សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

អាកាស​យាន​ដ្ឋាន​អន្តរជាតិថ្មី​ធ្វើ​នៅ​កំពង់ឆ្នាំង

121029_12
ក្មេងស្រីកំពុងជិះកង់​លេ​ងនៅលើ​ផ្លូវបេតុង​ព្រលាន​យន្តហោះខេត្តកំពង់ឆ្នាំ។
 ព្រលានយន្តហោះនេះ​នឹងក្លាយ​ជា​អាកាសយាដ្ឋានអន្តរជាតិ​ថ្មី​​​

ភ្នំពេញៈ​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ថា​ព្រលាន​យន្ត​ហោះ​ខេត្ត​កំពង់​ឆ្នាំង​នឹង​ក្លាយ​ជា​អាកាស​យាន​ដ្ឋាន​អន្តរជាតិ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។
ក្នុង​ហេតុ​ផល​នេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បដិសេធ​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​លើ​ផ្ទៃ​ដី​៧៦៨​ហិកតា​ដែល​ប្រជាពល​រដ្ឋ​កំពុង​កាន់​កាប់​និង​ទទួល​ផល​ពី​របរ​កសិកម្ម។
តាម​លោក ហ៊ុន សែន អាកាសយាន​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​នឹង​ក្លាយ​ជា​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​បន្ទាប់​ពី​ឆ្នាំ​២០២៥​។
លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ប្រជាជន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​តុលា​ថា​៖​ «ខ្ញុំ​សូម​ជម្រាប​ថា​ចក្ខុ​វិស័យ​នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ដែល​នឹង​ត្រូវ​ធ្វើ​ដែល​ខ្ញុំ​និយាយ​មិន​បញ្ចេញ​ឈ្មោះ​[ទី​កន្លែង​] គឺ​កំពង់​ឆ្នាំង​នេះ​ឯង​»​។
កាល​ពេល​ថ្មី​ៗ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​សាង​សង់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត​ដែល​មាន​ទំហំ​ធំ​ជាង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​បច្ចុប្បន្ន​ប៉ុន្តែ​ខណៈ​ពេល​នោះ​លោក​មិន​បាន​ប្រាប់​ទី​កន្លែង​ទេ​ដោយ​អះ​អាង​ថា​ខ្លាច​ក្រែង​មាន​ការ​ផ្អើល​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ​។

