លោក បារ៉ាក់ អូបាម៉ា (ស្ដាំ) និងគូប្រជែងមកពីបក្សសាធារណរដ្ឋលោក មីត រ៉ុមនី (ឆ្វេង)
នៅឯការជជែកតទល់គ្នាចុងក្រោយនៃបេក្ខជនប្រធានាធិបតីកាលពីថ្ងៃទី២២ តុលា
ភ្នំពេញៈ ការស្ទាបស្ទង់ស្តីពីគោលនយោបាយរបស់ប្រទេសមួយចំនួនត្រូវបានធ្វើឡើងនៅក្នុងគេហទំព័ររបស់លោក Mitt Romney ដូចជា ប្រទេសអ៊ីរ៉ង់ ជប៉ុន ឥណ្ឌូនេស៊ី និងកម្ពុជា។
នេះប្រហែលជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ខណៈប្រជាជនអាមេរិកកំពុងធ្វើការសម្រេចចិត្តបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយរបស់ខ្លួននៅថ្ងៃនេះ ប៉ុន្តែ សូម្បីតែអ្នកជំនាញនិងក្រុមសាស្ត្រាចារ្យមួយចំនួន ក៏នៅមានការខ្វែងគំនិត អំពីថាតើអ្វីជាការផ្លាស់ប្តូរនៅក្នុងរដ្ឋការអាមេរិក និងថា តើវាអាចមានន័យយ៉ាងដូចម្តេច ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងពិភពលោក។
លោកសាស្ត្រាចារ្យ Carl Thayer នៅសាកលវិទ្យាល័យ New South Wales បានថ្លែងថា ៖ «យើងមិនដឹងទេថា តើនរណានឹងជារដ្ឋមន្ត្រីការបរទេស។ យើងក៏មិនដឹងថា តើពួកគេនឹងផ្តោតមកលើអាស៊ីដូចមុនដែរឬទេ? ប៉ុន្តែក្នុងរយៈពេលមួយរយថ្ងៃដំបូង យើងមិនអាចមើលឃើញថា តើកម្ពុជាកំពុងត្រូវបានផ្តោតឬយ៉ាងណានោះទេ»។
ទំនាក់ទំនងរបស់កម្ពុជាជាមួយអាមេរិក ដែលបង្កើតឡើងវិញជាផ្លូវការ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលកម្ពុជាឆ្នាំ១៩៩៣ គឺផ្តោតទៅលើជំនួយវិស័យការពារសន្តិសុខ ពាណិជ្ជកម្ម និងការអភិវឌ្ឍ ប៉ុន្តែនៅពេលឥឡូវនេះវិធីសាស្ត្រយុទ្ធនាការរបស់លោក Romney គឺមិនទាន់បង្ហាញពីការផ្តោតមកលើកម្ពុជានោះទេ។ ជំហររបស់លោក Romney លើបញ្ហាជំនួយនៅតែមិនទាន់ច្បាស់បើតាមសុន្ទរកថាមួយដែលរៀបចំឡើងដោយកម្មវិធីគំនិតផ្តួចផ្តើម Clinton Global Initiative កាលពីចុងខែកញ្ញា ក្នុងនោះអតីត អភិបាលរដ្ឋ Massachusetts ជាអ្នកសាធារណរដ្ឋ បានថ្លែងថា៖ «នឹងបង្កើតកិច្ចព្រមព្រៀងវិបុលភាព»ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងគោលបំណងជំរុញភាពរីកចម្រើនក្នុងវិស័យពាណិជ្ជកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសមួយចំនួន ដោយយល់ព្រមលុប «របាំងវិនិយោគ និងពាណិជ្ជកម្ម» នៅក្នុងស្រុក។
