ប្រធានក្រុមយុវជននៃគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅខាងមុខតុលាការក្រុងភ្នំពេញ
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២
ផែនការរបស់ក្រុមយុវជនប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមបទអំពើឃាតកម្មគិតទុកជាមុន ក្នុងហេតុការណ៍ស្លាប់មនុស្ស ៣៥៣នាក់ នៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០ នោះ ត្រូវបានលុបចោលហើយ។
ប្រធានក្រុមចលនាយុវជននៃគណបក្ស សម រង្ស៊ី ដែលជាដើមបណ្ដឹង បានបញ្ជាក់ថា ការលុបចោលបណ្ដឹងនេះ គឺដើម្បីចង់រក្សាការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ។
ប្រធានគណៈកម្មាធិការប្រតិបត្តិនៃចលនាយុវជនគណបក្ស សម រង្ស៊ី នៅទូទាំងប្រទេសកម្ពុជា លោក សួង សុភ័ណ្ឌ នៅថ្ងៃទី២២ ខែធ្នូ បានប្រកាសថា លោកលុបចោលនូវផែនការប្ដឹងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្រោមបទអំពើឃាតកម្មគិតទុកជាមុនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (អាយ.ស៊ី.ស៊ី = ICC = International Criminal Court) នោះហើយ។
ការបោះបង់ចោលផែនការនេះ គឺលោកចង់បង្វែរឲ្យប្រជាពលរដ្ឋខ្មែរនានា ងាកមករកការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីផ្លាស់ប្ដូរមេដឹកនាំរដ្ឋាភិបាល និងកែទម្រង់ប្រព័ន្ធតុលាការឲ្យឯករាជ។
ការបង្វែរទិសដៅនេះ ធ្វើឡើងក្រោយពីសាលាដំបូងនៅខេត្តស្វាយរៀង បានលើកលែងការចោទប្រកាន់ជនសង្ស័យឈ្មោះ ឈូក បណ្ឌិត កាលពីថ្មីៗនេះ។ លោក ឈូក បណ្ឌិត ជាអតីតអភិបាលក្រុងបាវិត ដែលជាជនសង្ស័យ ថាបានបាញ់កម្មការិនីចំនួន ៣នាក់ឲ្យរងរបួសនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅនេះ។
លោក សួង សុភ័ណ្ឌ៖ «មូលហេតុនៃការទម្លាក់ចោលនេះ មូលហេតុទី១ ខ្ញុំជាអ្នកគាំទ្រព្រះបាទសម្ដេចនរោត្តមសីហនុ ដូច្នេះក្នុងអំឡុងពេលនៃការកាន់ទុក្ខនៃព្រះវិញ្ញាណក្ខន្ធនៃព្រះបាទសម្ដេចនរោត្តមសីហនុ ដើរតាមព្រះរាជតម្រិះរបស់ព្រះបាទសម្ដេចនរោត្តមសីហនុ។ ខ្ញុំដើរតាមពាក្យថា បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ និងឯកភាពជាតិ ហើយក៏ជាការលើកតម្លៃដល់ប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលបានអះអាងថា ជាប្រទេសនីតិរដ្ឋ។ ដូច្នេះ ដើម្បីគោរព ខ្ញុំមិនប្ដឹងទៅតុលាការក្រៅប្រទេសឡើយ»។
ទាក់ទងនឹងការប្ដូរជំហរភ្លាមៗនេះ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ធ្លាប់បានមានប្រសាសន៍ថា៖ «ការប្ដឹង ឬមិនប្ដឹង លោក ហ៊ុន សែន នោះ មិនមែនជាជំហររបស់គណបក្សទេ»។
ចំណែកឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ករណីនេះជាហេតុផលនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាពមុនការបោះឆ្នោតឆ្នាំ២០១៣៖ «ដូច្នេះ គេមិនគោរពនូវអ្វីដែលជានីតិវិធី ឬប្រព័ន្ធតុលាការដើម្បីការពារផលប្រយោជន៍ដូចបានគិតនោះទេ បើសិនយល់ឃើញថា ជាការរំលោភសិទ្ធិមែនទែន គេគួរតែប្រើប្រាស់រាល់មធ្យោបាយ និងរាល់វិធាន ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិ ដែលគេបាននិយាយប្រាប់ប្រជាពលរដ្ឋខ្មែរថាគេការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលទទួលការខូចខាត។ ដូច្នេះហើយ បង្ហាញថាគេប្រើប្រាស់តុលាការហ្នឹងគ្រាន់តែជាទិសដៅនៃយុទ្ធនាការឃោសនាបោះឆ្នោត»។
លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល និងជាឧបនាយករដ្ឋមន្ត្រី និងប្ដឹងអតីតស្នងការក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ ក្រោមបទអំពើឃាតកម្មគិតទុកជាមុន ដែលបណ្ដាលឲ្យមនុស្សចំនួន ៣៥៣នាក់ រត់ជាន់គ្នាស្លាប់ និងរងរបួសជិត ៤០០នាក់ នៅលើស្ពានកោះពេជ្រ កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
ការស្លាប់នោះ គឺនៅថ្ងៃចុងក្រោយនៃបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅភ្នំពេញ។ សាលាដំបូងក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៨ ខែធ្នូ កន្លងទៅនេះថា តុលាការមិនចាត់ការបណ្ដឹងនេះទេ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។
ចំពោះការដោះស្រាយសំណុំរឿងស្លាប់ដោយរត់ជាន់គ្នានោះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញសេចក្តីសម្រេចជាបន្ទាន់មួយចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ បង្កើតគណៈកម្មការ និងអនុគណៈកម្មការមួយ ដោយមានរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងជាឧបនាយករដ្ឋមន្ត្រីជាប្រធាន និងសមាជិកជាច្រើនទៀត ដើម្បីស៊ើបអង្កេត និងដោះស្រាយសំណុំរឿងនេះរួចហើយ៕
No comments:
Post a Comment
yes