សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

ជន​កម្ពុជា​ជាច្រើន ងប់​នឹង​ល្បែង នៅ​តាម​កាស៊ីណូ​នានា

120925_04a
ទិដ្ឋភាព​នៅ​ខាងក្រៅ​កាស៊ី​ណូ​មួយ​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​ កាល​ពីថ្ងៃ​ចុង​សប្ដាហ៍

ស្វាយរៀងៈ រៀងរាល់​ព្រឹក​នៅ​ម៉ោង ៧​ អ្នក​លេង​ល្បែង​ជន​ជាតិ​បរទេស​ជាច្រើន​នាក់​បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​ទីក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ដើម្បី​មក​លេង​ល្បែង​ជា​ប្រចាំ​នៅ​តាម​កាស៊ីណូ​នានា​ក្បែរ​ព្រំដែន។
តាម​បណ្តោយ​ព្រំដែន ​អ្នក​បើកបរ​ម៉ូតូ​កង់​បី និង​រថយន្ត​កាស៊ីណូ​ កំពុង​រង់ចាំ​ដឹក​អ្នក​លេង​ល្បែង​ជន​ជាតិ​វៀតណាម ទៅ​កាន់​កាស៊ីណូ​ជិត​បំផុត​ប្រហែល​ជាង ១០០ គីឡូ​ម៉ែត្រ ដែល​ទទួល​យក​ប្រាក់​ដុង ក្នុង​ការ​ភ្នាល់​និង​ដែល​មាន​បុគ្គលិក​ចេះ​ភាសា​វៀតណាម។
ប៉ុន្តែ ពេញ​មួយ​ថ្ងៃ​នោះ អ្នក​លេង​ល្បែង​ជនជាតិ​កម្ពុជា​ហូរហែ​ក៏​បាន​ឆ្លង​កាត់​កង​សន្តិសុខ ចូល​ទៅ​អង្គុយ​នៅ​តុ Baccarat ឬ​ស្លុត​ម៉ាស៊ីន​ដែរ។
បុគ្គលិក​មក​ពី​កាស៊ីណូ Las Vegas Sun ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «​ខ្មែរ អាច​លេង​ល្បែង​នៅ​តុ​ណា​ក៏​បាន។ គ្រាន់​តែ​ប្តូរ​ប្រាក់​របស់​ខ្លួន​នៅ​កន្លែង​ប្តូរ​ប្រាក់​ទៅ​ជា​ កាក់​ជា​មុន​សិន​»។

នៅ​ម៉ោង​ជិត ៩ យប់ មាន​អ្នក​លេង​ល្បែង​ជាជន​ជាតិ​កម្ពុជា​ជាច្រើន​ថែម​ទៀត​បាន​មក​លេង​ល្បែង​ ក្រោម​ការ​ឃ្លាំ​មើល​ពី​អ្នក​ចាត់​ការ អ្នក​គ្រប់គ្រង និង​សន្តិសុខ​របស់​កាស៊ីណូ​នានា។
កាល​ពី​ខែ​សីហា ​កិច្ច​ប្រជុំ​មួយ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​ប្រមូល​ផ្តុំ​គណៈ​គ្រប់គ្រង​ពី​កាស៊ីណូ​ទាំង​៦១ កន្លែង នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​បទល្មើស​កើន​ឡើង​នៅ​ក្នុង​កាស៊ីណូ។
បើ​ទោះ​ជា​ភ្ញៀវ និង​បុគ្គលិក​កាស៊ីណូ​នៅ​ទីក្រុង​បាវិត​មើល​មិន​ឃើញ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​ឧត្តម​សេនីយ៍ សុខ ផល អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​បាន​លើក​ឡើង​ពី​ចំណុច​នេះ​យ៉ាង​ច្បាស់​ថា៖ « យើង​សូម​លើក​ទឹក​ចិត្ត​ម្ចាស់​កាស៊ីណូ​ទាំង​អស់​ឲ្យ​គោរព​ច្បាប់​កម្ពុជា​ ឲ្យ​បាន​តឹងរ៉ឹង ហើយ​សុំ​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ចូល និង​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់​ខ្លួន​ជា​បន្ទាន់»។

