CEN: ដោយ: លី សិលា
ភ្នំពេញ: សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា សមិទ្ធផលរបស់សម្តេចឪ សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម មួយផ្នែក ត្រូវបានបំផ្លាញដោយរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ និងសម័យខ្មែរក្រហម ប៉ុល ពត។
ដោយរម្លឹកពីស្ថានភាពប្រទេសកម្ពុជា ក្រោយសម័យខ្មែរក្រហម ប៉ុល ពត នៅឆ្នាំ១៩៧៩ដែលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ត្រូវបំផ្លាញខ្ទេចខ្ទីស្ទើរទាំងស្រុង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "អ្វីដែលបានកសាង នៅក្នុងដំណាក់កាលនៃសម័យសង្គមរាស្ត្រនិយម គឺមួយផ្នែកត្រូវបានបំផ្លាញ ដូចជា រោងចក្រក្រដាស ឆ្លូង ជាដើម វ៉ៃខ្ទេចតែម្តង ស្ពានមួយចំនួនវ៉ៃដាច់តែម្តង រាប់ទាំងស្ពានជ្រោយចង្វាររបស់យើង ដែលទើបតែតនៅឆ្នាំ១៩៩៣-៩៤ នេះឯង។ តែមួយចំនួន វានៅសល់។ តែសល់នោះ គ្មានមនុស្សប្រើ និងជារឿង ដែលលំបាក ដូចជា ទុយោទឹក ដែលស្ទះ មិនបានប្រើ..."។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "អីចឹងទេ បើសិនជា យើងរក្សានិរន្តភាពនៃការអភិវឌ្ឍន៍ ដោយមិនមានសង្គ្រាមឆ្នាំ១៩៧០ និងមិនមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ ខ្ញុំគិតថា មកដល់ដំណាក់កាលនេះ កម្ពុជា ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ឬថាប្រទេស ដែលមានការអភិវឌ្ឍន៍បង្គួរ ព្រោះបើយើងពិនិត្យមើល GDP ( ផលិតផលក្នុងស្រុកសរុប ) ក្នុងឆ្នាំ១៩៦២ កម្ពុជាខ្ពស់ជាងកូរ៉េខាងត្បូង គឺយើងជាង ២០០ ឯកូរ៉េខាងត្បូង ១៦២"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមថា "និរត្តភាពនៃការអភិវឌ្ឍន៍របស់យើង គឺវាអត់មាន មិនត្រឹមតែអត់មានទេ។ បើថា មិនអភិវឌ្ឍន៍ ក៏គួរអាណិត កុំបំផ្លាញ។ តែការបំផ្លាញដោយគ្រាប់បែក គ្រាប់ផ្លោង គ្រាប់មីន ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងបន្តមកទៀត បង្ហើយ គេហៅថា ក្នុងរបបប៉ុលពត សូម្បីតែវត្ត ក៏មិនទុកដែរ មិនអត់អោនទេ។ ដូច្នេះវត្តអារាមខ្លះ ក៏ត្រូវបានស្តារឡើងវិញទាំងលំបាកលំបិន ដោយព្រះសង្ឃ និងប្រជាពលរដ្ឋរបស់យើង កុំថាឡើយដល់ទីក្រុង កុំថាឡើយដល់រោងចក្រសហគ្រាសនានា"។
សម្តេច ហ៊ុន សែន បានបន្ថែមថា "នៅទីក្រុងភ្នំពេញ យើងទម្រាំធ្វើឲ្យមានទឹក ដោយប្រព័ន្ធទឹកស្អាត។ ដើរហើយទុយោធ្លាយ ហើយច្រេះ... ឥឡូវនេះ នៅភ្នំពេញយើងរីកជាទំហំផង និងរីកជាជំរៅផង។ អគ្គិសនី បច្ចុប្បន្ន នៅភ្នំពេញ ប្រើ ៤០០ មេហ្គាវ៉ាត់។ ក្រោយឆ្នាំ១៩៧៩ អគ្គិសនីនៅភ្នំពេញ ប្រើត្រឹមតែ ២០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "អីចឹងយើងទាំងអស់គ្នា ត្រូវបន្តការខិតខំជាមួយគ្នាតទៅទៀត ហើយត្រូវធានាថា ប្រទេសរបស់យើង មាននិរន្តភាពនៃការអភិវឌ្ឍន៍ ហើយកុំឲ្យធ្លាក់ទៅក្នុងគន្លងអតីតកាល ដែលត្រូវបានបំផ្លាញ។ ខ្លះអស់រូប ខ្លះនៅសល់រូប បន្សល់ទុកឲ្យយើងនូវការលំបាក នៃការស្តាឡើងវិញ"។
សូមរម្លឹកថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសមិទ្ធផលរបស់សម្តេចឪ សម្តេចតា សម្តេចព្រះមហាវីរក្សត្រខាងលើនេះ ហាក់ដូចជា ការបកស្រាយគាំទ្រនូវការលើកឡើងរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលបានសម្ភាសន៍ដល់ទូរទស្សន៍ក្នុងស្រុក ហើយត្រូវបានគេផ្សព្វផ្សាយ រិះគន់ ក្នុងប្រព័ន្ធ ហ្វេសបុក។
នោះគឺ ក្នុងពេលដឹកនាំគណៈប្រតិភូសាលាក្រុង ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតា នៅមុខព្រះបរមរាជវាំង ក្នុងរយៈពេលកាន់ទុក្ខផ្លូវការ ៧ ថ្ងៃ លោក កែប ជុតិមា បានលើកឡើងថា សមិទ្ធផលមួយចំនួន របស់សម្តេចតា សម្តេចព្រះមហាវីរក្សត្រ ត្រូវបានបំផ្លាញដោយរបបប៉ុលពត និងរបបលន់នល់។ ក្នុងនោះ លោកអភិបាលក្រុង បានលើកសរសេរ ហើយថា សមិទ្ធផល ដែលមាននាសម័យបច្ចុប្បន្ន កើតឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕
No comments:
Post a Comment
yes