សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 14, 2012

ជីវប្រវត្តិ​សង្ខេប​លោក ម៉ម សូណង់ដូ


សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរ​ការ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​ថ្ងៃ​ទី១១ កញ្ញា មក​ទល់​ថ្ងៃ​ទី​១៣ កញ្ញា ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។
RFA/Chor Pisethvicheyanandh
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២
តុលាការ​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ តែ​លោក​បដិសេធ។
លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​កាសែត​ម្នាក់។ គេ​នៅ​ចាំ​បាន​ថា លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពីរ​ដង​មក​ហើយ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ល។ លើក​នេះ គឺ​ជា​លើក​ទី៣​ហើយ ដែល​លោក ម៉ម សូណង់ដូ ឡើង​តុលាការ ដែល​ជា​តុលាការ​ដែល​លោក​ធ្លាប់​រិះគន់​ថា ជា​តុលាការ​មិន​ឯករាជ្យ។
មក​ដល់​ថ្ងៃ​ទី១៣ កញ្ញា នេះ ជា​ថ្ងៃ​ទី​៣​ហើយ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​កាត់​ក្ដី​លោក ម៉ម សូណង់ដូ។

ស្រប​ពេល​ដែល​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្លះ ចោទ​ថា សវនាការ​នេះ ជា​ចេតនា​នយោបាយ​បំបាក់​ស្មារតី​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ខណៈ​ដែល ​មន្ត្រី​អង្គទូត​នានា រួម​ទាំង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស កំពុង​ឃ្លាំ​មើល​សវនាការ​នេះ​យ៉ាង​ដិត​ដល់។
តុលាការ​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដួ អាយុ​៧០​ឆ្នាំ ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ពេល​លោក​នៅ​ឯ​បរទេស។ ពេល​នោះ លោក​បាន​ដឹង​ខ្លួន​ថា រដ្ឋាភិបាល​រក​ចាប់​ខ្លួន​លោក​ដែរ តែ​លោក​នៅ​តែ​សម្រេច​ចិត្ត​វិល​មក​ប្រទេស​កម្ពុជា​វិញ។
ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ ថ្ងៃ​ទី​១២ កក្កដា លោក ម៉ម សូណង់ដូ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា លោក​មក​ស្រុក​ខ្មែរ​វិញ គឺ​ដើម្បី​បង្ហាញ​ថា លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។
រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២ ប៉ូលិស​មួយ​ក្រុម​បាន​ទៅ​ចាប់​ខ្លួន​លោក​ដល់​ផ្ទះ​តែ​ម្ដង រួច​បញ្ជូន​ខ្លួន​ឡើង​សាលា​ដំបូង ថ្ងៃ​ទី​១៦ កក្កដា ហើយ​តុលាការ​បាន​ចោទ​ប្រកាន់​លោក​ជា​ផ្លូវ​ការ តាម​មាត្រា​ទី៦ នៃ​ក្រម​ព្រហ្មទណ្ឌ។
ទាក់ទង​នឹង​ជីវប្រវត្តិ លោក ម៉ម សូណង់ដូ មិន​មាន​ការ​អះអាង​ណា​មួយ​ពិស្ដារ​ទេ។
អ្នកស្រី ឌិន ផាណារ៉ា ភរិយា លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា លោក ម៉ម សូណង់ដូ កើត​នៅ​ឆ្នាំ​ម្សាញ់ គឺ​នៅ​ឆ្នាំ​១៩៤២ មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​កូន​ប្រុស​អតីត​ចៅហ្វាយ​ស្រុក​មួយ​រូប។
