សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

ម៉ឹក ដារ៉ា សុំ​ឲ្យ​ដាក់​ទោស​អ្នក​ពាក់ព័ន្ធ​សំណុំ​រឿង​គាត់​ផង​បើ​នៅ​តែ​ដាក់​ទោស​គាត់​ទៀត

121004_04
លោក ម៉ឹក ដារ៉ា ​ក្នុង​ពេល​នាំ​ឡើង​សវនាការ នៅ​សាលា​ឧទ្ធរណ៍​​​​

ភ្នំពេញៈ ក្នុង​សវនាការ​កាល​ពី​ម្សិលមិញ​លោក ម៉ឹក ដារ៉ា និង​ ជា​ ឡេង បាន​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​លើក​លែង​ការ​ចោទ​ប្រកាន់​និង​ដោះលែង​ពួក​គាត់ ហើយ​ទាមទារ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​នោះ​ ឲ្យ​តុលាការ​ផ្តន្ទាទោស​ព្រះរាជ​អាជ្ញា ចៅក្រម​ស៊ើបសួរ និង​អ្នក​សូកប៉ាន់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពួក​គាត់​ផង បើ​សិន​តុលាការ​នៅ​ចោទ​ប្រកាន់​និង​ផ្តន្ទាទោស​ពួក​គាត់​នោះ​។
សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​បន្ត​ធ្វើ​ការ​សន្និដ្ឋាន លើ​សវនាការ​ឧទ្ធរណ៍​របស់ ម៉ឹក ដារ៉ា និង​ ជា ឡេង សម្រាប់​អង្គហេតុ​ទី៧, ៨, ៩, និង​ទី១១​រហូត​ដល់​១៧។ ​ក្នុង​អង្គ​ហេតុ​ទាំង​១០​នេះ​ ម៉ឹក ដារ៉ា និង​ជា​ ឡេង ​ត្រូវ​ចោទ​ពី​បទ​កែ​សំណុំ​រឿង​របស់​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ការ​ដោះ​លែង​ពួក​គេ​ជា​ថ្នូរ​នឹង​សំណូក ការ​បំផ្លាញ​ភស្តុតាង​ថ្នាំ​ញៀន និង​ការ​រក្សា​ទុក​ថ្នាំ​ញៀន​ ដែល​រឹបអូស​បាន​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន។
លោក ម៉ឹក ដារ៉ា ​ថ្លែងថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ​។ គាត់​ថា ការ​ចោទ​ប្រកាន់​គាត់​នេះ​គឺ​គ្រាន់​តែ​ជា​ល្បិច​របស់​ឧក្រិដ្ឋជន គ្រឿង​ញៀន​ ឬ​អ្នក​ទាំង​ឡាយ​ដែល​មិន​ពេញ​ចិត្ត​នឹង​គាត់ ហើយ​គេ​បាន​រៀប​ចំ​និង​ទម្លាក់​ការ​ចោទ​មក​លើ​គាត់។

