សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 2, 2012

ម៊ឹក ដារ៉ា៖ តស៊ូ​រក​យុត្តិធម៌​ដល់​អស់​ជីវិត​និង​ធ្វើ​អត្តឃាត​បើ​បរាជ័យ

121002_05a
លោក មឹុក ដារ៉ា អតីត​ប្រ​ធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ

ភ្នំពេញៈ ក្នុង​សវនាការ​ឧទ្ធរណ៍​បន្ត​កាល​ពី​ថ្ងៃ​ចន្ទ លោក ម៉ឹក ដារ៉ា អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​លើក​ឡើង​ក្នុង​ការ​សន្និដ្ឋាន ថា​នឹង​តស៊ូ​ស្វែង​រក​យុត្តិធម៌​រហូត​ដល់​ជីវិត​ចុង​ក្រោយ​ហើយ​បើ​នៅ​តែ​មិន​បាន​សម្រេច​ទេ លោក នឹង​ធ្វើ​អត្តឃាត​ក្នុង​ពន្ធនាគារ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ ក្នុង​អង្គ​ហេតុ​ចោទ​ប្រកាន់​ជាមួយ​នឹង ជា ឡេង អតីត​ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន ពី​បទ​ស៊ី​សំណូក កែ​សំណុំ​រឿង​និង​ការ​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន កាល​ពី​ឆ្នាំ​២០០៧ ដល់​ដើម​ឆ្នាំ ២០១១។
ក្នុងអំឡុង​ការ​ធ្វើ​ការ សន្និដ្ឋាន​អង្គ​ហេតុ​កាល​ពី​ម្សិលមិញ លោក ម៉ឹក ដារ៉ា អតីត​ទី​ប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា​លោក ជា ស៊ីម និង​ជា​អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​គាត់​គឺ​ជា​ល្បិច​របស់​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ចោទ​ប្រកាន់​និង​បំផ្លាញ​រូប​គាត់​ពី​ការងារ​ប្រឆាំង​គ្រឿង​ញៀន។