សព្វថ្ងៃ​លោក ម៉ម សូណង់ដូ មាន​សញ្ជាតិ​ពីរ​គឺ សញ្ជាតិ​បារាំង និង​សញ្ជាតិ​ខ្មែរ ហើយ​បាន​ទៅ​សិក្សា​នៅ​ស្រុក​បារាំង ពេល​លោក​ធំ​ពេញ​វ័យ។ ត្រង់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ថា លោក ម៉ម សូណង់ដូ ដាក់​ឈ្មោះ សូណង់ដូ បែប​មាន​សំនៀង​ភាសា​បារាំង​ដូច្នេះ។ ក៏ប៉ុន្តែ អ្នកស្រី ឌិន ផាណារ៉ា ដែល​អះអាង​ថា ស្វាមី​របស់​គាត់​មាន​ចិត្ត​ធម៌ ចេះ​ជួយ​អ្នក​ក្រ​នោះ ឲ្យ​ដឹង​ថា ឈ្មោះ សូណង់ដូ នេះ ត្រូវ​ឪពុក​ម្ដាយ​ដាក់​ឈ្មោះ​ឲ្យ​បែប​ជា​ភាសា​ជប៉ុន​ទៅវិញ​ទេ។ ព្រោះ​ថា នៅ​ពេល​លោក ម៉ម សូណង់ដូ កើត​មក ចំ​ពេល​កងទ័ព​ជប៉ុន​ចូល​លុក​លុយ ហើយ​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា នៅ​ពេល​នោះ។
ទោះ​យ៉ាង​ណា អ្នកស្រី​ពោល​ថា អ្នកស្រី​មិន​ចាំ​ជីវប្រវត្តិ​របស់​ស្វាមី​អ្នក​ស្រី​ពិស្ដារ​ដូច​គ្នា។ ក្រៅ​ពី​មាន​តួនាទី​ជា​សប្បុរស​ជន ប្រធាន​សមាគម លោក ម៉ម សូណង់ដូ ក៏​ជា​អ្នក​កាសែត​ម្នាក់​ដែរ។
ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្គាល់ លោក ម៉ម សូណង់ដូ តាម​រយៈ​ការ​ផ្សាយ​សំឡេង​របស់​លោក តាម​រលក​វិទ្យុ​សំបុក​ឃ្មុំ ដូច​ជា​កម្ម​វិធី​បទ​សម្ភាសន៍​ព្រឹត្តិការណ៍​នយោបាយ បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែន ជាដើម។ ជាពិសេស ​តាមរយៈ​ការ​សូត្រ​កំណាព្យ​កន្លង​មក ដែល​មាន​ចំណង​ជើង​ថា "តើ​ខ្ញុំ​អាច​រស់​បាន​ដល់​ពេល​ណា?" និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់ ដែល​មាន​ចរិត​រិះគន់ ឡកឡឺយ ដាក់​​អ្នក​ដឹក​នាំ​នយោបាយ​បច្ចុប្បន្ន រិះគន់​តុលាការ​ថា​មិន​ឯករាជ្យ អំពី​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​គ្រឿង​ញៀន អំពើ​ពុក​រលួយ ល្បែង​ស៊ីសង ជាដើម។
ដោយសារ​តែ​តួនាទី​ជា​អ្នក​កាសែត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​គុក​ញឹកញាប់។ ដោយ​ឡែក មាន​អ្នក​នយោបាយ​ខ្លះ​បាន​ឡកឡឺយ​ថា លោក ម៉ម សូណង់ដូ ជា​អ្នក​នយោបាយ​មួយ​រូប​ដែល​ល្បី​ឈ្មោះ​ជាប់​គុក​មិន​ស្វាង ព្រោះ​តែ​ចរិត​រិះគន់​មេ​ដឹកនាំ​រដ្ឋាភិបាល​មិន​សំចៃ​មាត់ និង​ដោយ​សារ លោក​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា និង​មាន​បំណង​ផ្លាស់​ប្ដូរ​សង្គម​ខ្មែរ និង​ប្ដូរ​អ្នក​ដឹកនាំ​រដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ បាន​ជាប់​គុក​ពីរ​ដង​មក​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ពោល​គឺ កាល​ពី​ឆ្នាំ​២០០៣ លោក​ជាប់​គុក​ព្រៃស រយៈ​ពេល​ប្រហែល​២​អាទិត្យ ដោយ​តុលាការ​បាន​ចោទ​ថា លោក​ផ្សាយ​ព័ត៌មាន​មិន​ពិត អុជអាល​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្តិ​ហិង្សា និង​ប្រកាន់​ពូជ​សាសន៍ តាម​រយៈ​បទ​សម្ភាសន៍​របស់​លោក តាម​ទូរស័ព្ទ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​វិទ្យុ​សំបុក​ឃ្មុំ។
បន្ទាប់​មក នៅ​ឆ្នាំ​២០០៥ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ម្ដង​ទៀត ហើយ​កាត់​ទោស​ឲ្យ​ជាប់​គុក​បី​ខែ ពី​បទ​ញុះញង់ បង្ខូច​កេរ្តិ៍​ឈ្មោះ ដោយ​សារ​លោក​ធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ ស្ដីពី​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​កាល​នោះ មាន​ទាំង​លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាប់​ពន្ធនាគារ​ជាមួយ​គ្នា​ដែរ។
