សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 1, 2012

យឹម សុវណ្ណ ៖ អំពើពុករលួយជាដើមហេតុធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មិនមានការរីកចំរើន បក្សសង្គ្រោះជាតិមានគោលនយោបាយច្បាស់លាស់ក្នុងបញ្ហាសេដ្ឋកិច្ចនេះ

យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជា​ប្រទេសមួយដែលពោរពេញទៅដោយអំពើពុក​រលួយ ការិយាធិបតេយ្យ នៅគ្រប់ស្ថាប័ន ក្រសួង មន្ទីរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដោយពុំមានវិធានការទប់ស្កាត់ឡើយ ។

អំពើពុករលួយនេះផងដែរ ត្រូវបានអ្នកជំនាញលើកឡើងថា ក៏ជាដើមហេតុចំបងដែលធ្វើឲ្យ​សេដ្ឋកិច្ចប្រទេសកម្ពុជា ពុំមានការរីកចំរើន ប្រជាពលរដ្ឋកាន់តែរស់នៅក្នុងភាព​ក្រីក្រដោយ​រើខ្លួនមិនរួច ក្នុងនោះសូម្បីតែអ្នកវិនិយោគល្អៗពីអន្តរ​ជាតិ​ ក៏គេមិនហ៊ានមកបណ្តាក់​ទុន​នៅ​ក្នុងប្រទេសកម្ពុជាផងដែរ ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនេះ គឺបណ្តាលមកពី​រដ្ឋា​ភិ​បាល​សព្វថ្ងៃ ​ពុំមានសមត្ថភាព​ក្នុង​ការទប់ស្កាត់ ឬលប់បំបាត់អំពើពុករលួយ និងជារដ្ឋាភិបាន​ពុំមាន​ជំនាញខាងផ្នែកសេដ្ឋកិច្ច ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ល្អៗ មកបណ្តាក់​ទុននៅ​ក្នុង​ប្រទេស ដែលទាំងអស់នេះហើយបានជាធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា ពុំមានការរីកចំរើនណាមួយ គួរឲ្យកត់សម្គាល់នោះ ។


ជាមួយគ្នានេះ អ្នកជំនាញក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាប្រសិនដឹកនាំដោយ​គណ​បក្សប្រជាធិបតេយ្យ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយនេះមានការរីកចំរើន ព្រោះដោយហេតុថា គណបក្សប្រជាធិបតេយ្យគឺមានស្មារតីខ្ពស់ក្នុងការលប់បំបាត់អំពើពុករលួយ ដូចជា គណបក្ស សង្គ្រោះជាតិ ជាដើម រួមជាមួយនិងថ្នាក់ដឹកនាំដែលប្រកបទៅដោយទេពកោសល់ និងមាន​ជំនាញខ្ពស់ខាងវិស័យសេដ្ឋកិច្ច ។ ដូច្នេះគឺមានលទ្ធភាពខ្ពស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិ មាន​ការរីកចំរើន ក្នុងនោះក៏គេមានទំនាក់ទំនងយ៉ាងល្អជាមួយនិងអ្នកវិនិយោគពីអន្តរជាតិផងដែរ ដើម្បីឲ្យចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ពេលនោះហើយនិងធ្វើឲ្យសេដ្ឋកិច្ចជាតិ​មានការហក់ឡើងខ្ពស់ជាលំដាប់ មិនដូចជាពេលបច្ចុប្បន្ននេះឡើយ ដែលសេដ្ឋជាតិមិនមាន​ការរីកចំរើនអ្វីជាការកត់សំគាល់នោះ ។

លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច លោកបានមានប្រសាសន៏ទាក់ទងទៅនិងវិស័យសេដ្ឋកិច្ចនេះឲ្យដឹងថា នៅក្នុងស្ថានភាព​បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា​ គឺចំបងយើងត្រូវការវិនិយោគទុនពីបរទេស វិនិយោគទុន​ក្នុង​ស្រុក ហើយនិងជំនួយប្រាក់កុំចីពីបរទេស ។ លោកបន្តថា ប្រាក់កុំចី ជំនួយបរទេស គឺជា​កា​តព្វ​​កិច្ចរបស់រដ្ឋាភិបាលនៅក្នុងការទាក់ទាញ ក៏ប៉ុន្តែជាមួយគ្នានោះវិនិយោគទុនពី​បរទេសវា​ក៏​ជា​កាតព្វកិច្ចរបស់រដ្ឋាភិបាលផងដែរ ។ លោក យឹម សុវណ្ណ បន្តថា ប៉ុន្តែក្នុងនោះកន្លងមក​នេះ​អ្វីដែលជាសត្រូវធំបំផុតរបស់អ្នកវិនិយោគទុនល្អៗ ដែលមកពីបណ្តាលប្រទេសដែលគេគោរព ច្បាប់ ប្រទេសជឿនលឿនមានបច្ចេកវិទ្យាខ្ពស់ ដែលសត្រូវរបស់គឺអំពើពុករលួយ ។

តំណាងរាស្រ្ត យឹម សុវណ្ណ បានមានប្រសាសន៏ទៀតថា អំពើពុករលួយគឺជាសត្រូវរបស់អ្នក វិនិយោគទុនល្អៗ ដែលក្នុងនោះគេគ្រាន់តែឮសូរថាពុករលួយ គ្រាន់តែឮសូរការិយាល័យ ធិប​តេយ្យ ភាពស្មុកស្មាញ ការលំបាកគ្រប់សព្វបែបយ៉ាងតាមមន្ទីរ ក្រសួង ដែលវាស្ទើតែក្លាយ ទៅជាយន្តការ ជាបណ្តាញទៅហើយនោះ បង្ករភាពលំបាកដល់វិនិយោគទន់គឺធ្ងន់បំផុត​ដែល​ធ្វើជាឧបសគ្គទៅដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះ ពីព្រោះគេយកលុយរបស់គេ​រាប់រយលានដុល្លា គេយកបច្ចេកវិទ្យារបស់គេ មករកស៊ីនៅប្រទេសយើង គឺគេចង់បានឲ្យ​មាន​ការគោរពច្បាប់ឲ្យបានត្រឹមត្រូវ ការគោរពច្បាប់ឲ្យមានប្រសិទ្ធភាព​ ដែលក្នុងនោះប្រព័ន្ធ​តុលា​ការ គឺត្រូវតែជាប្រព័ន្ធតុលាការមួយដែលមានការជឿទុកចិត្តបាន ដូចជានៅប្រទេស​សាំង​ហ្គាពួរជាដើម ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏ទៀតថា ប្រទេសសាំងហ្គាពួរ មានការអភិវឌ្ឍន៏ ខ្លាំង​ សំបើម ខាងផ្នែកទីផ្សារហិរញ្ញវត្ថុ ក្នុងនោះយើងកត់សម្គាល់ឃើញថាប្រទេសសាំងហ្គាពួរ គឺ​គ្មានធនធានធម្មជាតិ គ្មានដីធ្វើស្រែចំការ គឺគ្មានអ្វីទាំងអស់ ។ តែក្នុងនោះប្រទេសសាំងហ្គាពូរ គឺមានខួរក្បាលមនុស្ស ហើយនិងប្រព័ន្ធច្បាប់ ដែលមានច្បាប់ល្អ និងការអនុវត្តន៏ច្បាប់​ដ៏មាន​ប្រសិទ្ធភាព ហើយនិងប្រព័ន្ធតុលាការមានលក្ខណៈជឿទុកចិត្ត ជាលក្ខណៈអន្តរជាតិ បានធ្វើ​ឲ្យប្រទេសសាំងហ្គាពូរ មានការរីកចំរើនយ៉ាងខ្លាំង ដែលបានក្លាយទៅជា​មជ្ឈមណ្ឌល​នៃទី​ផ្សា​រ​ ហិរញ្ញវត្ថុ ធ្វើឲ្យអ្នកវិនិយោគទុនល្អៗ ចូលមកបណ្តាក់ទុននៅក្នុងប្រទេសសាំងហ្គាពួរ បាន​ធ្វើ​ឲ្យប្រទេសសាំងហ្គាពួរ ងាយរកស៊ីបំផុតនៅបណ្តាប្រទេសអាស៊ី ។