លោកបន្ត​ថា ដើម្បី​ស្វែង​រក​ភាព​យុត្តិធម៌​ក្នុង​ករណី​នេះ គាត់​នឹង​តស៊ូ​និង​បន្ត​តស៊ូ​តាម​ប្រព័ន្ធ​តុលាការ​រហូត​ដល់​ចុង បញ្ចប់​នៃ​ជីវិត​របស់​គាត់។
គាត់ថ្លែង​ក្នុង​តុលាការ​ឧទ្ធរណ៍​ថា៖ «ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​ក្នុង​ជីវិត​របស់​ខ្ញុំ ដោយ​សារ​ខ្ញុំ​ចាញ់​ល្បិច​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។ ខ្ញុំ​ជា​អ្នក​បង្ក្រាប​គ្រឿង​ញៀន ដូច​តុលាការ​និង​ព្រះ​រាជ​អាជ្ញា​ដែរ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​នៅ​ទី​បំផុត ខ្ញុំ​ត្រូវ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់ ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត រីឯ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ តែ​ពីរ​ឆ្នាំ​តែ​ប៉ុណ្ណោះ»។
គាត់​អះអាង​ថា​៖ «​ដើម្បី​ស្វែង​រក​ការ​ពិត​និង​យុត្តិធម៌​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​តស៊ូ​និង​បន្ត​តស៊ូ​រហូត​ដល់​ជីវិត​ចុង​ក្រោយ។ បើ​ខ្ញុំ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌ និង​ការ​ពិត ខ្ញុំ​នឹង​ធ្វើ​អត្តឃាត​នៅ​ក្នុង​ពន្ធនាគារ»។
ម៉ឹក ដារ៉ា លើកមក​បង្ហាញ​ថា ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ម្នាក់​ដែល​បាន​ចោទ​ប្រកាន់​មក​លើ​រូប​គាត់​គឺ ឈ្មោះ «ហាក់ អៀង» ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តែ​២​ឆ្នាំ ដោយ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត គាត់​នឹង​រួច​ខ្លួន​វិញនៅ​៦ខែ​ក្រោយ។
លោកបន្តថា៖ «ហាក់​ អៀង គឺ​ជា​ឈ្មួញ​គ្រឿង​ញៀន ក្នុង​ក្រុម​ឈ្មួញ​គ្រឿង​ញៀន​ល្បីៗក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ គាត់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តែ​២ឆ្នាំ។ ប៉ុន្តែ សម្រាប់​ខ្ញុំ ដែល​ជា​អ្នក​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​ឬ​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ វា​ជា​ការ​ឈឺ​ចាប់ និង​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ»។
លោក បន្ថែម​ថា ក្នុង​ពេល​ចាប់​ខ្លួន​លោក​កាល​ពី​ឆ្នាំ ២០១១ គាត់​បាន​សរសេរ​លិខិត​បី ដាច់​ពី​គ្នា​ផ្ញើ​ទៅ​លោក ជា​ ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​សភា​ជាតិ និង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​ និង​លិខិត​មួយ​ទៀត​ទៅ​លោក​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ជម្រាប​ពួក​គាត់​អំពី​ភាព​គ្មាន​ទោស​និង​ភាព​ស្អាតស្អំ​នៅ​មុន​ពេល គាត់​ធ្វើ​អត្តឃាត ប៉ុន្តែ​ឆ្មាំ​ពន្ធនាគារ​ព្រៃស​ឃាត់​គាត់​មិន​ឲ្យ​ធ្វើ​អត្ត​ឃាត។
គាត់បន្តថា​៖ «បេះដូង​ខ្ញុំ​គឺ​បេះ​ដូង​បង្ក្រាប​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ក្នុង ប្រទេស។ ខ្ញុំ​មិន​ដែល​ឃុប​ឃិត​ជាមួយ​ឧក្រិដ្ឋ​ជនឬ​ឈ្មួញ​គ្រឿង​ញៀន ឬ​ទទួល​សំណូក​ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់ ​ទេ»។ ខ្ញុំ​សុំ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ ហើយ​សុំ​ឲ្យ​តុលាការ​ឧទ្ធរណ៍​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ ខ្ញុំ​ និង​ដោះ​លែង​រូប​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា តុលា​ការ​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ និង​ស្វែង​រក​ការ​ពិត​ក្នុង​រឿង​ខ្ញុំ​នេះ​»​។
ជា ឡេង ក៏​បាន​បដិសេធ​បទ​ចោទ​ប្រកាន់​ទាំង​អស់​លើ​រូប​គាត់​ដែរ ហើយ​សុំ​ឲ្យ​តុលាការ​ដក​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង។
គាត់ថា​៖ «ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ ពី​ព្រោះ​វា​គ្រាន់​តែ​ជា​ការ​រៀបចំ​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ឬ អ្នក​ដែល​មិន​ចូល​ចិត្ត​ខ្ញុំ និង​អ្នក​ដែល​មិន​ចូល​ចិត្ត​ការ​ងារ​ល្អ​របស់​ខ្ញុំ​។ ហេតុ​នេះ​ ខ្ញុំ​សូម​ឲ្យ​តុលាការ​ឧទ្ធរណ៍​ដក​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ខ្ញុំ»។
សម្រាប់​សវនការ​នៅ​សាលា​ឧទ្ធរណ៍​ពួក​គេ​កាល​ពី​ម្សិល​មិញ មេធាវី ម៉ឹក ដារ៉ា និង ជា ឡេង បាន​អាន​ការ​សន្និដ្ឋាន​ដើម្បី​ការពារ​កូនក្តី​របស់​ខ្លួន​សម្រាប់ អង្គ​ហេតុ​ព្រហ្ម​ទណ្ឌ​ទី២ ទី​៣ ទី៤ និង​ទី៦​ដោយ​ស្នើ​ឲ្យ​តុលាការ​ឧទ្ធរណ៍​លើក​ការ​ចោទ​ប្រកាន់​លើ ម៉ឹក ដារ៉ា និង ជា ឡេង ហើយ​ដោះ​លែង​ពួកគាត់។
លោក ង៉ែត សារ៉ាត់ ​អគ្គ​ព្រះរាជ​អាជ្ញា​រង​សាលា​ឧទ្ធរណ៍ បាន​សន្និដ្ឋាន​ថា នៅ​ក្នុង​អង្គ​ហេតុ​ទី២ ទី៣ ទី៤ និង​ទី៦ ជន​ជាប់​ចោទ​ទាំង​ពីរ​រូបនេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋ​ជន ការ​ទទួល​សំណូក និង​ដោះ​លែង​ពួក​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន។
សវនាការ​របស់​ពួក​គេ​នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទៀត៕ 

No comments:

Post a Comment

yes