លោក Romney ថ្លែងថា៖ «ជាការដោះដូរនឹងការលុបរបាំងទាំងនោះ និងសម្លឹងទៅទីផ្សារចំពោះការវិនិយោគ និងពាណិជ្ជកម្មអាមេរិក នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នឹងទទួលបានកញ្ចប់ជំនួយពីអាមេរិក និងការផ្តោតទៅលើការអភិវឌ្ឍស្ថាប័នផ្សេងៗ និងវិធានច្បាប់ផ្សេងៗ រួមទាំងច្បាប់កម្មសិទ្ធិបញ្ញា»។
លោកបន្តថា៖«សូមមើលកញ្ចប់ជំនួយបច្ចុប្បន្ន អាចឲ្យសេដ្ឋកិច្ចរីកចម្រើន» ដែលនេះជំរុញឲ្យមានសហគ្រាសសេរីនៅបរទេស«វាអាចផ្តល់ថវិកាដល់គម្រោងផ្សេងៗនឹងអាចសងបំណុល»។
ក្រោមរដ្ឋបាលគូបដិបក្ខរបស់លោក Romney គឺលោក បារ៉ាក់ អូបាម៉ា ជំនួយបរទេសអាមេរិកចំពោះកម្ពុជាបានកើនឡើងជាង៣០ភាគរយ ពីប្រមាណ៥៨លានដុល្លារ ក្នុងឆ្នាំ២០០៨ ឆ្នាំមុនលោក អូបាម៉ា ឡើងកាន់អំណាចកើនទៅដល់ជាង៧៦លានដុល្លារ ពីអំឡុងឆ្នាំមុន។
លោក Romney មិនទាន់បានបង្ហាញទេថា តើក្រោមការដឹកនាំរបស់លោក ជំនួយអាមេរិកមកកម្ពុជានឹងកើនឡើងឬថយចុះ។
ទោះយ៉ាងណាលោក Andrew Mertha ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Cornell និងជាអ្នកជំនាញខាងកម្ពុជា ថ្លែងថា លោកមិនគិតថា«របាំងចំពោះការវិនិយោគ និងពាណិជ្ជកម្ម មានភាពអាក្រក់ក្នុងប្រទេសកម្ពុជានោះទេ» ឬការកាត់បន្ថយជំនួយអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់កម្ពុជាធ្ងន់ធ្ងរនោះទេ។
លោកថ្លែងតាមអ៊ីមែលថា ៖ «ប្រសិនបើរដ្ឋបាលលោក Romney កាត់បន្ថយជំនួយចំនួន១០ភាគរយ នោះវាគ្មានអ្វីលំបាកទេ វានឹងធ្វើឲ្យមានការកើនឡើងជំនួយពីចិនវិញ ដែលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជំនួយពីចិនមានការកើនឡើង។ សំណួរពិតប្រាកដគួរតែសួរថា «តើការសន្សំសំចៃចំពោះជំនួយ១០ភាគរយនឹងធ្វើឲ្យមានការខាតបង់ច្រើនជាងមុនឬ នៅពេលឥទ្ធិពលរបស់ចិនកើនឡើងក្នុងប្រទេសកម្ពុជា?»។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Mean McIntosh បានថ្លែងថា លោកនឹងមិនគិតថានឹងមានប៉ះពាល់សក្តានុពលនៃការកាត់ជំនួយបរទេសរបស់អាមេរិកនោះទេ ប៉ុន្តែលោកថ្លែងថា តម្លៃនៃថវិការបស់ USAID អាចត្រូវគេមើលឃើញយ៉ាងទូលាយ»។
ថ្លែងពាក់ព័ន្ធនឹងបញ្ហាកាត់ជំនួយនោះ លោកថ្លែងថា៖ «គេត្រូវរង់ចាំមើលសិន ថា តើតួលេខនឹងមានលក្ខណៈយ៉ាងដូចម្តេច?»។
ផ្នែកមួយដែលយើងអាចឃើញអំពីផែនការរបស់លោក Romney គឺវិធីសាស្ត្រការពាររបស់គាត់។ ទំព័រ «ចិននិងអាស៊ីបូព៌ា»នៃគេហទំព័រយុទ្ធនាការគាត់បានអំពាវនាវឲ្យសហរដ្ឋអាមេរិកធ្វើការរក្សានិងពង្រីកវត្តមាននៅក្នុងតំបន់បាស៊ីហ្វិកខាងលិច ដើម្បីធានាបើកផ្លូវពាណិជ្ជកម្មនិងសន្តិសុខនៅអាស៊ីបូព៌ា ខណៈចិនបង្កើនផ្នែកយោធារបស់ខ្លួន។