លោក​បាន​បន្ត​ថា​ព្រលាន​យន្ត​ហោះ​សព្វ​ថ្ងៃ​មិន​មាន​សមត្ថ​ភាព​ទ្រ​ទ្រង់​អ្នក​ដំណើរ​រហូត​ទៅ​ដល់​ពី​៧​លាន​ទៅ​៨​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​បាន​ទេ។
លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «យើង​មិន​អាច​ប្រើ​ប្រាស់​ពោធិ៍​ចិន​តុង​នៅក្រោយ​ឆ្នាំ​២០៣០​បាន​ទៀត​ទេ​។ ២០២៥​ឬ​២០៣០​អាច​ថា​មក​ធ្វើ​នៅ​ទីនេះ​ហើយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​ក្រុង​ភ្នំពេញ​ក្នុង​តែ​ប្រមាណ​៩០​គីឡូ​ម៉ែត្រ​»​។
ផ្ទៃ​ដី​អាកាស​យាន​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​មាន​១​៤៦៣​ហិកតា​ប៉ុន្តែ​ប្រជា​ជន​កំពុង​កាន់​កាប់​៧៦៨​ហិកតា​។ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​មាន​ទំហំ​តែ​៤៥០​ហិកតា​ប៉ុណ្ណោះ​។​លោក​ហ៊ុន​សែន​បន្ថែម​ថា​ព្រ​លាន​យន្ត​ហោះ​ខេត្ត​កំពង់​ឆ្នាំង​នឹង​ក្លាយ​ជា​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ថ្មី​នៅ​ពេល​ក្រោយ​។
ជា​មួយ​គ្នា​ដែរ​លោក​បាន​អំពាវ​នាវ​មិន​ឲ្យ​ប្រជា​ជន​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​ដី​អាកាស​យាន​ដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​សាង​សង់​សំណង់​រឹង​និង​ពង្រីក​ផ្ទៃ​ដី​កាន់​កាប់​បាន​ទេ​តែ​គេ​មាន​សិទ្ធិ​អាស្រ័យ​ផល​ពី​ផ្ទៃ​ដី​នោះ​រហូតដ​ល់​រដ្ឋ​ត្រូវ​ការ​។
មន្ត្រី​ក្រសួង​ទេស​ចរណ៍​ធ្លាប់​បាន​ព្យាករ​ថា​ទេស​ចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​នឹង​មាន​កំណើន​ដល់​៤,៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥​ហើយ​កំណើន​នេះ​នឹង​កើន​រហូត​ដល់​ទៅ​៧​លាន​នាក់​នៅឆ្នាំ​​២០២០​។
លោក​ប៊ុន​រដ្ឋា​ប្រធាន​អាកាស​យាន​ដ្ឋាន​ក្រុង​ភ្នំ​ពេញ​បាន​និយាយ​ថា​គេ​ត្រូវ​ការ​សាង​សង់​ផ្លូវ​ហាយ​វ៉េ​មួយ​ទៀត​ពី​ខេត្ត​កំពង់​ឆ្នាំ​មក​ភ្នំពេញ​ប្រសិន​ព្រលាន​យន្ត​ហោះ​នោះ​ត្រូវ​បាន​សាង​សង់​ឡើង​។​លោក​បន្ត​ថា​ប្រទេស​ម៉ាឡេ​ស៊ី​មាន​អាកាស​យាន្ត​ដ្ឋាន​នៅ​ឆ្ងាយ​ពី​ក្រុង​រហូត​ដល់​ទៅ​៧០​គីឡូ​ម៉ែត្រ​តែ​សម្រាប់​អាកាស​យាន​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​វិញ​នឹង​មាន​ចំងាយ​ជិត​ជាង​នេះ​ប្រសិន​បើ​ការ​ស្ថាបនា​ផ្លូវ​ហាយ​វ៉េ​ថ្មី​មួយ​ត្រូវ​គេ​ធ្វើ​ឡើង​។
បច្ចុប្បន្ន​អាកាស​យាន្ត​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​គ្រប់​គ្រង់​ដោយ​កង​ទ័ព​អាកាស​ដែល​ចុះ​ចត​បាន​តែ​យន្ត​ហោះ​តូច​ៗ​ប៉ុណ្ណោះ​។
លោក​ប៊ុន​រដ្ឋា​បាន​ថ្លែង​ថា៖​ «​ខ្ញុំ​គិត​ថា​បើ​រដ្ឋា​ភិបាល​សម្រេច​អ៊ីចឹង​ទៅ​ហើយ វា​ទៅ​តាម​ហ្នឹង​តែ​វា​គ្រាន់​តែ​រង់​ចំា​រហូត​ដល់​ត្រូវ​ផ្លាស់​ប្តូរ»​។
ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​អះ​អាង​ថា​រដ្ឋាភិ​បាល​ត្រូវ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​។​លោក​បន្ត​ថា៖​«ចក្ខុ​វិស័យ​របស់​រដ្ឋាភិ​បាល​ត្រូវ​តែ​គិត​មុន​។​យើង​មិន​ត្រូវ​រង់​ចំា​រហូត​ដល់​ទឹក​ដល់​ច្រមុះ​ទើប​ប្រវេ​ប្រវា​នោះ​ទេ»។
លោក​អាង​គឹម​អៀង​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​បាន​និយាយ​ថា​តាម​ពិត​ទី​តាំង​ខេត្ត​កំពង់​ឆ្នាំង​ជា​ទី​តាំង​ល្អ​ដែល​មាន​ប្រព័ន្ធ​ដឹង​ជញ្ជូន​ទាំង​បួន​គ្រប់​គ្រាន់ ​ដូច​ជា​ផ្លូវ​ទឹក​ផ្លូវ​គោក ផ្លូវ​ដែក​ហើយ​បើមាន​ផ្លូវ​អាកាស​ទៀត​គឺ​ជា​រឿង​ល្អ។​លោក​បាន​ឯក​ភាព​នឹង​ការ​លើក​ឡើង​របស់​លោក​ប៊ុន​រដ្ឋា ដែល​ថា គេ​គួរ​ស្ថាបនា​ផ្លូវ​ហាយ​វ៉េ​មួយ​ថ្មី​ឬ​ក៏​ពង្រីក​ផ្លូវ​ដែល​មាន​នាពេល​សព្វ​ថ្ងៃ​ដើម្បី​បម្រើ​តែ​ព្រលាន​យន្ត​ហោះ​មួយ​ប៉ុណ្ណោះ​។​លោក​បន្ត​ថា​៖ ​«បើ​គេ​ប្តូរ​ទៅ​ទី​នោះ​ហើយ​ប្រើ​ប្រាស់​ផ្លូវ​សព្វ​ថ្ងៃ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​ប្រើ​ពេល​យូរ​»​៕

No comments:

Post a Comment

yes