កម្មការិនីឈ្មោះ ប៊ុន ចិន្ដា ដែលត្រូវគ្រាប់កាំភ្លើងក្នុងពេលធ្វើកូដកម្ម នៅស្វាយរៀង
សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១ មីនា ឆ្នាំ២០១២
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យម្ចាស់ជំនួយដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីតុលាការខេត្តស្វាយរៀង សម្រេចលើកលែងការចោទប្រកាន់ចំពោះលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។
តាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយជាសាធារណៈនៅថ្ងៃទី២២ ធ្នូ នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រែដ អាដាម (Brad Adams) បានហៅការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង នោះ ថាជាការលើកស្ទួយនិទណ្ឌភាពនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ធ្នូ ចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឲ្យម្ចាស់ជំនួយនានា ដាក់គំនាបទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូនកម្មការិនីទាំងបីនាក់នៅខេត្តស្វាយរៀង។
ការទាមទារឲ្យដាក់សំពាធបែបនេះ បន្ទាប់ពីស្ថាប័នអយ្យការសម្រេចលើកលែងការចោទប្រកាន់លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យបាញ់ប្រហារលើជនរងគ្រោះ។
សេចក្ដីថ្លែងការណ៍នោះ កត់សម្គាល់លើចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹងអង្គហេតុស្ដីពីការបាញ់ប្រហារទៅលើកម្មការិនីដែលមជ្ឈដ្ឋានទូទៅ រួមទាំងក្រសួងមហាផ្ទៃផង ឲ្យដឹងថា ជាទង្វើរបស់លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យតែម្នាក់គត់ និងភ្ជាប់ករណីនេះទៅនឹងការទទួលខុសត្រូវរបស់មន្ត្រីជាន់ខ្ពស់នយោបាយមកពីគណបក្សប្រជាជនកម្ពុជា គឺអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលត្រូវជាសាច់ញាតិជនសង្ស័យ និងត្រូវបានគេជឿថា មានឥទ្ធិពលលើការសម្រេចចិត្តរបស់តុលាការ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រែត អាដាម ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា មានតែឥទ្ធិពលនយោបាយតែមួយគត់ដែលនៅពីក្រោយការសម្រេចសេចក្ដីឲ្យលោក ឈូក បណ្ឌិត រួចខ្លួន ហើយទាត់ចោលនូវភស្តុតាងទាំងឡាយដែលបង្ហាញដោយកំលាំងនគរបាល និងការស៊ើបអង្កេតរយៈពេល ១០ខែកន្លងទៅ។
លោកបន្តថា នៅថ្ងៃអនាគត ការសម្រេចចោទប្រកាន់ ឬលើកលែងការចោទប្រកាន់ និងអំណាចសាលក្រម គឺនឹងត្រូវរដ្ឋាភិបាលកម្ពុជា យកទៅប្រើប្រាស់ជាឧបករណ៍ការពារ និងជ្រោមជ្រែងអំណាចផ្ដាច់ការនៅកម្ពុជា ប៉ុណ្ណោះ។ លោក ប្រែដ អាដាម បញ្ជាក់ថា ល្មមដល់ពេលហើយដែលកម្ពុជា ត្រូវបញ្ចប់របាំងយុត្តិធម៌ និងវប្បធម៌គ្មានទោសពៃរ៍។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានទេ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១២ ប៉ុន្តែនាពេលកន្លងទៅ រដ្ឋាភិបាលកម្ពុជា មិនដែលទទួលយកការរិះគន់ម្ដងណាឡើយពីលោក ប្រែដ អាដាម។ ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានផ្ដល់បទសម្ភាសន៍ដល់កាសែតក្នុងស្រុក ដោយលោកបញ្ជាក់ថា ការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង ជារឿងរបស់តុលាការ មិនទាក់ទងនឹងនយោបាយទេ ហើយការមិនពេញចិត្តរបស់ពលរដ្ឋ និងសង្គមស៊ីវិលជាសិទ្ធិរបស់ពួកគេ។
ទាក់ទិននឹងការសម្រេចពីព្រះរាជអាជ្ញាខេត្តស្វាយរៀងនេះ ត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់សង្គមស៊ីវិល តំណាងសហជីព គណបក្សនយោបាយ និងពលរដ្ឋទូទៅមួយចំនួន ដោយពួកគេចាត់ទុកថា ជាទង្វើអយុត្តិធម៌ដ៏ធំធេងបំផុតក្នុងសង្គមកម្ពុជា។
ទន្ទឹមនឹងនេះ ប្រធានផ្នែកបច្ចេកទេសអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត សំដែងការគាំទ្រចំពោះសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដោយទទូចឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យថ្មីមួយដើម្បីរកយុត្តិធម៌។
លោកបន្តថា ការដែលព្រះរាជអាជ្ញាសម្រេចទាត់ចោលភស្តុតាងរបស់នគរបាល បានន័យថា លោក ឈូក បណ្ឌិត មានមន្ត្រីថ្នាក់ធំជាខ្នងបង្អែកនៅពីក្រោយខ្នង និងបញ្ជាក់ថា និទណ្ឌភាពកំពុងតែរីកធំធាត់នៅក្នុងប្រទេសកម្ពុជា៖ «ចាប់ពីដំបូង មន្ត្រីយុត្តិធម៌បង្ហាញបាត់ទៅហើយថា មន្ត្រីប៉ូលិសហ្នឹងជាអ្នកបាញ់បាត់ទៅហើយ អានេះច្បាស់ក្រឡែត ថាអ្នកនយោបាយនៅពីក្រោយការបាញ់ប្រហារនេះ។ ករណីនេះត្រូវបានគេសិក្សាថា ជាទិដ្ឋភាពនិទណ្ឌភាពមួយទៀតនៅកម្ពុជា»។
នៅក្នុងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានលើកឡើងពីករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ដែលត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា មួយចំនួន។ ការបាញ់ប្រហារទៅលើកម្មការិនី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលជនសង្ស័យបានបាញ់ត្រូវកម្មការិនី ៣នាក់ មានឈ្មោះ នុត សាខន ប៊ុត ចន្ថា និង កែវ នា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង៕
No comments:
Post a Comment
yes