សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 17, 2012

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​បន្ត​រិះគន់​លើ​រោងចក្រ​ស្ករស​លោក លី យ៉ុងផាត់

២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​មក​ពី​ជាង​​១០​ភូមិ ស្ថិត​ក្នុង​ឃុំ​អមលាំង នាំ​គ្នា​​​តវ៉ា​ប្រឆាំង​
នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់
 ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​
របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ២ម៉ឺន ២ពាន់​ហិកតារ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​វិនិយោគ​ដំណាំ​អំពៅ​នោះ ឥឡូវ​នេះ​បាន​ទទួល​លទ្ធផល​ហើយ បង្កើត​បាន​ជា​រោងចក្រ​ស្ករស ដែល​គ្រោង​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ ឲ្យ​ដំណើរ​ការ​ស្រប​ច្បាប់។

ប៉ុន្តែ​សមិទ្ធផល​ទាំង​នេះ មិន​បាន​ទទួល​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឡើយ ដោយ​សារ​សមិទ្ធផល​ទាំង​នេះ​កើត​ឡើង​នៅ​លើ​ទឹកដី​ជម្លោះ​ដែល​ពុំ​ទាន់​មាន​ដំណោះស្រាយ​សំណង​សមរម្យ​នៅ​ឡើយ។
ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​រិះគន់​លើ​ការ​វិនិយោគ​ដំណាំ​អំពៅ​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​នោះ​ថា បាន​បំផ្លាញ​សេចក្តី​សុខ និង​សេដ្ឋកិច្ច​គ្រួសារ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ធ្លាក់​ខ្លួន​ស៊ី​ឈ្នួល​គេ។

