ខេត្តសៀមរាប៖ មនុស្សមួយគ្រួសារបីនាក់មានឪពុកម្តាយនិងកូនស្រីបានដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជិះម៉ូតូឌុបគ្នាចេញពីផ្ទះបម្រុងទៅចម្ការត្រូវរថយន្តទាហានដឹកឈើបុកចំពីមុខកាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ លើដងផ្លូវជាតិលេខ៦៧ ដែលតភ្ជាប់ពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមកផ្លូវជាតិលេខ៦ ខេត្តសៀមរាប ស្ថិតក្នុងភូមិខ្នារង្វះ ឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រង់ចំណុចខាងត្បូងស្នាក់ការបរិស្ថាន។
ជនរងគ្រោះទី១-ឈ្មោះ ទូច តាញ់ អាយុ៤០ឆ្នាំជាឪពុក ទី២-ឈ្មោះ សែម សៅ អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងទី៣-ឈ្មោះ តាញ់ សុណាន អាយុ១២ឆ្នាំ ជាកូនស្រី។ អ្នកទាំងបីជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៤ ពាក់ស្លាក សៀមរាប 1A-8609 ក្នុងដំណើរច្រាសទិសពីត្បូងទៅជើង។ចំណែករថយន្តទាហានដឹកឈើដែលបង្កហេតុម៉ាក GMC ពណ៌ត្រេអ៊ីគ្មានស្លាកលេខដឹកឈើពេញប្រៀបបើកពីជើងទៅត្បូង ក្នុងទិសដៅចូលមកក្រុងសៀមរាប។
សាក្សីនៅក្បែរ កន្លែងកើតហេតុនិយាយថាកាលពីព្រលប់ថ្ងៃកើតហេតុគេបានឃើញឡានដឹកឈើពណ៌ទាហានមួយគ្រឿងដែលធ្លាប់ដឹកឈើជាប្រចាំបើកបោះពួយយ៉ាងលឿនមកពីទិសខាងជើងដែលទំនងបើករត់គេចពីមេព្រៃផង។
លោកអនុសេនីយ៍ទោ ហឿល សារ៉ែម នាយផ្នែកនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីបានឲ្យដឹងថាក្រោយពេលកើតហេតុលោកបានទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះដោយប្រគល់សាកសពឲ្យទាំងយប់។ ម៉ូតូរងគ្រោះ និងរថយន្តដឹកឈើខាងលើនេះ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលឃុនរាម រង់ចាំដោះស្រាយតាមច្បាប់។
នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ សាច់ញាតិជនរងគ្រោះ លោក ហ៊ាន គារ អាយុ៤១ឆ្នាំ បានប្រាប់ថាលោកនិងសាច់ញាតិមួយចំនួនទៀតនឹងប្តឹងទាមទារសំណង ៥.០០០ ដុល្លារ សម្រាប់ទាំងមនុស្សស្លាប់ទាំងម៉ូតូ។ លោកបន្តថា ជំហានមួយ គឺប្តឹងនៅប៉ុស្តិ៍ តែបើភាគីខាងរថយន្តមិនព្រមសងទេ គឺប្តឹងបន្តទៅតុលាការពីព្រោះស្គាល់អត្តសញ្ញាណអ្នកបើករថយន្តហើយ។
អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ នេះបានទេ៕
No comments:
Post a Comment
yes