សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 17, 2012

មេ​ដឹកនាំ​អាស៊ាន​គ្រោង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន

១៣-០១-១០: លោក ហោ ណាំហុង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​
ការបរទេស​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​អំពី​បញ្ហា​ខ្មែរ​ថៃ​នៅ​ឯ​អាកាស​យាន្តដ្ឋាន​អន្តរ
ជាតិ​ភ្នំពេញ នៅ​មុន​ពេល​លោក​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​នៅ​វៀតណាម

ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បញ្ជាក់​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា នៅ​ក្នុង​សន្និសីទ​កាសែត​ថា ឯកសារ​ដែល​មេ​ដឹកនាំ​កំពូល​អាស៊ាន ត្រៀម​នឹង​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នោះ គឺ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ អំពី​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន ហើយ​ថា​សេចក្តី​ថ្លែងការណ៍​នេះ​មិន​ធ្វើ​ដើម្បី​បំពេញ​ចិត្ត​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

ការ​សម្រេច​នេះ ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មក​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បាន​ជួប​ជុំ​គ្នា​ជាច្រើន​ក្រុម​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ផ្តល់​អនុសាសន៍​រួម ដែល​ផ្ដោត​សំខាន់​លើ​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា​ពុំ​ទាន់​មាន​លក្ខណ​ពេញ​លេញ​នៅ​ឡើយ។
ទោះ​ជា​មិន​មាន​ការ​ពេញ​ចិត្ត​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន ក៏​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បញ្ជាក់​ថា​សេចក្តី​ថ្លែងការណ៍​នេះ​នឹង​អនុម័ត​ជា​ផ្លូវ​ការ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា។

ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ឯកសារ​ដែល​មេ​ដឹកនាំ​កំពូល​អាស៊ាន​ត្រូវ​ចុះ​ហត្ថលេខា គឺ​សេចក្ដី​ថ្លែងការណ៍​ភ្នំពេញ អំពី​ការ​អនុម័ត​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស ដែល​រៀបចំ​ដោយ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​របស់​អាស៊ាន អំពី​សិទ្ធិ​មនុស្ស អាយឆា (AICHA)។
លោក ហោ ណាំហុង បញ្ជាក់​ថា មាន​ការ​អត្ថាធិប្បាយ​ជាច្រើន ពិសេស​ពី​អង្គការ​សង្គម​ស៊ីវិល អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ ប៉ុន្តែ មុន​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​ឯកភាព មុន​នឹង​ដាក់​ជូន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​អនុម័ត និង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​នេះ គឺ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល ពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​របស់​អាស៊ាន​ច្រើន​លើក​ច្រើន​សារ​ទាំង​នៅ​ប្រទេស​ប្រ៊ុយណេ និង​នៅ​ហ្វីលីពីន មុន​នឹង​សម្រេច​បាន​សេចក្តី​ថ្លែងការណ៍​អាស៊ាន៖ «មិន​មែន​អត្តនោម័តិ​របស់​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិ​មនុស្ស។ ពិត​ហើយ សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ មិន​បំពេញ​ចិត្ត​ទាំង​ស្រុង​របស់ អ៊ិន.ជី.អូ (NGO) ខ្លះ សង្គម​ស៊ីវិល​ខ្លះ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​នេះ មិន​មែន​ជា​សេចក្តី​ថ្លែងការណ៍​របស់​អ៊ិន.ជី.អូ ឬ​របស់​សង្គម​ស៊ីវិល​ទេ»
លោក ហោ ណាំហុង បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​ធ្វើ​ដើម្បី​ផ្គាប់​ចិត្ត​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នោះ​ទេ តែ​ជា​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន អំពី​សិទ្ធិ​មនុស្ស ដើម្បី​ឈាន​ទៅ​រក​ការ​ការពារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ឈាន​ទៅ​រក​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត៖ «វា​ជា​ជំហាន​លើក​ទី១ ដែល​អាស៊ាន មាន​សេចក្តី​ថ្លែងការណ៍​នេះ។ ខ្ញុំ​យល់​ថា ជា​ការ​ល្អ​ណាស់​ហើយ​ដែល​អាស៊ាន​មាន​ឯកសារ​ជា​ផ្លូវ​ការ ឯកសារ​ចុះ​ហត្ថលេខា និង​អនុម័ត​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​របស់​អាស៊ាន នៅ​ពេល​នេះ។ ហើយ​នេះ ក៏​ជា​ជំហាន​ទី១​ទៅ​មុខ​ទៀត ក្នុង​ករណី​មាន​ការ​ចាំបាច់ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ស្ដីពី​សិទ្ធិ​មនុស្ស​អាច​នឹង​ពិភាក្សា​គ្នា​ទៀត អាច​ប្រជុំ​គ្នា អាច​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​កែ​លំអ​អត្ថបទ​នេះ​ត​ទៅ​ទៀត»
ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន លោក ឱម យ៉ិនទៀង ធ្លាប់​បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ជា​អត្ថបទ​នយោបាយ​ដែល​បង្ហាញ​ពី​សុឆន្ទៈ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ហើយ​មិន​មែន​ជា​អត្ថបទ​ច្បាប់​នោះ​ទេ។
អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន ធ្លាប់​លើក​ឡើង​ថា គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន មិន​ទាន់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្រាវជ្រាវ ឬ​ស៊ើប​អង្កេត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​បាន​នៅ​ឡើយ​ទេ។
អ្នកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលកា បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​ដែល​គ្មាន​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នោះ វា​គ្រាន់​តែ​ជា​ក្រដាស​ធម្មតា។
ជា​មូលដ្ឋាន មាន​ការ​ព្រួយ​បារម្ភ ២​សំខាន់ ទី១ គឺ​សេចក្ដី​ប្រកាស​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ មាន​ន័យ​ថា បទបញ្ញត្តិ​នានា​នៅ​ក្នុង​សេចក្ដី​ព្រាង​របស់​សេចក្ដី​ប្រកាស ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ត្រូវ​ស្ថិត​ក្រោម​បទដ្ឋាន​អន្តរជាតិ។ ក្ដី​បារម្ភ​ធំ​មួយ​ទៀត​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​សេចក្ដី​ព្រាង​នេះ នឹង​ត្រូវ​គេ​អនុម័ត តែ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​ចំនួន គេ​មិន​បាន​បញ្ចូល​ក្នុង​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​នេះ​ទេ។
តំណាង​ឲ្យ​សង្គម​ស៊ីវិល​មួយ​នៅ​កម្ពុជា លោក ធន សារ៉ាយ និង​ជា​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ធ្លាប់​កត់​សម្គាល់​ថា ពង្រាង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នៅ​ខ្វះ​ចំណុច​មួយ​ចំនួន ដូច​ជា​សិទ្ធិ​សេរីភាព​ជន​ជាតិ​ដើម​ភាគ​តិច និង​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាដើម។ លោក​បន្ថែម​ថា ចំណុច​មួយ​ចំនួន​ទៀត​ដែល​ប្រទេស​ភាគី​នៅ​ក្នុង​តំបន់​ត្រូវ​ពិចារណា ធ្វើ​សម្រេច​ឲ្យ​បាន​តាម​ធម្មនុញ្ញ​អាស៊ាន គឺ​ការ​បើក​ចំហ​ព្រំដែន​នៃ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ។
ទោះ​ជា​យ៉ាង​ណា អ្នកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលកា បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៥០០​ស្ថាប័ន ដែល​ផ្ដោត​ទៅ​លើ​បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុក បញ្ហា​យន្តការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ខ្វះ​ការ​ការពារ និង​កង្វះ​ខាត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន នឹង​ត្រូវ​ចាប់​ផ្ដើម​ដាក់​ជូន​ទៅ​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​នៃ​សមាជិក​អាស៊ាន និង​ស្ថានទូត​សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា តទៅ ក្នុង​គោល​បំណង​ឲ្យ​ការ​ទាម​ទារ ឬ​អនុសាសន៍​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព៕

No comments:

Post a Comment

yes