សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ការ​រិះគន់ ពី អ.ស.ប និង​ពី​ក្រុម​សិទ្ធិ​មនុស្ស


ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង ទៅ​បាន​ច្រានចោល​របាយការណ៍​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស និង​ក្រុម​គាំទ្រ​ទណ្ឌិត ថា​មាន​បំណង​ទុក​ជា​មុន ​ដើម្បី​បង្ខូច​តម្លៃ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​ក្រោយ​នេះ។
នៅ​ក្នុង​បន្ទប់​សន្និសីទ​កាសែត​ក្នុង​ទីស្តីការ គណៈ​រដ្ឋ​មន្រ្តី​ លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​ចោទ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល បក្ស​ប្រឆាំង​ថា កំពុង​តែ​បង្កើត​វប្បធម៌​គាំទ្រ​អ្នក​ទោស​ ហើយ​ប្រឆាំង​នឹង​រដ្ឋាភិបាល។
លោក កែវ រ៉េមី បាន​រិះគន់ លោក ស៊ូប៊ែរឌី និង​លោក ប្រេដ អាដាម នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​សង្គម​ស៊ីវិល​ថា កំពុង​ប្រើ​រូបភាព​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​បង្កើត​ចលាចល​ក្នុង​កម្ពុជា និង​ដើរ​តួ​ប្រឆាំង​រដ្ឋាភិបាល។
លោក​កែវ រ៉េមី ថ្លែង​ថា៖«យើង​ចាប់​អារម្មណ៍​ថា ក្រុម​អ្នក​ទាំង​នោះ បាន​និង​កំពុង​បង្កើត​វប្បធម៌​និទ្ទណ្ឌភាព​គាំទ្រ​អ្នក​ទោស​។ នយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​សម្រប សម្រួល​នយោបាយ​ឬ​ផ្សះផ្សា បង្រួប​បង្រួម​ជាតិ ដូច​ឆ្នាំ​១៩៩២‑១៩៩៣​ទេ គឺជា​ដំណាក់​កាល​ពង្រឹង​នីតិរដ្ឋ»។

លោក​បន្ត​ថា ៣០​ឆ្នាំ​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឲ្យ​ ក្លាយ​ជា​នីតិរដ្ឋ។ លោក​បន្ថែម​ថា ជុំវិញ​បញ្ហា​កាត់​ទោស មិន​មែន​តែ​ សម រង្ស៊ី និង​ម៉ម សូណង់ដូ ​ទេ​ តែ​ស័ក្តិ​៥ ផ្កាយ​៣, ២, ១ ​ចៅក្រម ​ព្រះ​រាជអាជ្ញា ជា​មន្រ្តី​នៅ​ក្នុង​បក្ស​កាន់​អំណាច ក៏​បាន​ផ្តន្ទាទោស​ដាក់​គុក ពួក​គេ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ថ្នាំ​ញៀន​និង​ព្រៃឈើ។
លោក​ថ្លែង​បន្ត​ថា អត្ថាធិប្បាយ​មួយ​ចំនួន​របស់​លោក ស៊ូប៊ែរឌី អំពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ថា​គួរ​តែ​មាន​ការ​ឯកភាព​រួម​គ្នា ក្នុង​ចំណោម​គណបក្ស​នយោបាយ​សំខាន់ៗ​តំណាង​ក្នុង​សភា លើ​បញ្ហា​តែង​តាំង​ប្រធាន និង​សមាជិក​គ.ជ.ប និង​គ.ខ.ប​ខេត្ត ដែល គ.ជ.ប បាន​កែ​ទម្រង់ ពីរ-បី​ដង​មក​ហើយ​។
លោក​ថ្លែង​ទៀត​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២​ កាល​ពី​ពេល​មុន​ គឺជា​ភស្តុតាង​នៃ​ឯករាជភាព​នៃ​គ.ជ.ប ព្រោះ​សង្គម​ស៊ីវិល​ អ្នក​សង្កេត​ការណ៍ គណបក្ស​ប្រឆាំង បាន​ទទួល​យក​ថា ​មាន​បរិយាកាស​ល្អ​ ប៉ុន្តែ​ ហេតុ​អ្វី​បាន​ជា​ពេល​នេះ​ពួក​គេ​ព្យាយាម​បង្កើត​បញ្ហា​មុន​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​ក្រោយ ២០១៣ ទៅ​វិញ។
លោក កែវ រ៉េមី បាន​ថ្លែង​បន្ត​ថា ៖ «​លោក ស៊ូប៊ែរឌី និង លោក ប្រេដ អាដាម បាន​ចោទ​រដ្ឋាភិបាល​ថា បាន​លុប​សិទ្ធិ​អ្នក​បោះឆ្នោត ប៉ុន្តែ ក៏​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ច្បាប់​ដែល​ថា​ទណ្ឌិត (សម រង្ស៊ី) ​មិន​មាន​សិទ្ធិ​បោះឆ្នោត​ទេ»។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ថា អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​និង​ការពារ​លទ្ធិ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ មិន​មែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ។
លោក​បន្ត​ថា​៖ «ខ្ញុំ​សោកស្តាយ​ដែល​បក្ស​កាន់​អំណាច​ឬ​អ្នក​ផ្តាច់​ការ មិន​ដែល​មាន​ទំនាក់​ទំនង​ល្អ ជា​អង្គការ​សហប្រជាជាតិ​ ហើយ​តែង​តែ​ច្រាន​ចោល​តួនាទី​របស់​អង្គ​ការ​សហប្រជា​ជាតិ ដែល​ជំរុញ​និង​ការ​ពារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ ក្នុង​ប្រទេស​កម្ពុជា​»។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​ការ​អត្ថាធិប្បាយ​រិះគន់​ពី​មន្ត្រី​រដ្ឋាភិបាល​មក​លើ​សង្គម ស៊ីវិល​ និង​បក្ស​ប្រឆាំង​នេះ​ដែរ៕

No comments:

Post a Comment

yes