បណ្តាលឲ្យស្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី
និងប៉េអឹម អ៊ិត រតនា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ( រូបថត៖ ឯកសារ )
ភ្នំពេញ: ទីបំផុតទៅ តុលាការសាលាដំបូងខេត្តកោះកុង បានសម្រេចតម្កល់រឿងមិនចាត់ការលើករណីឃាតកម្មបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ឡើយ។ ពោលគឺសំណុំរឿងក្តីនោះ ឃាតក ត្រូវបានសម្លាប់ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់ផងដែរ។
រីឯសវនាការ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដែលតុលាការខេត្តកោះកុងនឹងបើកសវនាការកាត់ទោសនោះ គឺមិនមែនកាត់ទោសលើឃាតកបាញ់សម្លាប់លោកឈុតវុទ្ធីទេ តែជាការកាត់ទោសបុរសឈ្មោះ រ៉ាន់ បូរ័ត្ន ដែលបានបាញ់សម្លាប់ដោយអចេតនា លើប៉េអឹមឈ្មោះ អ៊ិន រតនា។ ប៉េអឹម ឈ្មោះ អ៊ិន រតនា ត្រូវបានអាជ្ញាធរអះអាងថា ជាឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី។
រីឯសវនាការ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដែលតុលាការខេត្តកោះកុងនឹងបើកសវនាការកាត់ទោសនោះ គឺមិនមែនកាត់ទោសលើឃាតកបាញ់សម្លាប់លោកឈុតវុទ្ធីទេ តែជាការកាត់ទោសបុរសឈ្មោះ រ៉ាន់ បូរ័ត្ន ដែលបានបាញ់សម្លាប់ដោយអចេតនា លើប៉េអឹមឈ្មោះ អ៊ិន រតនា។ ប៉េអឹម ឈ្មោះ អ៊ិន រតនា ត្រូវបានអាជ្ញាធរអះអាងថា ជាឃាតកបាញ់សម្លាប់លោក ឈុត វុទ្ធី។
ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ តុលាការខេត្តកោះកុង បានបំបែកសំណុំរឿងក្តីឃាតកម្មលើសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ជាពីរសំណុំរឿង។ ទី១-សំណុំរឿងប៉េអឹម អ៊ិន រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងសំណុំរឿងទី២-ឈ្មោះ រ៉ាន់ បូរ័ត្ន បាញ់សម្លាប់ដោយអចេតនាលើប៉េអឹម អ៊ិន រតនា។
លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងរបស់តុលាការសាលាដំបូងខេត្តកោះកុង ដែលបានកាត់សំណុំរឿងក្តីពាក់ព័ន្ធនឹងឃាតកម្មលើលោក ឈុត វុទ្ធី បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ ថា "សវនាការនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ នៅតុលាការខេត្តកោះកុង ធ្វើឡើងលើករណីជនជាប់ចោទ រ៉ាន់ បូរ័ត្ន ជាប់ចោទក្នុងរឿងឃាតកម្មដោយអចេតនាលើប៉េអឹម អ៊ិន រតនា។ ចំណែកករណីលោក ឈុត វុទ្ធី តុលាការតម្កល់រឿងឥតចាត់ការ ដោយសារ អ៊ិន រតនា បាញ់ឲ្យស្លាប់ ហើយ អ៊ិន រតនា ក៏ស្លាប់ដែរ។ ដូច្នេះសវនាការនៅថ្ងៃទី៤តុលានេះ យើងធ្វើលើករណី រ៉ាន់ បូរ័ត្ន ដែលធ្វើឲ្យ អ៊ិន រតនា ស្លាប់ ដោយការរាលកៃកាំភ្លើងតើ!"។