ប្តូរ​ពី​កាស៊ីណូ​នៅ​លើ​នាវា ទៅ​ជា​កាស៊ីណូ​នៅ​តាម​ព្រំដែន​វិញ
ការ​លេង​ល្បែង​ទោះ​ក្នុង​ទម្រង់​ណា​ក៏ ដោយ សម្រាប់​ប្រជាជន គឺជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជា នេះ​បើ​យោង​ទៅ​តាម​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ល្បែង​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភា នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៦។
ក្នុង​ឆ្នាំ ១៩៩៤ អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ទី១ ត្រូវ​បាន​ផ្តល់​ឲ្យ​ណាហ្គាវើល​ដែល​បើក​នៅ​លើ​នាវា​ដែល​ស្ថិត​នៅ​ដង​ទន្លេ ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ។
ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល ប៉ុន្តែ​ រាជ​រដ្ឋាភិបាល និង​ប្រតិបតិ្តករ​កាស៊ីណូ បាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុង​ស្រុក​ចូល​លេង​ល្បែង ដោយ​ធូរ​រលុង​នោះ​ទេ។
លោក Thomas Pearson ​ទីប្រឹក្សា​ច្បាប់​ជាន់​ខ្ពស់​នៃ​ក្រុម​មេធាវី BNG Legal បាន​ថ្លែង​ថា ៖ «​ច្បាប់​ល្បែង​កម្ពុជា​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ និង​ផ្លូវការ​នៅ​ឡើយ​ទេ»។
ស្រដៀង​នឹង​កាស៊ីណូ​នៅ​ព្រំដែន​វៀតណាម ទីក្រុង​អូរស្មាច់​ព្រំដែន​ថៃ មាន​ជនជាតិ​ថៃ​ប្រហែល ២០០០ នាក់ បាន​ឆ្លង​កាត់​ព្រំដែន​ជា​រៀង​រាល់​ថ្ងៃ។ នេះ​បើ​យោង​តាម​លោក ឃុន សារ៉ុន មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ​បាន​ឲ្យ​ដឹង​។
ទោះ​ជា​យ៉ាង​ណា នៅ​ពេល​មន្រ្តី​នគរបាល និង​សន្តិសុខ​កាស៊ីណូ​បញ្ចប់​វេន​ធ្វើ​ការ ប្រជាជន​កម្ពុជា​ចូល​ទៅ​ក្នុង​កាស៊ីណូ​បាន​យ៉ាង​ងាយស្រួល។
លោក ឃុន សារ៉ុន បាន​បន្ត​ថា៖ «នៅ​តែ​មាន​ប្រជាជន​កម្ពុជា ជា​ច្រើន​នាក់ ដែល​ចាញ់​ល្បែង ហើយ​អស់​ផ្ទះ​សម្បែង និង​ក្លាយ​ជា​អ្នក​ក្រ។ អ្នក​ខ្លះ​ក្លាយ​ជា​អ្នក​សុំ​ទាន ព្រោះ​តែ​គេ​ញៀន​ល្បែង»។