គាត់​ប្រាប់ ចៅក្រម​នៅ​សាលា​ឧទ្ធរណ៍​ថា៖ «ខ្ញុំ​បាន​ពិចារណា​ថា រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ខ្ញុំ គឺ​គ្រាន់​តែ​ជា​ការ​ប្រមូល​សំរាម​ដុត​ជា​ភ្នក់ភ្លើង​ដែល​តាម​ពិត​ មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​ទៀត​»។ គាត់​បន្ត​ថា៖ «តុលាការ​ចោទ​ប្រកាន់​ខ្ញុំ​ថា បាន​កែ​របាយការណ៍ ឬ​ចុះ​ហត្ថលេខា​សំណុំ​រឿង​ក្លែង​ក្លាយ​ ឬ​ដោះ​លែង​ឧក្រិដ្ឋជន ប៉ុន្តែ ខ្ញុំ​គិត​ថា ព្រះរាជអាជ្ញា​ និង​ចៅក្រម​ស៊ើបសួរ ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ទាំង​នោះ​របស់​ខ្ញុំ ក៏​ត្រូវ​តែ​ចោទ​ប្រកាន់ និង​​ផ្តន្ទាទោស​ដែរ ព្រោះ​ពួក​គេ​ក៏​ចុះ​ហត្ថលេខា​លើ​ការ​ដោះលែង​នោះ​ដែរ»។
គាត់​និយាយ​ថា​៖ «​តុលាការ​គួរ​តែ​ចោទ​ប្រកាន់​ឬ​ចាប់​ខ្លួន អ្នក​ដែល​សូក​ខ្ញុំ ឬ​អ្នក​ដែល​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​កាត់​ទោស ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​»។ គាត់​បន្ត​ថា​៖ «បេះដូង​និង​បំណង​ខ្ញុំ​គឺ​កម្ចាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋជន។ ខ្ញុំ​សូម​សាលា​ឧទ្ធរណ៍​លើកលែង​បទ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​រូប​ ខ្ញុំ ​ហើយ​ដោះ​លែង​ខ្ញុំ»។
លោក ជា ឡេង ក៏​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ហើយ​ថា បទ​ចោទ​ទាំង​នោះ​ត្រូវ​គេ​រៀបចំ​និង​បំផ្លើស​ដោយ​ក្រុម​ឧក្រិដ្ឋជន គ្រឿង​ញៀន​ដែល​គាត់​បាន​បង្ក្រាប​និង​ចាប់​ខ្លួន​កន្លង​មក ដោយ​ពួក​គេ​ខឹង​នឹង​គាត់ ទើប​គេ​រៀបចំ​សំណុំ​រឿង​នេះ​ឡើង និង​ទម្លាក់​កំហុស​មក​លើ​រូប​គាត់។
គាត់​ថា សាក្សី គឺ​មន្រ្តី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋជន ដែល​គាត់​ចាប់​ខ្លួន​កាល​ពី​មុន ហើយ​ឥឡូវ​ពួក​គេ​កំពុង​ជាប់​ពន្ធនាគារ។ ពួក​គេ​ត្រូវ​បង្ខំ​ឲ្យ​ឆ្លើយ​ទម្លាក់​លើ​គាត់ ដើម្បី​បន្ថយ​ទោស​ខ្លួន​នៅ​ពន្ធនាគារ​។  គាត់​បន្ត​ថា​៖ «ការ​ចោទ​ប្រកាន់​ទាំង​នេះ​ គឺជា​ការ​មួល​បង្កាច់​ទាំង​ស្រុង​មក​លើ​រូប​ខ្ញុំ​។ ​ខ្ញុំ​សុំ​បដិសេធ​ទាំងស្រុង ​នូវ​ការ​ចោទ​ប្រកាន់​ទាំង​នេះ ខ្ញុំ​សូម​តុលាការ​លើក​លែង​បទ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ និង​ដោះលែង​រូប​ខ្ញុំ​ឲ្យ​មាន​សេរីភាព​»។
ទាំង​មេធាវី​ការពារ ក្តី​ឲ្យ ម៉ឹក ដារ៉ា និង ជា ឡេង សន្និដ្ឋាន​ថា មាន​ភស្តុតាង​ពិត​ប្រាកដ​បង្ហាញ​ថា ម៉ឹក ដារ៉ា និង​ ជា ឡេង មិន​បាន​ទទួល​សំណូក និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ការ​ចោទ​ប្រកាន់​ទេ។ ពួក​គេ​ក៏​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​សេចក្តី​សម្រេច​របស់​ សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ផង​ដែរ។
លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ចៅ​ក្រម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រកាស​ថា ការ​សន្និដ្ឋាន​សវនាការ​ឧទ្ធរណ៍​របស់​ពួក​គេ​នឹង​បន្ត​នៅ​ថ្ងៃ​ទី៥ ខែ​តុលា។
លោក ម៉ឹក ដារ៉ា និង ជា ឡេង ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១១ ហើយ​ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក និង​ការ​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១ នៅ​ក្នុង​កម្ពុជា៕​ 

No comments:

Post a Comment

yes