អ្នកស្រី ជា វុធដា នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ថា ដី​ស្រែ និង​ចម្ការ​របស់​គាត់​ទំហំ ៣​ហិកតារ ត្រូវ​ក្រុមហ៊ុន​ដាំ​អំពៅ​ព័ទ្ធ​យក​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១០។ អ្នកស្រី​ថា គាត់​បាត់​បង់​ប្រាក់​ចំណូល​ក្នុង​១ឆ្នាំៗ ៥លាន​រៀល គឺ​ជាង ១ពាន់​ដុល្លារ ដោយ​សារ​តែ​ការ​បាត់​បង់​ដី​ដែល​គេ​រឹបអូស​យក​ទៅ​វិនិយោគ​ដំណាំ​អំពៅ​ដ៏​អាក្រក់​នោះ។ មិន​តែ​ប៉ុណ្ណោះ ការ​វិនិយោគ​នោះ បាន​ជំរុញ​គាត់ និង​កូន​ចៅ ពី​អ្នក​មាន​ទ្រព្យ​គួរ​សម មាន​ហូប​គ្រប់គ្រាន់ និង​ក្លាយ​មក​ជា​អ្នក​លក់​នំ​តាម​ចិញ្ចើម​ផ្លូវ ហើយ​កូន​បោះ​បង់​សាលា​រៀន ក្លាយ​ជា​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​រោងចក្រ​កាត់​ដេរ៖ «អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ហ្នឹង គេ​មក​ឈូស​មក​រៀប​លើ​ដី​ខ្ញុំ ដី​ខ្ញុំ​វា​នៅ​ក្រៅ​ទេ អីចឹង​គេ​យក​ដី​ខ្ញុំ​ហ្នឹង​ឲ្យ​គេ»
ពាក់ព័ន្ធ​បញ្ហា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ពាក់ព័ន្ធ​ដីធ្លី អះអាង​ថា ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ក្រុមហ៊ុន​ដាំ​អំពៅ​ចំនួន​២ គឺ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គា និង​កំពង់ស្ពឺ​ស៊ូហ្គា ដែល​បាន​វិនិយោគ​ដោយ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​មួយ​រូប គឺ​លោក​ឧកញ៉ា លី យ៉ុងផាត់។
មេ​ភូមិ​ថ្នល់បំបែក លោក ជីម សារីម ថ្លែង​ថា ការ​វិនិយោគ​ដែល​នាយក​រដ្ឋមន្ត្រី​ឲ្យ​ធ្វើ​តាម​របៀប​ឆ្វៀល​ដី​ប៉ះពាល់​ដី​ពលរដ្ឋ​បាន​កាន់​កាប់ ធ្វើ​ជា​របៀប​វិនិយោគ​ដី​ស្បែក​ខ្លា ប៉ុន្តែ​ក្រុមហ៊ុន​ដាំ​អំពៅ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ឡើយ។ លោក ជីម សារីម បន្ថែម​ថា ក្រុមហ៊ុន​បាន​ព័ទ្ធ​យក​ដី​គាត់​ដាំ​ស្រូវ និង​ដំណាំ​ចម្ការ​ទំហំ ១០​ហិកតារ ហើយ​សង​វិញ​នូវ​ដី​ភ្នំ​ដែល​មិន​អាច​ដាំ​អ្វី​បាន ហើយ​ដី​សង​នោះ​មាន​ឈ្មោះ​ជាន់​គ្នា​ច្រើន​នាក់​ទៀត​ផង។ លោក​បន្ត​ថា គាត់​ខាត​ប្រាក់​ចំណូល​ពី​ការ​លក់​ភោគផល និង​ខាត​ប្រាក់​ជួល​កម្មករ​គាស់​គល់​ឈើ ខាត​ប្រាក់​អស់​រាប់​ពាន់​ដុល្លារ។
លោក​បន្ថែម​ថា ការ​ផ្តល់​ដី​សម្បទាន​នោះ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​នៅ​តែ​បាន​ប្រាក់​ចំណូល ចំណែក​ម្ចាស់​ដី​ក្រ​រហាម និង​ឈឺ​ចាប់​គ្មាន​ទី​បញ្ចប់។ លោក​ថា ពលរដ្ឋ​នាំ​គ្នា​តវ៉ា ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ ទោះ​បី​ប្រជាពលរដ្ឋ​ដើរ​ដាក់​ពាក្យ​សុំ​ទៅ​គ្រប់​ស្ថាប័ន​ឲ្យ​ជួយ​អន្តរាគមន៍​ផង ក៏​គ្មាន​ស្ថាប័ន​ណា​ជួយ​បាន​ឡើយ។ លោក​ថា ក្នុង​ភូមិ​នេះ មាន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ មាន​ដី​នៅ​ក្នុង​កន្លែង​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ដាំ​អំពៅ​នោះ៖ «ឯកសារ​ប្រជាជន​ផ្ដិត​មេ​ដៃ ដី​ព្រាតព្រោង មិន​ដឹង​នៅ​ងាប់​ត្រឹម​ណា កប់​ចោល​ត្រឹម​ណា ដុត​ចោល​ត្រឹម​ណា​អស់​ទៅ។ ឈឺ​ចាប់​ខ្លះ មិន​ឈឺ​ចាប់​ខ្លះ តែ​រឿង​ហ្នឹង សើច​ក៏​សើច​លែង​សម បើ​យំ​ក៏​យំ​មិន​ចេញ គិត​ធ្វើ​ម៉េច អង្គុយ​ចាំ​មើល​អីចឹង​ទៅ»
មេ​ឃុំ​អមលាំង កញ្ញា តឹក នឹម ថ្លែង​ថា ក្នុង​ឃុំ​នោះ​មាន ១៧​ភូមិ សុទ្ធ​តែ​មាន​ដី​ពាក់ព័ន្ធ​ចម្ការ​អំពៅ។ កញ្ញា​បន្ថែម​ថា គ្មាន​ជម្រើស​ទេ ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ជា​អ្នក​ជំពាក់​ការ​ប្រាក់​ធនាគារ។ ដី​ភូមិ​មួយ​ចំនួន​ដាក់​បញ្ចាំ ដើម្បី​យក​ប្រាក់​រក​ស៊ី។ អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​ឃុំ​នេះ បាន​ចូល​ធ្វើ​កម្មករ​ចម្ការ​អំពៅ បាន​កម្រៃ ៣​ដុល្លារ​ក្នុង​១ថ្ងៃ ទើប​អ្នក​ភូមិ​ភាគ​ច្រើន មិន​បន្ត​ធ្វើ​ការ​នោះ​ទេ នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក៖ «ពួក​គាត់​ដែល​ដោះ​ដូរ​ឲ្យ​នោះ ដី​វា​អត់​ជីជាតិ​ដូច​ដី​ស្រែ​គាត់​ធ្វើ ដី​ឃ្នើសៗ​ហ្នឹង។ ហើយ​ពួក​គាត់​ខ្លះ​ចេះ​តែ​បង្ខំ​ចិត្ត​យក​ទៅ ព្រោះ​អី​វា​បាត់​បង់​របស់​គាត់​ច្រើន​ទៅ​ហើយ បើ​គាត់​អត់​យក មិន​ដឹង​បាន​អី​ធ្វើ»
កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ថា ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ផ្តល់​ទំហំ ២២.៣៣៩​ហិកតារ ដែល​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​រស់នៅ ៩.៤៧១​គ្រួសារ។ លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​នូវ​ការ​ផ្តល់​ដី​ដែល​អនុវត្ត​ខុស​ឆ្គង​នោះ​ថា៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច វា​អត់​អាក្រក់​ទេ ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ការ​អនុវត្ត​របស់​យើង វា​អត់​ច្បាស់។ តំបន់​ណា​ជា​តំបន់​ដី​របស់​ប្រជាពលរដ្ឋ តំបន់​ណា​ជា​តំបន់​ដី​ដែល​ឲ្យ​ក្រុមហ៊ុន»
រោងចក្រ​ផលិត​ស្ករស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នឹង​ដំណើរ​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សប្ដាហ៍​ក្រោយ​នេះ៕


No comments:

Post a Comment

yes