លោក យ៉េង វិរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​មាន​អនុស្សាវរីយ៍​ជូរចត់ ជាប់​ពន្ធនាគារ​ជាមួយ​លោក ម៉ម សូណង់ដូ កាល​ពី​ឆ្នាំ​២០០៥ បាន​ហៅ លោក ម៉ម សូណង់ដូ ថា​ជា​អ្នក​កាសែត​ហ៊ាន​និយាយ​ពិត និយាយ​ត្រង់ ដើម្បី​ការពារ​ផល​ប្រយោជន៍​សង្គម​ជាតិ។
នេះ​ជា​លើក​ទី​បី​ហើយ ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់​រឿង​ក្ដី​ជា​ថ្មី​ម្ដង​ទៀត។ លើក​នេះ លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចោទ​ដល់​ទៅ​បួន​ករណី គឺ​បទ​ចូល​រួម​ចលនា​បះបោរ ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ។
តុលាការ​ដែល​លោក​ធ្លាប់​រិះគន់​តាម​រយៈ​កំណាព្យ​របស់​លោក​ថា ជា​តុលាការ​មិន​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​តែ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ឈ្នះ ចំណែក​អ្នក​ក្រ​ទន់​ខ្សោយ​គ្មាន​លុយ​សូកប៉ាន់ តែង​តែ​ចាញ់​ក្ដី​នោះ កំពុង​ជំនុំ​ជម្រះ​រឿងក្ដី​របស់​លោក​ហើយ។ ស្រព​ពេល​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង កំពុង​ចោទ​ថា តុលាការ​មាន​ភាព​លំអៀង​ខាង​នយោបាយ​ទៅ​ខាង​រដ្ឋាភិបាល។ ហើយ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​ទៅ​នឹង​អត្ថន័យ​កំណាព្យ​របស់​លោក ម៉ម សូណង់ដូ មួយ​ឃ្លា ដែល​ចាក់​ផ្សាយ​តាម​វិទ្យុ​របស់​លោក ឡកឡឺយ​ដាក់​តុលាការ។
ក្រុម​អ្នក​ច្បាប់​ខ្លះ​បាន​បញ្ជាក់​ថា បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​កំហុស​ដូច​បទ​ចោទ​ពិត​ប្រាកដ​មែន​នោះ លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ប្រហែល​៣០​ឆ្នាំ។ បើ​គណនា​រយៈ​ពេលវេលា​ជាប់​គុក​៣០ឆ្នាំ​នេះ គឺ​ជា​រយៈពេល​ដែល​សេសសល់​នៃ​ជីវិត​អនាគត​របស់​លោក​តែ​ម្ដង។ ព្រោះ​ថា ពេល​នេះ​លោក​មាន​វ័យ​ចំណាស់​៧០ឆ្នាំ​ហើយ។ ហើយ​រយៈ​ពេល​ជាប់​ទោស​ដ៏​យូរ​ដូច្នេះ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​អត្ថន័យ​កំណាព្យ​របស់​លោក​ថា "តើ​ខ្ញុំ​អាច​រស់​នៅ​ដល់​ពេល​ណា" កន្លង​មក​នោះ គឺ​ហាក់​ដូច​ជា​ការ​ឆ្លុះ​បញ្ចាំង​លើ​ជីវិត​ពិត​របស់​លោក​ផ្ទាល់​ជាក់​ស្ដែង​តែ​ម្ដង។
ចុង​បញ្ចប់ អ្នក​សង្កេតការណ៍​រឿង​ក្ដី លោក ម៉ម សូណង់ដូ បាន​រំលឹក​ថា វា​ហាក់​ដូច​ជា​ប្រញាប់​ប្រញាល់​ពេក​ណាស់ ក្នុង​ការ​អះអាង​មុន​ថា តុលាការ​មិន​យុត្តិធម៌​នោះ។ ព្រោះ​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ។ ចំណែក​ពាក្យ​ចោទ​ប្រកាន់​នេះ ជារឿយៗ​ក៏​ត្រូវ​បាន​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ជា​បន្ត​បន្ទាប់​មក​ហើយ​ដែរ។ ហើយ​រឿង​តុលាការ​កាត់​ក្ដី​លោក ម៉ម សូណង់ដូ យុត្តិធម៌ ឬ​មិន​យុត្តិធម៌​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ដំណើរ​ការ​កាត់​ក្ដី​នេះ​ចប់​សិន ទើប​ដឹង​ថា​យ៉ាង​ណា៕

No comments:

Post a Comment

yes