គោលនយោបាយនេះគឺស្រដៀងគ្នាទៅនឹងការផ្តោតយកចិត្តទុកដាក់ទៅលើតំបន់មជ្ឈិមបូព៌ា អំពាវនាវដោយលោក អូបាម៉ា ក្នុងនោះថវិកាផ្នែកយោធាជើងទឹកភាគច្រើនបំផុតរបស់ប្រទេសនេះនឹងបង្វែរទៅតំបន់ប៉ាស៊ីហ្វិកនៅឆ្នាំ២០២០។
សាស្ត្រាចារ្យ Carl Thayer ថ្លែងថា ទោះបីជាលោក Romney មិនបានលើកឡើងជាក់លាក់អំពីកម្ពុជា ប៉ុន្តែការប្រព្រឹត្តរបស់គាត់លើវិស័យការពារសន្តិសុខគឺវាមានលក្ខណៈដូចទៅនឹងកម្មវិធីយោធាដែលមានរួចហើយក្រោមរដ្ឋបាល លោក អូបាម៉ា។
សាស្ត្រាចារ្យThayer បានថ្លែងថា៖ «វានឹងជួយឲ្យវិស័យយោធាកម្ពុជាមានលក្ខណៈទំនើបនិងវិជ្ជាជីវៈ» លោកកត់សម្គាល់ផងដែរថា ថវិកាផ្នែកការពារសន្តិសុខពីអាមេរិកមានសារៈប្រយោជន៍យ៉ាងពិសេសក្នុងការជួយដល់កម្មវិធីដោះមីនរបស់កម្ពុជា និងជាពិសេសការចូលរួមនៅក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ «នោះហើយជាសញ្ញាដ៏ល្អមួយនៃឥទ្ធិពលរបស់អាមេរិក»។
ប៉ុន្តែទោះជាយ៉ាងណា លោក Thayer ថ្លែងថា ជំនួយផ្នែកការពារសន្តិសុខរបស់ អូបាម៉ា មិនទាន់បានបញ្ចប់ការពិភាក្សាទេ។
លោកបន្តថា៖ «ក្រោមរដ្ឋបាល អូបាម៉ា វាគួរឲ្យភ្ញាក់ផ្អើល បើអ្នកមើលឃើញថា ភាគីទាំងពីរបានធ្វើការដោះដូរអនុព័ន្ធយោធា»។ លោកបន្តថា ៖ «ផ្ទុយទៅវិញ លោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងភាពលំបាកនៅបរទេស ហើយលទ្ធិប្រជាធិបតេយ្យស៊ីវិលដែលពិភពលោកព្យាយាមបង្កើតក្នុងឆ្នាំ១៩៩៣ បានប្រែក្លាយទៅជារបបមួយទៀតដែលផ្តាច់ការ»។
បើតាម លោក Thayer «ការដាក់សម្ពាធប្រហែលជាអាចនឹងធ្វើឡើងមកលើកម្ពុជាដើម្បីជួយនាំលោកសម រង្ស៊ី ឲ្យវិលចូលស្រុកវិញ» បើសិនលោក Romney បានជាប់ឆ្នោត។
រីឯលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការ Comfrel បានថ្លែងថា៖ «ពួកគេមានលក្ខណៈខុសគ្នាខ្លាំងណាស់ បើនិយាយពីការជួយដល់កម្ពុជាក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ និងសេរីភាពស៊ីវិល»។ លោកគិតថា លោក Romney មានជំហរតឹងរ៉ឹងជាងលើបញ្ហាសេរីភាពស៊ីវិលនៅក្នុងបណ្តាប្រទេសនៅអាស៊ី»។
លោកបន្តថា៖ «គាត់មានជំហរតឹងរ៉ឹង ពិសេសចំពោះចិន ហើយចិន គឺជាមិត្តដ៏រឹងមាំរបស់កម្ពុជា ដូច្នេះ វាអាចជាប្រភេទនៃភាពតានតឹងនៅអាស៊ី»៕
No comments:
Post a Comment
yes