មន្ទីរសន្តិសុខ ក្រាំងតាចាន់ នៅក្នុងខេត្តតាកែវ
ភ្នំពេញៈ ដោយប្រើប្រាស់វិធានស្តីពីតម្លាភាព នៃនីតិវិធី នៅសាលាក្តីខ្មែរក្រហម លោក Mark Harmon ចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលត្រូវបានតែងតាំងថ្មី បានបញ្ចេញបញ្ជីកន្លែងឧក្រិដ្ឋកម្ម ចំនួន ១៤ បច្ចុប្បន្នស្ថិតក្រោមការស៊ើបអង្កេតនៅក្នុងសំណុំរឿងដ៏ចម្រូង ចម្រាស ០០៤។
មជ្ឈមណ្ឌលសន្តិសុខ និងគុក កន្លែងពលកម្ម និងវាលពិឃាត ស្ថិតក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ តាកែវ កំពង់ធំ និងខេត្តកំពង់ចាម ស្ថិតក្នុងចំណោមកន្លែងឧក្រិដ្ឋកម្ម ក្នុងបញ្ជី នៅក្នុងសំណុំរឿងប្រឆាំងនឹងអតីតមេដឹកនាំតំបន់គឺលោកស្រី អ៊ឹម ចែម តាអាន និង តាទិត្យ។ កន្លែងឧក្រិដ្ឋកម្មទាំងនេះ ពាក់ព័ន្ធនឹងការធ្វើបាបព្រៃផ្សៃលើខ្មែរក្រោម។ សេចក្តីថ្លែងការណ៍នេះ គឺជាសេចក្តីជូនដំណឹងជាសាធារណៈជាលើកទី១ ដោយចៅក្រមអន្តរជាតិ ចាប់តាំងពីពេលលោកចូលកាន់តំណែង ២ ខែមុន។
ការចោទប្រកាន់អំពីការជ្រៀតជ្រែកនយោបាយ ក្នុងការស៊ើបអង្កេត សំណុំរឿង ០០៣ និង ០០៤ បានធ្វើឲ្យខូចឈ្មោះសាលាក្តីនេះ ចាប់តាំងពីពេលចាប់ផ្តើម។ ម្តងហើយម្តងទៀត មន្រ្តីរដ្ឋាភិបាលថ្នាក់កំពូល បានសម្តែងចេញយ៉ាងច្បាស់ថា ពួកគេជំទាស់នឹងសំណុំរឿងទាំងពីរនេះ ដោយនិយាយថា ការកាត់ទោសកម្មាភិបាលថ្នាក់កណ្តាល អាចបង្កសង្គ្រាមស៊ីវិល។ ចៅក្រមស៊ើបអង្កេតពីរនាក់មុន លោក Harmon បានលាលែងពីការិយាល័យចៅក្រមស៊ើបអង្កេត ក្នុងចំណោមការអះអាងថា មានការជ្រៀតជ្រែកនយោបាយ ហើយសំណុំរឿងនេះ បានឈប់ដំណើរការហើយចាប់ផ្តើមវិញ។ បញ្ជីថ្មីនេះបានពង្រីកកន្លែងឧក្រិដ្ឋកម្មនៃសំណុំរឿង ០០៤ ដែលបានបញ្ចេញ ដោយការិយាល័យសហចៅក្រមស៊ើបអង្កេត កាលពីឆ្នាំ ២០១១ ក្រោមសម្ពាធជាសាធារណៈ ពីព្រះរាជអាជ្ញា។ ដោយលើកឡើងពីការផ្សព្វផ្សាយមិនពិត ដោយប្រព័ន្ធផ្សព្វផ្សាយ លោក យូប៊ុនឡេង និងលោក Siegfried Blunk អតីតចៅក្រមស៊ើបអង្កេត នៅពេលនោះ បានចេញផ្សាយបញ្ជីកន្លែងឧក្រិដ្ឋកម្ម ៣០ កន្លែង ប៉ុន្តែបានសង្កត់ធ្ងន់ថា មាន«មន្ទិលសង្ស័យខ្លាំង» លើភាពស្របច្បាប់នៃសំណុំរឿងនេះ។ ទោះជាយ៉ាងណា បញ្ជីរបស់លោក Harmon ពុំបានប្រើប្រាស់ភាសាបែបនោះឡើយ ហើយបានលើកឡើងពីវិធានតែមួយដូចលោក Laurent Kasper-Ansermet ចៅក្រមស៊ើបអង្កេតមុន ដែលបានអនុញ្ញាត ឲ្យគាត់ចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយពុំចាំបាច់មានការឯកភាព ពីសហចៅក្រមស៊ើបអង្កេតជាតិ។ សេចក្តីថ្លែងកាលពីថ្ងៃពុធ បានធ្វើឡើងតែក្នុងនាមសហចៅក្រមស៊ើបអង្កេតអន្តរជាតិប៉ុណ្ណោះ ពុំមានការឯកភាពពីលោកយូ ប៊ុនឡេងសហចៅក្រមជាតិឡើយ។
