ពស់ថ្លាន់វែងបំផុតក្នុងលោក និងម្ចាស់ស្រីរបស់វា
ក្រុង ញូវយ៉ក : នេះគឺជាការបញ្ចូលឈ្មោះក្នុងកំណត់ត្រាថ្មីសម្រាប់បញ្ជីឆ្នាំ២០១៣ របស់ក្រុមកំណត់ត្រាពិភពលោកហ្គីនណេសផ្នែកសត្វល្មូន។
សត្វពស់ ថ្លាន់ដែលមានប្រវែង៧,៦ម៉ែត្រមានឈ្មោះថា ម៉េដូសា ត្រូវបានក្រុមកំណត់ត្រាពិភពលោកចុះបញ្ជីថាជាប្រភេទសត្វពស់ដែល មានប្រវែងវែងជាងគេបំផុតនៅលើលោក។
ម៉េដូសា នេះគឺជាកម្មសិទ្ធិរបស់ក្រុមផលិតកម្មមួយឈ្មោះ ហ្វុល មូន (Full Moon Productions) នៅឯទីក្រុងកានសាស់ រដ្ឋមីស៊ូរី សហរដ្ឋអាមេរិក នៃតំបន់ទីកន្លែងកម្សាន្ត អេជ អហ្វ ហ៊ែល (Edge of Hell) របស់ក្រុមទេសចរ។ សត្វពស់ថ្លាន់នេះមានទម្ងន់១៥៨,៧៥គីឡូក្រាមដោយមើលទៅធំសម្បើម អស្ចារ្យមែនទែន។
លោក ឡារី អេដហ្គា អ្នកគ្រប់គ្រងទូទៅនៅតំបន់ កម្សាន្តនេះ បាននិយាយថា៖ «យើងព្យាយាមរក្សា ម៉េដូសា ដោយការចិញ្ចឹមនិងមើលថែយ៉ាងល្អតាំងពីដើមមករហូតដល់ពេលវាមាន ថ្ងៃនេះ។ យើងមិនដែលនឹកស្មានថាវាមានការលូតលាស់ធំសម្បើម និងវែងអន្លាយរហូតបានធ្វើឲ្យវាជាប់ក្នុងកំណត់ត្រាហ្គីនណេសឡើយ»។
យោង តាមអ្នកមើលថែ ម៉េដូសា សត្វពស់នេះគឺពិបាកចិញ្ចឹមណាស់ដោយសារតែវាមិនសូវស្វះស្វែងនឹង ស៊ីចំណីប្រចាំសប្ដាហ៍ ដែលរួមមានសត្វទន្សាយ ជ្រូកព្រៃ និងសត្វក្ដាន់ ជាដើម។
អ្នកមើលថែវាក៏បានឲ្យដឹងផងដែរថា សត្វពស់នេះចូលចិត្តហែលទឹក ហើយសូម្បីតែដល់រដូវកាលសកជម្រុះស្រកា ក៏សត្វពស់ថ្លាន់ ម៉េដូសា ត្រូវការជំនួយពីមនុស្សដែរ។
ភាពធំចម្លែក និងប្រវែងដ៏វែងអន្លាយរបស់ម៉េដូសា បានក្លាយជាទីចំណាប់អារម្មណ៍នៃក្រុមភ្ញៀវទេសចរទាំងពួងយ៉ាងកុះករនាពេលដែលពួកគេបានមកទស្សនាតំបន់កម្សាន្តនៅទីក្រុងកានសាស់ សហរដ្ឋអាមេរិក តែម្តង៕
No comments:
Post a Comment
yes