លោក យឹម សុវណ្ណ ថ្លែងទៀតថា បើមើលប្រទេសកម្ពុជារបស់យើងវិញ គឺពិបាកខ្លាំងណាស់ ក្នុងនោះសំខាន់បញ្ហាអំពើពុករលួយដែលជាឧបសគ្គ ប្រសិនបើយើងមើលស្រាលៗ គឺយើង​មិនបានដឹងច្បាស់ទេ តែប្រសិនបើយើងស៊ីជំរៅបន្តិច គឺក្រុមហ៊ុនល្អៗចូលមកបណ្តាក់ទុននៅ​ក្នុងប្រទេសកម្ពុជារបស់យើងគឺមានចំនូនតិចតួចបំផុត ។​លោកថ្លៃងទៀតថា ដូចនេះអ្វីដែល​សំខាន់បំផុត យើងត្រូវតែធ្វើការទប់ស្កាត់អំពើពុករលួយ ហើយក្នុងនោះការទប់ស្កាត់ និងការ​លប់បំបាត់អំពើពុកតលួយនេះ គឺជានយោបាយរបស់គណបក្ស សង្គ្រោះជាតិ អទិភាពបំ​ផុត​ដែលមុននិងធ្វើអ្វីៗត្រូវតែចាត់វិធានការរឿងពុករលួយនេះជាមុនសិន ដើម្បីឈានទៅដល់ ការ​អភិវឌ្ឍន៏សេដ្ឋកិច្ច និងឈានទៅអនុវត្តន៏គោលនយោបាយដ៏ទៃៗទៀត គឺជាអទិភាព​យើង​ត្រូវ​តែដោះស្រាយរឿងពុករលួយ ។