លោក ស្រី Clair Duffy អ្នកឃ្លាំមើលសាលាក្តី នៅអង្គការគំនិតផ្តួចផ្តើមសង្គមបើកទូលាយ ថ្លែងថា៖ «ខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលវាដល់ពេលដែលគាត់ត្រូវធ្វើសកម្មភាពតែម្នាក់ឯង។ អ្នកគ្រាន់តែមើលប្រវតិ្តនៃសំណុំរឿងទាំងនេះ ឃើញថា លោក យូ ប៊ុនឡេង បានជំទាស់រាល់ដំណើរការនៃនីតិវិធី ចាប់តាំងពីថ្ងៃលោក Lemonde កាន់តំណែងជាសហចៅក្រមស៊ើបអង្កេត។ ខ្ញុំមិនបានដឹងអំពីការវិវត្តថ្មីៗ ដែលបង្ហាញថា រដ្ឋាភិបាល បានផ្លាស់ប្តូរទស្សនៈរបស់ខ្លួន អំពីសំណុំរឿង ០០៣ និង ០០៤ ឡើយ ហើយបើគិតអំពីអ្វី ដែលយើងបានចោទម្តងហើយម្តងទៀត រាល់អ្នកធ្វើសេចក្តីសម្រេចកម្ពុជា នៅសាលាក្តីស្ថិតក្រោមការឯកភាពពីរដ្ឋាភិបាល។ ទាំងលោក ប៊ុនឡេង និងលោក Harmon មិនអាចទាក់ទងសុំការអត្ថាធិប្បាយទេ កាលពីថ្ងៃពុធ។
លោក Dale Lysak ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញា បានថ្លែងកាលពីម្សិលមិញថា លោកបានរកឃើញថា វាជាការជំរុញទឹកចិត្ត ដែលលោក Harmon បានចេញផ្សាយបញ្ជីដោយមិនចាំបាច់ស្នើ ឬមានការជំរុញពីព្រះរាជអាជ្ញា។ លោកបន្តថា៖ «ច្បាស់ណាស់ នេះជាការវិវត្តវិជ្ជមាន។ រហូតមកដល់ពេលនេះ កិច្ចការហាក់បីដូចជាដើរទៅមុខ។ ខ្ញុំមិនឃើញមានបញ្ហាដូចចៅក្រម ២ ឬ ៣ នាក់មុនឡើយ។ វានៅតែឆាប់ពេកហើយ ប៉ុន្តែវាហាក់ដូចជាដំណើរការទៅមុខ»។ ការដាក់បញ្ចូលកន្លែងឧក្រិដ្ឋកម្មលើខ្មែរក្រោម ដែលព្រះរាជអាជ្ញា ស្នើឲ្យស៊ើបអង្កេត កាលពីខែមិថុនា ឆ្នាំ ២០១១ គឺជាការវិវត្តសំខាន់ សម្រាប់សាលាក្តី។ លោក Lysak បញ្ជាក់ថា៖ «ការបង្ហាញថា ឧក្រិដ្ឋកម្មប្រឆាំងនឹងខ្មែរក្រោមនឹងត្រូវស៊ើបអង្កេតគឺជាការ សំខាន់»។
ព្រះរាជអាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី អះអាងថា ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ គួរធ្វើឡើង ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងខ្មែរក្រោម ដែលជាគោលដៅរបស់ខ្មែរក្រហម ហើយស្ថិតក្រោមការធ្វើបាបយ៉ាងធ្ងន់ធ្ងរ។
ដោយចាត់ទុកសេចក្តី ថ្លែងរបស់លោក Harmon ថាជាជំហានល្អ ឆ្ពោះទៅមុខ លោកស្រី Silke Studzinsky មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានសង្កាត់ធ្ងន់ថា កិច្ចប្រឹងប្រែងចុះមូលដ្ឋានមិនទាន់បានធ្វើឡើងទេ ហើយដំណើរការទៅមុខក្នុងរឿងក្តីនេះនឹងមានផលតិចតួចលើជនរងគ្រោះ។
លោកស្រី បញ្ជាក់ថា៖ «ការផ្សព្វផ្សាយលើគេហទំព័រតុលាការ ពុំបានទៅដល់ជនកម្ពុជាច្រើននាក់ទេ។ មានតែជនកម្ពុជាតិចតួចដែលប្រើអ៊ីនធឺណិត»។
ដោយបដិសេធមិនបញ្ចេញពីសេចក្តីលំអិត លោកស្រី Yuko Maeda អ្នកនាំពាក្យសាលាក្តីថ្លែងថា កិច្ចខិតខំប្រឹងប្រែងបន្ថែមដើម្បីជូនដំណឹងដល់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណីនៃកន្លែងឧក្រិដ្ឋកម្មថ្មី កំពុងដំណើរការ៕
No comments:
Post a Comment
yes