សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

អ្នក​កំប្លែង​ស្រុក​ខ្មែរ​មួយ​ចំនួន​សម្តែង​គ្មាន​សីលធម៌!


ប្រសិន​បើ​តំណាង​រាស្ត្រ​ ឬ​ក៏​រដ្ឋ​មន្ត្រី​ដើរ​ចូល​ផ្សារ ​ឬ​ក៏​ទីកន្លែង​ទីសាធារណៈ​ណា​មួយ ហាក់​បី​ដូច​ជា​ពុំ​សូវ​មាន​ការ​ចាប់​អារម្មរណ៍​ ឬ​ស្គាល់​ទេ ហើយ​បើ​ស្លាប់​ទៀត​គឺ​ជា​រឿង​ធម្មតា​ គ្មាន​នរណា​ទៅ​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​។​ តែ​បើ​មាន​តារាៗ​ ពិធីករ-ពិធីការិនី​ អ្នក​កំប្លែ​ង​ ឬ​ក៏​អ្នក​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​វិញ គ្រាន់​តែ​ចុះ​ពី​លើ រថយន្ត​ភ្លាម​គឺ​នរណាៗ​ក៏​ស្គាល់ ក៏​ដឹង​ថា​ ឈ្មោះ​នេះ ​ឈ្មោះ​នោះ ហើយ​នាំ​គ្នា​ផ្អើល​ឈូ​ឆរ​មក​រោម​មើល​ជិត​ឈឹង​តែ​ម្តង​។​ នេះ​សរបញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គាត់​ជា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​ តាម​រយៈ​ការ​សម្តែង​របស់​ពួក​គេ​។
បើ​ដឹង​ថា ខ្លួន​ជា​មនុស្ស​មាន​ឥទ្ធិពល​ដូច្នេះ ​ចុះ​ហេតុ​អ្វី​បាន​ជា​ តារា​កំប្លែង​មួយ​ចំនួន សម្តែង​សឹង​តែ​គ្រប់​រឿង​ តាម​របៀប​អសីលធម៌​ ពាលា​អាវាសែ បំពុល​សង្គម​ទៅ​វិញ​? ហេតុ​អ្វី​បាន​ជា​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​ ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​រឿង​នេះ​?
ឥឡូវ​នេះ មាន​ឪពុក​ម្តាយ​អ្នក​ទីក្រុង​ខ្លះ ​ឲ្យ​តែ​ឃើញ​ក្រុម​កំប្លែង​នាយ​ក្រឹម​ នាយ​កុយ និង​នាយ​សាន់​ម៉ៅ អើត​ក​ចេញ​មក​តាម​កញ្ចក់​ទូរទស្សន៍​ភ្លាម​ គឺ​បិទ​មិន​ឲ្យ​កូនៗ​គាត់​មើល​តែ​ម្តង​ ​ព្រោះ​ពួក​គាត់​ខ្លះ ធ្លាប់​មាន​បទពិសោធ​ពេល​កូន​គាត់​បាន​ឃើញ​កាល​ពី​ការ​សម្តែង​យក​ដប​ទឹក​ សុទ្ធ​វាយ​ក្បាល​គ្នា គឺ​បន្ទាប់​មក​កូន​គាត់​យក​ដប​ទឹក​សុទ្ធ​វាយ​ក្បាល​គាត់​ដែរ​។ ​

