សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 23, 2012

សារាចរ​ថ្មី​កំណត់​យក​ថ្ងៃ​១៥​តុលា​រំឭក​ខួប​សម្តេច​ឪ​សោយ​ទិវង្គត

121023_8
ប្រ​ជាពល​រដ្ឋ​គ្រប់​ទិ​សទី មក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ​ព្រះ​ករុណាព្រះបាទ
សម្តេច​ព្រះនរោត្តម សីហនុ

ភ្នំពេញៈ ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ថ្មី​មួយ នឹង​ត្រូវ​ដាក់​នៅ​លើ​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដើម្បី​ជា​ថ្ងៃ​រំឭក​ដល់​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​ករុណា ព្រះ​បាទ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ។
នៅក្នុង​សារាចរ​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិល​មិញ រដ្ឋាភិបាល​បាន​កំណត់​ថ្ងៃ​ទី​១៥ ខែ​តុលា ​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ប្រចាំ​ឆ្នាំ និង​ជា​ថ្ងៃ​រំឭក​ដល់​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះ​មហាវីរ ក្សត្រ សម្តេច​ព្រះ​បាទ នរោត្តម សីហនុ។
សារាចរ​នេះ​បាន​បញ្ជាក់​ថា៖ «គ្រប់​ក្រសួង ស្ថាប័ន គ្រឹះ​ស្ថាន​សាធារណៈ​និង​ឯកជន ត្រូវ​រៀបចំ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ថ្ងៃ​ទី១៥ ខែ​តុលា ឲ្យ​បាន​ឧត្តុង្គ​ឧត្តម ស័ក្តិ​សម​នឹង​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ»។

សារាចរនេះ ក៏​ណែនាំ​ឲ្យ​គ្រប់​ស្ថាន​អគ្គ​រាជ​ទូត និង​ស្ថាន​កុង​ស៊ុល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គ្រប់​លំដាប់​ថ្នាក់ រួម​មាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ឲ្យ​បាន​ទូលំ​ទូលាយ និង​សម​ស្រប ​តាម​ព្រះ​គោរមងារ​របស់​ព្រះអង្គ ជា​ព្រះ​វររាជ​បិតា​ឯកភាព​ជាតិ​ខ្មែរ។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ថ្ងៃ​ឈប់​សម្រាក​ថ្មី​នេះ ប៉ុន្តែ ក៏​បាន​អំពាវ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ឈប់​សម្រាក​នៅ​ថ្ងៃទី​២៣ ខែ​តុលា ផង​ដែរ។
លោកថ្លែង​បន្តថា ៖ «ថ្ងៃទី​២៣ តុលា ត្រូវ​ទទួល​ស្គាល់​ថា ជា​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដែល​ជា​ស្នា​ព្រះហស្ត​សម្តេច​ឪ ដែល​គួរ​ទុក​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ»។
តាម​ប្រតិទិន​ឈប់ សម្រាក​ការងារ​ប្រចាំ​ឆ្នាំ ២០១២ បាន​កំណត់​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ សរុប​ចំនួន ២៥​ថ្ងៃ ក្នុង​នោះ​មាន​ពិធី​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ​៣ថ្ងៃ ពិធី​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​មហា​ក្សត្រិយ៍ នរោត្តម មុនី​នាថ​សីហនុ មួយ​ថ្ងៃ និង​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​វីរក្សត្រ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣១ តុលា ហើយ​ដែល​សម្រាប់​ឆ្នាំ​ខាង​មុខ​និង​ជំនួស​តាម​សារាចរ​ថ្មី​ដែល​យក​ថ្ងៃ ទី១៥ តុលា រំឭក​ថ្ងៃ​សោយ​ទិវង្គត​វិញ៕ 

No comments:

Post a Comment

yes