មេតុងទីង
កូនតុងទីន
ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ប្រជាពលរដ្ឋជាង៥០០នាក់ នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលសុទ្ធសឹងជាអ្នកលេងតុងទីន បានប្រមូលផ្តុំគ្នាស្រែកឡាំប៉ាសុំជំនួយពីសមត្ថកិច្ចអស់រយៈពេល៤ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី២៧ កញ្ញា ២០១២ នេះ ក្រោយពីដឹងថា ស្ត្រីមេតុងទីនរបស់ខ្លួនបានកើបប្រាក់ច្រកការុងជាង២ការុងដឹកតាមរថយន្តតាក់ស៊ីរត់ចោលស្រុក ។
ស្ត្រីមេតុងទីនដែលវេចប្រាក់រយលានរត់ចោលកូនៗនោះឈ្មោះ ឡោ ញ៉ អាយុ៥៤ឆ្នាំ នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ប្រភពឱ្យដឹងថា មេតុងទីនរូបនេះបានវេចប្រាក់រត់កាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២៣ កញ្ញា ២០១២ ជាមួយនឹងកូនស្រីម្នាក់ ។ មេតុងទីននេះត្រូវបានគេដឹងថា បានគេចខ្លួនតាមរយៈរថយន្តតាក់ស៊ី ជាមួយនឹងប្រាក់ជាង២ការុង ឯប្រាក់មួយចំនួនទៀតត្រូវកូនស្រីម្នាក់ស្ពាយចេញពីផ្ទះតាមក្រោយ ហើយណាត់ជួបគ្នាតាមផ្លូវ រួចចេញដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញទាំងយប់តែម្តង ។ កូនៗតុងទីនបញ្ជាក់ថា ដំបូងឡើយគ្មានអ្នកណាបានដឹងពីគម្រោងមេតុងទីនបោកនេះទេ លុះព្រឹកថ្ងៃទី២៤ កញ្ញា ២០១២ ទើបមានការភ្ញាក់ផ្អើលដោយសារផ្ទះមេតុងទីនខាងលើបិទទ្វារមិនឃើញម្ចាស់នៅ។
កូនតុងទីនឈ្មោះ សារ៉ាយ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បានប្រាប់កោះសន្តិភាពថា តុងទីននេះមានច្រើនក្បាល ដោយ១ក្បាលត្រូវបង់ប្រាក់ចំនួន១ម៉ឺនរៀលជារៀងរាល់ថ្ងៃ ដោយចាប់ផ្តើមលេងតាំងពីអំឡុងខែមេសា ២០១២ រហូតមក ដែលមានមេឈ្មោះ ឡោ ញ៉ និងមានកូនៗសរុបចំនួន៥៣៧នាក់ ។
No comments:
Post a Comment
yes