គជ់​នៃ​រាជធានី​ភ្នំពេញ
កាស៊ីណូ ណាហ្គាវើល នៅ​កណ្តាល​រាជធានី​ភ្នំពេញ​សម្បូរ​ដោយ​ភ្ញៀវ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ថ្មីៗ​នេះ ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​តុ​ល្បែង blackjack ទូរ៉ូឡែត តុ baccarat និង​ស្លុត​ម៉ាស៊ីន។ បើ​ទោះ​បី​ជា​មាន​កង​សន្តិសុខ​ស្លៀក​ពាក់​ឯកសណ្ឋាន​ច្រើន​ក៏​ដោយ ក៏​ប៉ុន្តែ​ជន​ជាតិ​ខ្មែរ​ដើរ​ចូល​កាស៊ីណូ​ដោយ​សេរី ហើយ​ខ្លះ​ចូល​លេង​នៅ​តុ​ល្បែង​ទៀត​ផង។
សន្តិសុខ​ម្នាក់​ថា៖ «​គ្មាន​ការ​ហាម​ឃាត់​ប្រជាជន​ខ្មែរ​មក​កាន់​ទីនេះ​ទេ។ ​ពួក​គេ​អាច​មក​បាន​ដោយ​សេរី»។
បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់ អាយុ ៣២ ឆ្នាំ បាន​និយាយ​ថា លោក​មក ណាហ្គាវើល​ជា​ប្រចាំ ហើយ​អាច​ឈ្នះ ឬ​ចាញ់ ១ពាន់​ដុល្លារ​អាមេរិក ជា​រៀង​រាល់​ថ្ងៃ។
លោក​លើក​ឡើង​ថា៖ «ខ្ញុំ​មក​ទីនេះ ព្រោះ​ខ្ញុំ​ជំពាក់​ប្រាក់​ ឥឡូវ​នេះ ខ្ញុំ​មក​ទី​នេះ​៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ គេ​មិន​ដែល​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​អាច​លេង​ល្បែង​បាន​ទេ។ ប្រសិន​បើ​ខ្ញុំ​លេង​ឈ្នះ​បាន​មួយ​លាន​ដុល្លារ ខ្ញុំ​នៅ​តែ​មក​វិញ​នៅ​ថ្ងៃ​ស្អែក​ទៀត​ដដែល»។
លោក Florian Pastiu ប្រធាន​ប្រតិបតិ្តការ​កាស៊ីណូ ណាហ្គាវើល​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ​លើ​បញ្ហា​នេះ ប៉ុន្តែ​ លោក​កត់​សម្គាល់​ដែរ​ថា មាន​ប្រជាជន​កម្ពុជា​ដែល​មាន​សញ្ជាតិ​ពីរ​ អាច​លេង​ល្បែង​ដោយ​ស្រប​ច្បាប់​បាន។
ក្រុមហ៊ុន​ណាហ្គាវើល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​នោះ​ទេ​ទាក់ទង​នឹង​បញ្ហា​នេះ បើ​ទោះ​បី​ភ្នំពេញ ប៉ុស្ដិ៍ បាន​ស្នើ​សុំ​ជាច្រើន​ដង​ក៏​ដោយ។
យោង​តាម​ប្រភព​ដែល​យល់​ដឹង​ច្បាស់​ ពី​ប្រតិបតិ្តការ​ល្បែង​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ច្រើន​ជាង​៧០ ភាគរយ​របស់​ ណាហ្គាវើល គឺ​បាន​មក​ពី​អ្នក​លេង​ល្បែង​ក្នុង​ស្រុក ​ហើយ​ប្រាក់​ចំណូល​ជាច្រើន​បាន​មក​ដោយ​សារ​ជន​កម្ពុជា​ញៀន​ម៉ាស៊ីន​ល្បែង។
លោក Traci Mangini ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Entertainment Gaming Asia  ជា​ក្រុម​ហ៊ុន​ពហុជាតិ ដែល​ជួល​និង​គ្រប់គ្រង​រួម​លើ​ស្លុត​ម៉ាស៊ីន​ចំនួន ៦៧០ គ្រឿង​នៅ ណាហ្គាវើល​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា៖ «ប្រភព​ចំណូល​ចម្បង​របស់​យើង​នៅ​កម្ពុជា​បច្ចុប្បន្ន​ គឺ​ស្លុត​ម៉ាស៊ី​នៅ​កាស៊ីណូ  ណាហ្គាវើល​»។
ការ​យក​ពន្ធ​ដ៏​ធូរ​រលុង
កាស៊ីណូ ៦១ កន្លែង ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គោរព​តាម​រចនា​សម្ព័ន្ធ​ដោយ​ឡែក​ពី​ក្រុមហ៊ុន ​ប្រហែល​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ឧស្សាហកម្ម​ល្បែង។
ការ យក​ពន្ធ​កាស៊ីណូ​ត្រូវ​បាន​គ្រប់គ្រង ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើ​ទោះ​ជា​សេចក្តី​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​កំណត់​ពន្ធ​កាស៊ីណូ ពុំ​ទាន់​មាន​លក្ខណៈ​ច្បាស់​លាស់​ក៏​ដោយ។
លោក វ៉ាន់ ម៉ី ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ «កាស៊ីណូ​នីមួយៗ​មាន​សកម្មភាព​ខុសៗ​គ្នា។ បើ​កាស៊ីណូ​រក​ចំណូល​បាន​ច្រើន ​កាស៊ីណូ​នឹង​បង់​ពន្ធ​ច្រើន បើ​កាស៊ីណូ​រក​ចំណូល​បាន​តិច គេ​បង់​ពន្ធ​តិច​»។
លោក វ៉ាន់ ម៉ី បាន​បដិសេធ​មិន​រៀបរាប់​លម្អិត​អំពី​រចនា​សម្ព័ន្ធ​នៃ​ការ​ប្រមូល​ពន្ធ​ពី​កាស៊ីណូ​ទេ។
យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ឆ្នាំ ២០១១ របស់​ ណាហ្គាវើល កាស៊ីណូ​បាន​បង់ពន្ធ​តាម​កំណត់​ព្រមព្រៀង​។ ក្រុមហ៊ុន​កាស៊ីណូ​នេះ​បាន​បង់ពន្ធ​ល្បែង​ចំនួន ២២៨០៦៩ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​ និង​ពន្ធ​ក្រៅ​ពី​ល្បែង ១០៣៥០០ ដុល្លារ ក្នុង​មួយ​ខែ​ទៅ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​
ការ​ព្រមព្រៀង​បែប​នេះ​អនុញ្ញាត​ឲ្យ ណាហ្គាវើល បង់ពន្ធ​ត្រឹម​តែ ៣,៩៨ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​លើ​ប្រាក់​ចំណូល ៩៦ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ ២០១១។ គឺជា​អត្រា​ពន្ធ​ប្រចាំ​ឆ្នាំ ៤,១ ភាគរយ ដែល​តិច​ជាង​អត្រា​ពន្ធ​ក្រុមហ៊ុន ២០ ភាគរយ។
ការ យក​ពន្ធ​មួយ​ចំណែក​តូច ដោយ​រដ្ឋាភិបាល​កម្ពុជា ចោទ​ជា​សំណួរ​ថា តើ​អ្នក​ណា​ទទួល​បាន​អត្ថប្រយោជន៍​ពី​កាស៊ីណូ​ទាំង​នេះ នៅ​កម្ពុជា។
លោក ជា ប៉េងឈាង រដ្ឋ​លេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា ៖ «​ប្រាក់​ចំណូល​ពី​ពន្ធ​កាស៊ីណូ​មិន​ច្រើន​ទេ។ គ្រាន់​តែ​ជា​មួយ​ផ្នែក​នៃ​ថវិកា​រដ្ឋ ហើយ​ប្រាក់​ចំណូល​ទាំង​នេះ​នឹង​ប្រើ​ប្រាស់​សម្រាប់​រាល់​ការ​ចំណាយ​ទាំង​ អស់​របស់​រដ្ឋាភិបាល»។

