ងន់ ៤ ស្រាល ៣នាក់។
ស្នងការនគរបាលខេត្ត ព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា ដែលដឹកនាំកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ទាំងយប់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ផ្ទះប្រជាពលរដ្ឋចន្លោះពី ៤០ ទៅ ៥០ខ្នង ដែលសង់ជាប់ៗគ្នា នៅតំបន់នោះ ត្រូវបានបំផ្លាញទាំងស្រុង ដោយអគ្គិភ័យដែលបណ្តាលមកពី ផ្ទុះធុងហ្គាសពី ផ្ទះប្រជាពលរដ្ឋម្នាក់។
អគ្គិភ័យដែលបង្កឲ្យមានការតក់ ស្លុត និងភ្ញាក់ផ្អើលទូទាំងខេត្តព្រះសីហនុ កាលពីយប់មិញនោះ ត្រូវបានលោក តាក់ វណ្ណថា អះអាងទៀត ថា ប្រជាពលរដ្ឋចំនួន ៧នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះ ធ្ងន់ ៤នាក់ និងស្រាល ៣នាក់ ដោយឡែកទំហំ នៃការខូចខាតមិនទាន់ដឹងនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងវាយ តម្លៃ។
ស្នងការនគរបាលរូបនេះ បានបន្តថា អន្តរាគមន៍ពន្លត់អគ្គិភ័យដ៏កំណាចមួយនេះ បានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យចំនួន ៦គ្រឿង មកពីអង្គភាពរបស់លោក ២គ្រឿង និងកំពង់ផែព្រះសីហនុ ៤គ្រឿង ដោយប្រើប្រាស់ទឹក អស់ជាច្រើនជើង ដើម្បីបាញ់ពន្លត់។
បើតាមលោក តាក់ វណ្ណថា អន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យតាំងពីពេលកើតហេតុ នៅវេលាម៉ោង ១២ រហូតដល់ ម៉ោង ៣ទៀបភ្លឺ ទើបរលត់ទាំងស្រុង។
យ៉ាងណាដ៏ដោយ លោកស្នងការបានអះអាងពីផលលំបាកមួយចំនួន ចំពោះទីតាំងខាងលើ ពោលផ្លូវពិបាកចូល ហើយផ្ទះសង់ជាប់ៗគ្នា ដែលធ្វើឲ្យឆេះយ៉ាងលឿនយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត ពេលអគ្គិភ័យកំពុងកើតឡើង ភ្លៀងមិនធ្លាក់ ប៉ុន្តែបែរជាមានខ្យល់យ៉ាងខ្លាំង រឹតតែជួយបង្កើននៃការឆាបឆេះ ហើយពេលអន្តរាគមន៍ចប់ ទើប មានភ្លៀងធ្លាក់ ។ សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានគេរាយការណ៍ថា ជាតំបន់អនាធិបតេយ្យផងដែរ ពីការរស់នៅរបស់ ប្រជាពលរដ្ឋនៅទីនោះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ តាក់ វណ្ណថា សូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលធ្វើឲ្យខូចខាត និងបំផ្លាញទ្រព្យសម្បត្តិឥតគណនា ដូចសុភាសិតបុរាណ ពោលថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងផ្ទះ”៕
No comments:
Post a Comment
yes