មក​ ដល់​ពេល​នេះ ការ​សម្តែង​ការ​ប្រើ​ហិង្សា​តាម​រយៈ​ពាក្យ​សម្តី​កាយវិការ ការ​ជេរ​ប្រមាថ​មើល​ងាយ ប្រើ​ពាក្យ​អាមឹង​ដាច់​សាច់​និង​ប្រើ​ពាក្យ​ចម្អេះ​ចំ​អាស​របៀប​ដៀម​ដាម ផ្លូវ​ភេទ​នៅ​តែ​មាន​។
ឧទាហរណ៍​៖​ នាយ​ក្រឹម​ជា​តារា​កំប្លែង​សម្បូរ​ទៅ​ដោយ​រឿង​អាស្រូវ។​ គាត់​ធ្លាប់​បាន​ប្រើ​ពាក្យ​ប្រមាថ​ទៅ​លើ​កម្មករ​ រោង​ចក្រ កាល​ពី​គាត់​សម្តែង​ជា​មួយ​នាយ​កុយ​ និង​អ្នក​នាង​ សំ ប៉ូលីដា នៅ​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​ ៣​ ។​ កាល​ណោះ ​នាយ​ក្រឹម និង​ប៉ុស្តិ៍​លេខ​ ៣ ​ទទួល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ ​ពី​សំណាក់​កម្មករ​រហូត​ដល់​កម្មវិធី​នោះ​ ត្រូវ​បាន​បិទ​ចោល​តែ​ម្តង​។ នាយ​ក្រឹម​ធ្វើ​ព្រងើយ ​មិន​ខ្ចី សុំ​ទោស​ ហើយ​ក៏​គ្នាន​នរណា​ហ៊ាន​ធ្វើ​អ្វី​នាយ​ក្រឹម​ដែរ​។​ តើ​មាន​ខែល​អ្វី​នៅ​ពី​ក្រោយ ​អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​ក្រឹម​?​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​ហង្ស​មាស ​កម្មវិធី​តន្ត្រី​លើ​ទឹក​កាល​ពី​ថ្ងៃទី​១៣​ ខែ​តុលា​កន្លង​ទៅ​នេះ​រឿង «កុំ​ស៊ី​តាម​ឃ្លាន​កុំ​ហ៊ាន​តាម​ចង់​!​» ដែល​​សម្តែង​ដោយ​ក្រុម​នាយ​ក្រឹម​។​ តួអង្គ​កូន​ស្រី​យាយ​«ឆយ»​ ជា​អ្នក​លក់​ផ្កា​ឈូក​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​គាត់​លក់​ផ្កា​ឈូក​ទៅ​ឲ្យ​យាយ​«យ៉យ»​ថា​៖​«​អា​ក្រពុំ​ក៏​១​ម៉ឺន​អារីក​ស្ញាញ​ក៏ ១​ម៉ឺន​ដែរ​!​»​យាយ​«យ៉យ»​ ក៏​ពោល​ពាក្យ​ទៅ​វិញ​   ថា​៖«​កុំ​ថែម ​អារីក​ស្ញាញ​ទៀត អាញ់​មិន​ចូល​ចិត្ត​ទេ​វ៉ឺយ!»។ ឃ្លា​ទាំង​នេះ ​គឺ​ដៀម​ដាម​ផ្លូវ​ភេទ​ស្រី​ដាក់​គ្នា។
ហេតុ​អ្វី​ខ្លួន​ជា​ស្រ្តី ហើយ​ខំ​ប្រឹង​ហែក​កេរ្តិ៍​ខ្មាស​ខ្លួន​ឯង​ដាក់​គ្នា​ម៉្លេះ​?ឬ​មួយ​ក៏​ កំប្លែង​ចេះ​តែ​ហែក​កេរ្តិ៍​គ្នា​ប៉ុណ្ណឹង​ទេ?
នៅ​លើ​កញ្ចក់​ ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន បាន​សម្តែង​កម្មវិធី​ភ្ជុំបិណ្ឌ​កាល​ពី​ថ្ងៃ​ទី​ ១៣ ​តុលា ​សម្តែង​ដោយ​ក្រុម​នាយ​កុយ​។ ក្នុង​មួយ​សាច់​រឿង​គឺ​ខិតខំ​តែ​បង្ហាញ​សកម្មភាព​ហិង្សា​ទាំង​ពាក្យ សម្តី​ និង​ទាំង​កាយ​វិការ​ ពី​ដើម​រហូត​ដល់​ចប់​។​...កូន​បង្កើត​របស់​នាយ​កុយ ​បាន​ដើរ​តួ​ប្តី​យាយ​ខ្លី​បាន​ពោល​ពាក្យ​គំរោះ​គំរើយ​ទៅ​យាយ​ខ្លី​ថា​៖« ​អឺខ្លី!» យាយ​ខ្លី​ឆ្លើយ​ថា​៖«​ចាស​បង​​!»​ កូន​ប្រុស​នាយ​កុយ​បន្ថែម​ទៀត​ថា​៖«​ល្ងង់​ណាស់​ៗ​ ល្ងង់​អ៊ើយ​ល្ងង់ ឯង​នៅ​ផ្ទះ​ធ្វើ​អី? យាយ​ខ្លី​ឆ្លើយ​ថា៖​«ហើយ​វា​ថី?»...