កណ្ដាល ៖ សកម្មភាពបទល្មើសនេសាទ នៅខេត្ដកណ្ដាលក្នុងរដូវបិទនេសាទមានការកើនឡើងយ៉ាងខ្លាំងជាងឆ្នាំមុនៗដោយសារមានភាពធូរលុងក្នុងការចុះបង្ក្រាបរបស់អាជ្ញាធរ និងមន្ដ្រីជំនាញជលផល ទើបក្រុមរកស៊ីនេសាទខុសច្បាប់ទាំងនោះកំពុងតែសប្បាយ ប្រើប្រាស់ឧបករណ៍ចាប់ត្រីក្នុងរដូវបិទនេសាទនេះ ដូចជាដាក់សៃយឺនស្បៃមុង និងអួនក្រឡាញឹក ឬធំរាប់រយម៉ែត្រជាពិសេសបើកឲ្យមានការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់យ៉ាងអនាធិបតេយ្យហាក់ដូចជាផ្គើនទៅនឹងបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលដែលបានប្រកាសឲ្យអាជ្ញាធរពាក់ព័ន្ធជាពិសេសមន្ដ្រីជំនាញជលផលត្រូវសហការចុះអនុវត្ដតាមបទបញ្ជាលេខ០០១នេះឲ្យមានប្រសិទ្ធភាព ។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយបទល្មើសនេសាទដោយមានការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទូទាំងខេត្ដកណ្ដាលកាន់តែមានការកើនឡើង ទៅវិញគឺវាផ្ទុយពីបទបញ្ជាលេខ០០១ ទាំងស្រុង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជាអ្នកនេសាទត្រីតាមលក្ខណៈគ្រួសាររបស់នៅក្នុងខេត្ដកណ្ដាលបានឲ្យវរជនខ្មែរដឹងថា បច្ចុប្បន្នក្រុមរកស៊ីនេសាទត្រីធំៗនេះគឺពួកគេបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីជំនាញជលផលបង់លុយឲ្យដល់ក្រុមសមត្ថកិច្ចទាំងអស់នោះរួចរាល់ហើយបានជាក្រុមរកស៊ីនេសាទត្រីធំៗអាចធ្វើសកម្មភាពនេសាទត្រីនៅរដូវបិទនេសាទនេះដោយគ្មានខ្លាចញញើតដល់អាជ្ញាធរមូលដ្ឋានណាម្នាក់ឡើយ ។ ការប្រើប្រាស់ឧបករណ៍ចាប់ត្រីខុសច្បាប់របស់ក្រុមរកស៊ីនេសាទត្រីទូទាំងខេត្ដកណ្ដាលមានដូចជាឧបករណ៍ដាក់សៃយឺន ស្បៃមុង និងអួនក្រឡាញឹក ឬធំ សម្រាប់ចាប់មេត្រីពូជដែលកំពុងពងកូន នៅរដូវបិទនេសាទនេះតែម្ដង។
សកម្មភាពរបស់ក្រុមរកស៊ីនេសាទត្រីខុសច្បាប់នៅរដូវបិទនេសាទនេះច្រើនជាងគេមានដូចជានៅក្នុងស្រុកពញាឮ ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកស្អាង ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកលើកដែក ស្រុកកោះធំ ដោយសារអាជ្ញាធរ និងមន្ដ្រីជំនាញជលផលធ្វើមិនដឹងមិនឮក្នុងការបង្ក្រាបទំនងជាមានជាប់ពាក់ព័ន្ធជាមួយបញ្ហាផលប្រយោជន៍ហើយមើលទៅ ។ ប្រភពដដែលបានអះអាងបន្ដទៀតថា បទល្មើសនេសាទដែលមាននៅក្នុងបណ្តាស្រុកខាងលើនេះមាន ការកើនឡើងជាលំដាប់ដោយសារមានភាពអន់ខ្សោយរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្ដ បញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល ឬក៏អាជ្ញាធរមូលដ្ឋានទាំងអស់នោះគាត់ទទួលបានលាភសក្ការៈពីក្រុមរកស៊ីប្រព្រឹត្ដបទល្មើសនេសាទខុសច្បាប់ដែលបានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដូចខាងលើនោះហើយមើលទៅបានជាហ៊ានផ្គើន នឹងបទបញ្ជាលេខ០០១ នេះ ។
ប្រជាពលរដ្ឋបានរិះគន់ដល់អាជ្ញាធរមូលដ្ឋានដែល បានឃុបឃិតជាមួយក្រុមរកស៊ីនេសាទត្រីនៅរដូវបិទនេសាទដែលកំពុងតែបំផ្លិចបំផ្លាញមច្ឆជាតិដោយសារតែពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះគឺមិនបានគិតដល់ប្រយោជន៍ជាតិនោះទេ ។ ការឃុបឃិតគ្នារបស់មន្ដ្រីជលផលក្នុងខេត្ដកណ្ដាលបានបើកដៃឲ្យមានបទល្មើសនេសាទនៅរដូវបិទនេសាទយ៉ាងអនាធិបតេយ្យបែបនេះតើលោក ណៅ ធួក គួរចាត់វិធានការរបៀបណាចំពោះមន្ដ្រីជលផលខិលខូចក្រោមឱវាទរបស់ខ្លួននោះ ព្រោះកន្លងមក ប្រមុខរាជរដ្ឋាភិបាលបានរឹតបន្តឹងរួចហើយពីការបង្ក្រាបបទល្មើសនេសាទនេះ សម្រាប់ការអភិរក្សធនធានមឆ្ឆជាតិ ៕
No comments:
Post a Comment
yes