លោកព្រះរាជអាជ្ញារង ស្រី ម៉ាក់នី មិនបានបញ្ជាក់ថា សំណុំរឿងក្តីនោះមានសាក្សីប៉ុន្មានរូប ដែលនឹងត្រូវចូលតុលាការបំភ្លឺនៅក្នុងសវនាការនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ឡើយ។ តែលោកអះអាងថា លោកបានចេញដីកាកោះហៅសាក្សីទាំងអស់រួចហើយ ដើម្បីចូលរួមសវនាការនៅតុលាការខេត្តកោះកុង នាថ្ងៃស្អែកនេះ។
យ៉ាងណាក៏ដោយ លោក អ៊ិន គង់ជិត សកម្មជនអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា ជនជាប់ចោទ រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការចាប់ឃុំខ្លួន ក្នុងបទ មនុស្សឃាតដោយអចេតនា តាមរយៈការដណ្តើមកាំភ្លើងពីប៉េអឹមឈ្មោះ អ៊ិន រតនា ហើយបណ្តាលឲ្យកាំភ្លើងរាលកៃផ្ទុះស្លាប់ អ៊ិន រតនា។ អ៊ិន រតនា ត្រូវបានអាជ្ញាធរអះអាងថា ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី។
សកម្មជនអង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា ក្នុងសំណុំរឿងក្តីនោះ មានសាក្សីសរុបចំនួន ៧ នាក់ ដែលតុលាការបានធ្វើការសាកសួរ ក្នុងសំណុំរឿងក្តីកន្លងមក។ ក្នុងនោះក៏មានស្ត្រីអ្នកកាសែតភាសាអង់គ្លេស-ខ្មែរ The Cambodia Daily ពីរនាក់ផងដែរ។
ក៏ប៉ុន្តែអ្នកកាសែត The Cambodia Daily កញ្ញា ផន បុប្ផា ដែលស្ថិតក្នុងហេតុការណ៍ឃាតកម្មលើលោក ឈុត វុទ្ធី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ ថា នាងនឹងមិនទៅកាន់តុលាការខេត្តកោះកុងទេ ព្រោះនាងមិនបានទទួលដីកាកោះហៅពីតុលាការ ដើម្បីចូលរួមសវនាការនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ឡើយ។
រីឯក្រុមគ្រួសារលោក ឈុត វុទ្ធី ក៏បានសម្តែងការខកចិត្ត ខណៈដែលតុលាការខេត្តកោះកុង បានសម្រេចតម្កល់សំណុំរឿងរបស់លោក ឈុត វុទ្ធី មិនចាត់ការ។ ផ្ទុយទៅវិញ តុលាការបែរជារកយុត្តិធម៌ តែលើឃាតកបាញ់សម្លាប់លោកឈុត វុទ្ធី ទៅវិញ។
អ្នកស្រី សំ ចាន់ធី ភរិយាសពលោកឈុត វុទ្ធី ដែលមិនត្រូវបានតុលាការកោះហៅ ឲ្យចូលរួមសវនាការនោះ បានប្រាប់ CEN ថា "គេកាត់តែរឿង រ៉ាន់ បូរ័ត្ន ជាមួយនឹង អ៊ិន រតនា ទេ។ ចំណែកករណីប្តីរបស់ខ្ញុំ គេតម្កល់រឿងមិនចាត់ការ។ ដូច្នេះ ខ្ញុំអត់សប្បាយចិត្ត ព្រោះថា គេបញ្ចប់រឿងប្តីខ្ញុំ និងអ៊ិនរតនា។ ខ្ញុំជាភរិយា និងកូន ៣ នាក់ មិនសប្បាយចិត្តទេ។ ខ្ញុំមានភស្តុតាងថ្មីៗ ( ក្នុងរឿងក្តីឃាតកម្មនោះ ) ប៉ុន្តែខ្ញុំអត់មានឱកាសបង្ហាញតុលាការ ព្រោះខ្ញុំអត់បានចូលតុលាការ"។
សូមរម្លឹកថា សំណុំរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា ត្រូវបានលោក មីន មករា ចៅក្រមតុលាការខេត្តកោះកុង បានបំបែកសំណុំរឿងជាពីរ គឺសំណុំរឿងទីមួយ ពាក់ព័ន្ធនឹងរឿង រ៉ាន់ បូរ័ត្ន សនិ្តសុខក្រុមហ៊ុន រាលកៃកាំភើ្លងត្រូវលោក អ៊ិន រតនា ប៉េអឹមខេត្តកោះកុង។ សំណុំរឿងនេះ តុលាការបានធើ្វការចោទប្រកាន់ និងចាប់ជនសង្ស័យ រ៉ាន់ បូរ័ត្ន ដាក់ពន្ធនាគាររួចហើយ។