យាយខ្លី​ក៏​បាន​យក​ថាស បាយ​មក​បក់​ឲ្យ​ប្តី​និង​មិត្តភក្តិ​ប្តី​កំពុង​​តែ​ផឹក​ស៊ី។​ តែ​យាយ​ខ្លី​ឆ្លៀត​ឱកាស​យក​ថាស​បាយ​នោះ​វាយ​ក្បាល​ទាំង​ប្តី​ ទាំង​មិត្ត​ភក្តិ​ប្តី​។ សរុប​មក​វិញ​ បើ​ប្រៀប​ធៀប​ការ​កំប្លែង​នៅ​ស្រុក​ខ្មែរ​ និង​ការ​កំប្លែង​ស្រុក​គេ​វិញ​ គឺ​ខុស​គ្នា​ស្រឡះ​គឺ​គេ​កំប្លែង​បែប​ស្ងួត​ហើយ​ងាយ​យល់​ទៀត​ បែប​រិះគន់​ទៅ​នឹង​សង្គម​ជាក់​ស្តែង​។ ឧទាហរណ៍​៖ តារា​កំប្លែង​សាក់ឡូ បាន​សម្តែង​កំប្លែង​ស្ងួត​មិន​ប្រើ​សំឡេង​ដ៏​ល្បី​មួយ​នៅ​អាមេរិក ដែល​បង្ហាញ​ពី​អ្នក​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ចាប់​ខ្ចៅ​ម៉ាស៊ីន​ម្នាក់​ នៅ​ពេល​ដែល​ចេញ​ក្រៅ​រោងចក្រ​ហើយ​ក៏​ដោយ​ក៏​គាត់​ដើរ​ទៅ​ចាប់​ខ្ចៅ​មនុស្ស​ទៅ​វិញ​។ នេះ​បញ្ជាក់​ថា ​នៅ​ស្រុក​អាមេរិក​គឺ​ម្នាក់ៗ​គិត​តែ​ពី​រឿង​ធ្វើ​ការងារ ធ្វើ​ការ​ចង់​ឆ្កូត​។
ហេតុ អ្វី​បាន​ការ​សម្តែង​កំប្លែង​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ ​ចូល​ចិត្ត​តែ​បង្រៀន​នូវ​អ្វីៗ​ ដែល​អាក្រក់ៗ​ដល់​សង្គម​?​ជា​រឿយៗ​ឮ​សូរ​ក្មេង​ៗ យុវវ័យ​យក​ពាក្យ​អាមឹង​របស់​នាយ​ក្រឹម និង​នាយ​ក្តិប​មក​ប្រើ​ដូច​ជា ការ​ចង្អុល​មុខ​គ្នា​ហើយ​និយាយ​ថា​៖«អូ! ហ្អែង! ​អាយ៉ះ​ក្បាល​ឥឡូវ​ហ្អែង​!...»​អ៊ី​ចឹង​ហើយ​បាន​ជា​ថា​ ពួក​គេ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​ ប្រសិន​បើ​ពួក​​អ្នក​សម្តែង​នាំ​ទៅ​រក​ផ្លូវ​ល្អ ​គឺ​នាំ​សង្គម​ទៅ​រក​ផ្លូវ​ល្អ ​តែ​បើ​ការ​សម្តែង​នាំ​ទៅ​អាក្រក់​គឺ​នាំ​មនុស្ស​ឲ្យ​ប្រព្រឹត្ត​របៀប​ អសីលធម៌​ផង​ដែរ​។ ​សំណួរ​នៅ​តែ​សួរ​ថា បើ​ឃើញ​អំពើ​អវិជ្ជមាន​ទាំង​នេះ​​ហើយ​ហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល​នៅ ​តែ​ធ្វើ​មិន​ដឹង​មិនឮ? តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​ប្រព័ន្ធ​ព័ត៌មាន​ណា​ដែល​លើក​ស្ទួយ​ពី​សិទ្ធិ​មនុស្ស​វិញ​ឲ្យ​ តែ​សរសេរ​ស្រួល​មិន​ស្រួល​ហ្នឹង​ គឺ​រាជ​រដ្ឋាភិបាល​ ឲ្យ​ចេញ​សេចក្តី​បំភ្លឺ ​ឬ​ហៅ​ទៅ​ព្រមាន​ឥឡូវ​ហ្នឹង​ ដូច​កាល​ពី​២​សប្តាហ៍​ថ្មីៗ​​វិទ្យុ​វីអូអេ និង​អាស៊ី​សេរី ​ត្រូវ​បាន​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី អញ្ជើញ​ទៅ​សាកសួរ​ជីកឫស ជីក​គល់​អំពី​បេស​កម្ម​ និង​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​។​ តែ​ចំ​ពោះ​ការ​កំប្លែង​បែប​ទំនើង​អី​ទំនើង​ទៅ ​ក៏​ក្រុម​ប្រត្តិកម្ម​រហ័ស​ មិន​ទៅ​ឈឺ​ក្បាល​វិល​មុខ​ជាមួយ​ទេ លែង​រហ័ស ​ហើយ​ទៅ​ជា​ស្ពឹក​ទៅ​វិញ។ ឯ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ គឺ​ដេក​លក់​បាត់​ទៅ​ហើយ​មិន​ខ្វល់​ខ្វាយ​ទេ។
បើ​រាជរដ្ឋាភិបាល​ នៅ​តែ​មិន​ហៅ​អ្នក​កំប្លែង​អសីល​ធម៌​ទាំង​នោះ​មក​ដោះ​ស្រាយ​បញ្ហា តម្រង់​ទិស​ទេ គឺ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​តែ​ធ្លាក់​ចុះ​កែ​មិន​ឡើងទេ​ហើយ​ អំពើ​ហិង្សា​ក៏​នៅ​តែ​មាន​ដូច​ការ​សម្តែង​កំប្លែង​អ៊ីចឹង។

No comments:

Post a Comment

yes