លោក យឹម សុវណ្ណ ថ្លែងទៀតផងដែរថា ក្នុងនោះ ក៏ត្រូវតែមានការប្រណាំងប្រជែងដោយស្មើ ភាពផងដែរ លោកថានៅប្រទេសកម្ពុជារបស់យើង ការប្រណាំងប្រជែងដោយស្មើភាព ទី​ផ្សារ​សេរី គឺមានតែនៅលើក្រដាស់តែប៉ុណ្ណោះ ហើយក្នុងនោះអ្នកដែលចូលមករកស៊ី​នៅក្នុងប្រ​ទេស​ក​ម្ពុ​ជាគ្មានបក្ខពូក និងគ្មានអ្នកមានអំណាចនៅពីក្រោយខ្នង គឺមិនអាចរកស៊ីបានដោយ​ងាយ​ស្រួលនៅក្នុងប្រទេសកម្ពុជាទេ ដែលទាំងអស់នេះហើយ​វាពុំមានការ​ប្រណាំង​ប្រជែង​ដោយស្មើភាពគ្នានោះ ។ ដោយលោកសូមលើកឧទាហរណ៏ថា អ្នកវិនិយោគទុនល្អៗ​ដែល​គេ​មកដល់ប្រទេសកម្ពុជា ក្នុងនោះគឺត្រូវការចំណាយលុយទិញដី និងទិញសម្ភារៈសព្វគ្រប់បែប​យ៉ាង ដើម្បីអភិវឌ្ឍន៏គំរោងវិនិយោគ ។ ក៏ប៉ុន្តែជាមួយគ្នានោះ មានអ្នកវិនិយោគខ្លះភាគច្រើន ដែលមានបក្ខពួក និងមានភាពស្និតស្នាលជាមួយរដ្ឋាភិបាល ក៏ដូចជាមន្រ្តីជាន់ខ្ពស់​នៅក្នុងជួរ​រដ្ឋាភិបាល គឺដីរដ្ឋពួកគេទទួលបានការសម្បទានដោយតម្លៃថោកបំផុត ដែលធ្វើឲ្យបាត់​បង់​ផល​ប្រ​យោជន៏របស់ជាតិ ដូចជាដីនៅទីក្រុងភ្នំពេញក្នុងមួយម៉ែត្រការ៉េតម្លៃមួយពាន់ដុល្លា ពីរ​ពាន់ដុល្លា និងកន្លែងខ្លះបីពាន់ដុល្លា ក៏ប៉ុន្តែដោយសារតែពួកគេមានទំនាក់ទំនងយ៉ាងល្អ​ជា​មួយរដ្ឋាភិបាល​ ជាមួយមន្រ្តីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល គឺគេទិញក្នុងតម្លៃថោក​ដែលមិន​បានដប់ភាគរយនៃតម្លៃទីផ្សារផង ។ ដូច្នេះវាបានធ្វើឲ្យបរិយាកាសនៃការវិនិយោគទុន និង​ ការ​ប្រណាំងប្រជែងនៅក្នុងវិស័យដូចគ្នានោះវាមានការរលំតែម្តង ហេតុដូចនេះ មានតែ​អ្នក​មានអំណាច អ្នក មានខ្សែររយៈទាក់ទងជាមួយនិងមន្ត្រីពុករលួយមួ​យចំនួនទេ​ ដែលអាច​រស់​បាន ។
លោក យឹម សុវណ្ណ អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច និងជាតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៏ទាក់ទងទៅនិងវិស័យសេដ្ឋកិច្ចនេះបន្តទៀតថា មួយវិញទៀត ​ទាក់ទងទៅនិងតម្លៃ ក្នុងនោះតម្លៃទាំងផលិតផល ទាំងសេវ៉ា គឺមានតម្លៃខ្ពស់ ដែលក្នុងនោះ​លោកសូមលើកឧទាហរណ៏តែតម្លៃអគ្គីសនីមួយ គឺតម្លៃអគ្គីសនីនៅក្នុងប្រទេសកម្ពុជារបស់ យើង មានតម្លៃថ្លៃជាងប្រទេសជិតខាងដល់ទៅ១០ដង ដែលក្នុងនោះនៅយួនតម្លៃត្រឹមតែ មួយរយហាសិបរៀលលុយខ្មែរ ទៅពីររយហាសិបរៀលលុយខ្មែរក្នុងមួយគីឡូវ៉ាត់ម៉ោង តែនៅ ប្រទេសកម្ពុជារបស់យើងតម្លៃពីប្រាំពីរ ទៅប្រាំបី-ប្រាំបួនរយរៀល និងនៅតំបន់ខ្លះថ្លៃរហូត​ដល់ទៅពីរពាន់រៀន-បីពាន់ និងបួនពាន់រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង គឺថ្លៃជាង១០ដង ដែល ក្នុងនោះគ្រាន់តែតម្លៃអគ្គីសនី តម្លៃសាំង ប្រេងឥន្ធនះ នៅក្នុងប្រទេសកម្ពុជា​របស់​យើង​ថ្លៃ​ជាង​ប្រទេសជិតខាងបែបនេះ គឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងជីវភាព​​រស់​នៅ​របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។

