សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

សកម្មជន​បក្ស​សមរង្ស៊ី​នៅ​បាត់ដំបង​ចោទ​មេ​ភូមិ​បក្ស​ប្រជាជន​ថា​គំរាម​សម្លាប់


សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់ រស់នៅ​ភូមិ​ទួលស្វាយ ឃុំ​មុខរាហុ៍ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​រូប​គាត់​ទទួល​រង​ការ​គំរាម​សម្លាប់​ពី​សំណាក់​មេ​ភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។
លោក អ៊ុង រឹម បាន​ថ្លែង​នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ថា កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា កន្លង​ទៅ លោក ម៉ន ជ្រឿន ជា​មេ​ភូមិ​ទួលស្វាយ បាន​ជួប​ជជែក​ជាមួយ​រូប​លោក នៅ​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។ លោក​មេ​ភូមិ បាន​ព្យាយាម​អូស​ទាញ​គាត់​ឲ្យ​ចុះ​ចូល និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ លោក​បដិសេធ​មិន​ព្រម ក៏​ធ្វើ​ឲ្យ​គាត់​មាន​ការ​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ គំរាម​សម្លាប់​ថែម​ទៀត។
លោក អ៊ុង រឹម បន្ត​ថា ក្រោយ​ពី​មាន​ការ​គំរាម​ពី​លោក​មេ​ភូមិ នៅ​ពេល​យប់ មាន​ជន​មិន​ស្គាល់​មុខ បាន​យក​ដុំ​ថ្ម​ចំនួន​បី​ដុំ គប់​ទៅ​លើ​ដំបូល​ផ្ទះ​របស់​គាត់​ថែម​ទៀត។ ករណី​នេះ ធ្វើ​ឲ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។ លោក​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​មុខរាហុ៍ ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​ពុំ​មាន​ការ​ដោះស្រាយ​នោះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​ទាក់​ទង​លោក ម៉ន ជ្រឿន ជា​មេ​ភូមិ​ទួលស្វាយ ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ចោទ​របស់​សកម្មជន​គណបក្ស សម រង្ស៊ី នេះ​បាន​នោះ​ទេ។
ប៉ុន្តែ លោក អ៊ូច សម្បត្តិ មេ​ឃុំ​មុខរាហុ៍ បាន​ថ្លែង​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​បណ្ដឹង​ផ្ទាល់​មាត់​ពី​លោក អ៊ុង រឹម ជា​សកម្មជន​របស់​គណបក្ស សម រង្ស៊ី។ លោក​បន្ត​ថា ដោយ​សារ​តែ​លោក​ជាប់​រវល់​ពី​រឿង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត នៅ​ពុំ​ទាន់​លើក​យក​សំណុំ​រឿង​នេះ មក​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​នោះ​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្តី លោក អ៊ុង រឹម បាន​ថ្លែង​ថា លោក​បាន​រត់​ទៅ​ប្ដឹង​អាជ្ញាធរ​ឃុំ តាំង​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា មក​ម្ល៉េះ ហើយ​ស្មៀន​ឃុំ​ក៏​បាន​សួរ​នាំ ធ្វើ​កំណត់​ហេតុ​រួច​ហើយ​ដែរ ប៉ុន្តែ​ពួក​គេ​មាន​បំណង​ចង់​គេចវេស​ពី​ការ​ដោះស្រាយ ដោយ​សារ​តែ​មេ​ភូមិ​ឈ្មោះ ម៉ន ជ្រឿន ជា​មេ​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ជំទប់​ទី២ ឃុំ​មុខរាហុ៍ មក​ពី​គណបក្ស សម រង្ស៊ី លោក ធឿន ធីម បាន​ថ្លែង​ថា ករណី​ខាង​លើ​នេះ ធ្វើ​ឲ្យ​សកម្មជន​គណបក្ស សម រង្ស៊ី មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ឃុំ​កន្លង​ទៅ​ថ្មី​នេះ លោក​បាន​លើក​យក​ករណី​របស់​លោក អ៊ុង រឹម ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ប៉ុន្តែ លោក​មេ​ឃុំ​ពុំ​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ។
ទោះ​យ៉ាង​នេះ លោក សែម ពិរោះ ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​រុក្ខគិរី និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ប្រចាំ​ស្រុក​ផង​នោះ បាន​ថ្លែង​ថា ក្នុង​នាម​រូប​លោក​ជា​មន្ត្រី​របស់​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ លោក​ពុំ​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​លោក​មេ​ភូមិ ដែល​បាន​យក​តួនាទី​របស់​ខ្លួន​ជា​អាជ្ញាធរ​បម្រើ​ផល​ប្រយោជន៍​រួម​ឲ្យ​ប្រជាពលរដ្ឋ បែរ​ទៅ​ជា​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​សម្លាប់​ដូច្នេះ​ឡើយ។
មន្ត្រី​គណបក្ស សម រង្ស៊ី អះអាង​ថា បើ​សិន​ករណី​នេះ អាជ្ញាធរ​ឃុំ​ពុំ​បាន​ធ្វើ​ការ​សម្រប​សម្រួល​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត និង​អាច​ទទួល​យក​បាន​ទេ គណបក្ស សម រង្ស៊ី នឹង​បន្ត​ប្ដឹង​ទៅ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត ទៀត ដើម្បី​ទាមទារ​រក​យុត្តិធម៌ ចំពោះ​សកម្មជន​គណបក្ស សម រង្ស៊ី ឈ្មោះ អ៊ុង រឹម ដែល​ត្រូវ​លោក​មេ​ភូមិ​គំរាម​សម្លាប់ ដោយ​សារ​ហេតុផល​នយោបាយ​អូស​ទាញ​គាត់​ឲ្យ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សម្រេច៕

No comments:

Post a Comment

yes