ចំណែកសំណុំរឿងទីពីរ ទាក់ទងនឹងការបាញ់សម្លាប់លោក ឈុត វុទី្ធ គឺតុលាការ ពុំទាន់បានធើ្វការចោទប្រកាន់ជនណាម្នាក់នៅឡើយ ពោលគឺក្រោយពីសាកសួរសាក្សី រួមមាន៖ កញ្ញា ផន បុបា្ផ អ្នកកាសែត The Cambodia Daily កាលពីព្រឹកថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០១២ រួចហើយនោះ ព្រះរាជអាជ្ញារងខេត្តកោះកុង លោក ស្រី ម៉ាក់នី ក៏បានតម្កល់សំណុំរឿងមិនចាត់ការឡើយ។
កញ្ញា ផន បុបា្ផ អ្នកយកព័ត៌មានឲ្យកាសែត The Cambodia Daily និងស្ត្រីអ្នកកាសែត ជនជាតិកាណាដាម្នាក់ទៀត បានរួមដំណើរជាមួយលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ បានចុះទៅកាន់តំបន់កើតហេតុ មុនពេលមានព្រឹត្តិការណ៍ផ្ទុះអាវុធបណ្តាលឲ្យលោក ឈុត វុទ្ធី និងប៉េអឹម អ៊ិន រតនា បានសម្លាប់។
សូមរម្លឹកថា លោក ឈុត វុទី្ធ ត្រូវបានគេបាញ់សម្លាប់កាលពីថៃ្ងទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែលលោករួមដំណើរជាមួយកញ្ញា ផន បុបា្ផ និងកញ្ញា អេឡេស្យា ផ្លុកឃី អ្នកកាសែត The Cambodia Daily ចុះទៅឃ្លាំមើលការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់នោះ។
ជុំវិញរឿងឃាតកម្មនេះ ត្រូវបានប៉េអឹមធ្វើរបាយការណ៍ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ដោយបង្ហាញថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់នៅក្នុងរថយន្តរបស់លោក កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង បន្ទាប់ពីជម្លោះពាក្យសម្តី។ បន្ទាប់មក ប៉េអឹមនោះក៏បានធ្វើអត្តឃាតដោយបាញ់ខ្លួនឯង។
ក៏ប៉ុន្តែគណៈកម្មការចម្រុះមួយក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបង្ហាញរបាយការណ៍ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ ក្រោយការចុះទៅស៊ើបអង្កេតដល់ទីកន្លែងកើតហេតុ ដោយលើកឡើងថា លោក ឈុត វុទ្ធី ត្រូវបានប៉េអឹម អ៊ិន រតនា បាញ់សម្លាប់ ក្រោយពីជម្លោះពាក្យសម្តី។ ក្រោយមកឈ្មោះ រ៉ាន់ បូរ័ត្ន បានចូលទៅដណ្តើមកាំភ្លើងពីឈ្មោះ អ៊ិន រតនា ហើយក៏រាលកៃពីរគ្រាប់ បណ្តាលឲ្យ អ៊ិន រតនា ដេកស្លាប់នៅកន្លែងកើតហេតុ មុខឡានលោកឈុត វុទ្ធី។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង លោក មីន មករា បានសម្រេចឃុំខ្លួនជនសង្ស័យ ឈ្មោះ រ៉ាន់ បូរ័ត្ន សន្តិសុខក្រុមហ៊ុន Timber Green ក្រោមបទចោទប្រកាន់មនុស្សឃាតដោយអចេតនា ក្នុងសំណុំរឿងបាញ់សម្លាប់ប៉េអឹម លោក អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ជនសង្ស័យឈ្មោះ រ៉ាន់ បូរ័ត្ន ស្ថិតក្នុងចំណោមមនុស្ស ៤នាក់ ដែលប៉េអឹមខេត្តកោះកុង បាននាំខ្លួនយកមកសាកសួរ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២៕
No comments:
Post a Comment
yes