ពេលវេលា​ត្រូវ​បិទទ្វារ
នៅ​ទីក្រុង​បាវិត បន្ទប់​មួយ​គឺ​សម្រាប់​អ្នក​លេង​ល្បែង​សម្រាក​ពេល​យប់ នៅ​ពេល​ពួក​គេ​អស់​ប្រាក់​ពី​ហោ​ប៉ៅ។
ហាង​បញ្ចាំ​ ២៤ ម៉ោង ទទួល​យក​ម៉ូតូ នាឡិកា និង​គ្រឿង​អលង្ការ​ពី​អ្នក​លេង​ល្បែង​ចាញ់ ដែល​ណែ​នាំ​ដោយ​ឈ្នួញ​កណ្តាល ដែល​មាន​ពាសពេញ​វង់​ល្បែង។ ​នៅ​ពី​ក្រោយ​ហាង​បញ្ចាំ​នោះ គេ​ឃើញ​កាស៊ីណូ វិន ដែល​បិទ​ទ្វារ​ និង​ងងឹត​សូន្យ​ឈឹង​។
លោក លីម អៀង នាយ​សន្តិសុខ​កាស៊ីណូ​នៅ​បាវិត​ នៃ​ក្រសួង​មហា​ផ្ទៃ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា បើ​ទោះ​ជា​អ្នក​លេង​ល្បែង​កម្ពុជា​បន្ត​មក​កាស៊ីណូ​ជា​ញឹកញាប់ ទូទាំង​ប្រទេស​ក៏​ដោយ ក៏​ប៉ុន្តែ​ចំនួន​នោះ​បាន​ថយ​ចុះ ចាប់​តាំង​ពី​កិច្ច​ប្រជុំ​ជាមួយ​ម្ចាស់​កាស៊ីណូ​ថ្នាក់​ជាតិ​មក​ម្ល៉េះ។
លោក អៀង បាន​បន្ថែម​ថា៖ «​ពី​មុន មាន​ខ្មែរ​មក​លេង​ល្បែង​ច្រើន ប៉ុន្តែ​ឥឡូវ​នេះ​មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​ហ៊ាន​មក​លេង​។ កាស៊ីណូ​ទាំង​អស់​ជិត​បិទ​ទ្វារ​ហើយ​ព្រោះ​គ្មាន​ខ្មែរ​​លេង»។
អ្នក ចែក​បៀរ​នៅ​កាស៊ីណូ​មួយ​នៅ​បាវិត​ប្រាប់​យ៉ាង​ខ្លី​ថា ៖ «ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ជន​កម្ពុជា​លេង​ល្បែង​នៅ​កាស៊ីណូ​ទេ​ តែ​គេ​នៅ​តែ​មក​លេង»​៕ TK

No comments:

Post a Comment

yes