លោក យឹម សុវណ្ណ បន្តទៀតថា ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនចិន បានធ្វើការកំណត់តម្លៃ​ថ្លៃ​អគ្គីសនី និងធ្វើការព្យាករណ៏ រួចស្រេចហើយថា អ្នកដែលចូលមកធ្វើវារីអគ្គីសនីទាំងប៉ុន្មាន​នៅស្រុក​ខ្មែរ ក្នុងរយៈពេល២០-៣០ឆ្នាំខាងមុខ អគ្គីសនីមិនចុះថ្លៃទេ ។ លោក យឹម សុវណ្ណ បានដាក់ជា​សំនូរថា ចុះប្រសិនបើអគ្គីសនីមិនចុះថ្លៃ តើយើងអាចទៅប្រណាំងប្រជែងជាមួយ​និង​ប្រទេស​ជិតខាងរបស់យើងបានឬមួយក៏យ៉ាងណា ? ដែលក្នុងនោះតម្លៃដើមក៏មានតម្លៃថ្លៃ សេវ៉ាក៏​មានតម្លៃថ្លៃ ផលិតផលក៏ថ្លៃ គឺយើងមិនអាចទៅប្រណាំងប្រជែងជា​មួយនិងប្រទេស​ជិតខាង​បានទេ ពីព្រោះគេនាំទៅលក់ទៅទីផ្សារអាមរិក ទីផ្សារអ៊ឺរ៉ុបគឺគេត្រូវការទំនិញ​ដែល​មាន​​គុណភាព​ និងត្រូវការទំនិញដែលមានតម្លៃថោក ។ លោក យឹម សុវណ្ណ បន្ថែមទៀតថា តែបើតម្លៃរបស់យើងមានតម្លៃថ្លៃតាំងពីពេលនេះទៅហើយ គឺយើងមិនអាចទៅប្រណាំប្រជែង​ជា​មួយ និងគេបានទេ ។ ដូចនេះយើងត្រូវតែពិនិត្យមើលនយោបាយអគ្គីសនី និងនយោ បាយប្រេងឥន្ធនះនេះឡើងវិញ គឺត្រូវធ្វើយ៉ាងណាឲ្យមានតម្លៃប្រហាក់ប្រហែលទៅនិងប្រ​ទេសជិតខាងរបស់យើង ដែលនេះជាលក្ខ័ណ្ឌមួយដើម្បីបង្កបរិយាកាសវិនិយោគទុនឲ្យមាន ការប្រណាំងប្រជែងសោយស្មើភាព និងធ្វើឲ្យតម្លៃមានភាពសមស្របគ្នា ។

លោក យឹម សុវណ្ណ បានមានប្រសាសន៏ទៀតថា កាលណាផលិតផលរបស់គេ គេផលិត​ថោក សេវ៉ា នៃការចំណាយរបស់គេថោកនៅក្នុងប្រទេសរបស់យើង គឺគេអាចនិងងាកមករកស៊ី​ក្នុង​ប្រទេសកម្ពុជារបស់យើងជាក់ជាមិនខាន ជាមួយគ្នានោះកាលណាតែបរិយា​កាសវិនិយោគ​ទុន ពុំមានអំពើពុករលួយ មានភាពងាយស្រួលទាំងផ្នែកផ្លូវច្បាប់ គេនិងមក​បណ្តាក់ទុននៅ​ក្នុង​ប្រទេសកម្ពុជា ដែលពេលនោះហើយនិងធ្វើសេដ្ឋកិច្ចរបស់យើងមានការរីកចំរើន ។
ជាមួយគ្នានេះលោក យឹម សុវណ្ណ ក៏បានបញ្ជាក់ជូនផងដែរថា តែប្រសិនបើដូចសព្វថ្ងៃនេះ ​នៅ​តែមានភាពស្មុកស្មាញ អំពើពុករលួយនៅតែដោះស្រាយមិនចេញ សេដ្ឋកិច្ចរបស់ខ្មែរ​មាន​ការរីកចំរើនទៅដែរ ក៏ប៉ុន្តែវាមិនបានរីកចំរើនលឿនជឿនដូចជាបណ្តាប្រទិសជិតខាងរបស់​យើងឡើយ ។

សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និង​លោក កឹម សុខា​ជាអនុប្រធាននៅពេលខាងមុខ រូមជាមួយនិងការមានឥស្សរជននយោបាយ​ឆ្នើមៗជាច្រើនរូបទៀតកំពុងតែតែស្ថិតនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ នោះគឺបានដាក់​ចេញនូវគោលនយោបាយរួចហើយថា​ វិស័យសេដ្ឋកិច្ចគឺជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់នៅពេលដែលគណបក្ស សង្គ្រោះជាតិ ជាប់ឆ្នោត ក៏ដូចជាការលុបបំបាត់អំពើពុករលួយ មុននិងឈានបន្តទៅអនុវត្តន៏គោលនយោ បាយផ្សេងៗនោះ ។

ដូចនេះយើងអាចមើលឃើញថា គណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចំរើនលូតលាស់ដូចជាបណ្តាប្រទេសផ្សេងៗទាំង​នៅ​ក្នុងតំបន់អាស៊ី និងនៅអន្តរជាតិផងដែរ ៕


No comments:

Post a Comment

yes