សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

បក្ស​ប្រឆាំង​រិះគន់​ការ​បែង​ចែក​ថវិកា​ជាតិ​តិច​តួច​ទៅ​លើ​វិស័យ​សុខាភិបាល

អ្នក​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​កុមារ​នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ 
កាលពី​ថ្ងៃ​១៤ កញ្ញា ២០០៦

រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​ចាត់​ទុក​វិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​ក្នុង​ចំណោម​វិស័យ​អាទិភាព​ជាច្រើន រួម​មាន​វិស័យ​សង្គមកិច្ច វិស័យ​អប់រំ ការ​កសាង​ធនធាន​មនុស្ស។ល។
ប៉ុន្តែ គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថា ការ​បែង​ចែក​ថវិកា​ជាតិ​ឆ្នាំ​២០១៣ តិច​តួច​ពេក​លើ​វិស័យ​សុខាភិបាល មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​រដ្ឋ​លើ​វិស័យ​សំខាន់​មួយ​នេះ​ទេ។ រីឯ​អ្នក​វិភាគ​សង្គម​យល់​ថា រដ្ឋាភិបាល​អាច​លើក​កម្ពស់​វិស័យ​សុខាភិបាល​បាន ដោយ​យក​ការ​គ្រប់គ្រង​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​គំរូ។
មន្ត្រី​គណបក្ស​ប្រឆាំង បាន​រិះគន់​ថា ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ដែល​បាន​ត្រៀម​លុយ​ចាយ​លើ​វិស័យ​សុខាភិបាល​ប្រមាណ ៧% នៃ​ថវិកា​ជាតិ​សរុប ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មិន​អាច​ស្ដារ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ឲ្យ​បាន​ល្អ​ប្រសើរ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​លើ​កិច្ច​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​យល់​ឃើញ​ថា ថវិកា​ជាតិ​ចាយ​លើ​វិស័យ​សុខាភិបាល​វា​សម​តែ​ត្រូវ​ចំណាយ​ពី ១៣ ទៅ ១៥% នៃ​ចំនួន​ថវិកា​ជាតិ​សរុប​ប្រចាំ​ឆ្នាំ។ ប៉ុន្តែ​ចំនួន​ថវិកា​តិច​តួច​ប្រមាណ ៧% ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ វា​ស្ថិត​នៅ​គម្លាត​ឆ្ងាយ​ពី​ប្រទេស​ជិត​ខាង រួម​មាន​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​បាន​ចំណាយ​ថវិកា​ជាតិ​សម្រាប់​វិស័យ​សុខាភិបាល​ពី ២២ ទៅ ២៦%។
លោក យឹម សុវណ្ណ៖ «អ៊ីចឹង យើង​ទាប​ជាង​គេ​បំផុត មាន​ន័យ​ថា​វិស័យ​អប់រំ និង​វិស័យ​សុខភាព មិន​មែន​ជា​វិស័យ​អាទិភាព ហើយ​នោះ​មិន​ទាន់​គិត​ទៅ​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ប្រាក់។ យើង​ចង់​ជជែក​គ្នា​ទៀត​ថា យើង​គួរ​សិក្សា​ជាមួយ​គ្នា តើ​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​ឧទាហរណ៍»
ថវិកា​ជាតិ​ប្រមាណ ៧% ដែល​រដ្ឋាភិបាល​ត្រៀម​ចាយ​លើ​វិស័យ​សុខភាព​នៅ​ឆ្នាំ​២០១៣ មាន​ប្រហាក់​ប្រហែល ២២៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក យឹម សុវណ្ណ បន្ត​ថា ប្រសិន​រដ្ឋាភិបាល​ចាយ​ប្រាក់​លើ​វិស័យ​សុខាភិបាល​ពី ១៣ ទៅ ១៥% និង​បំបាត់​អំពើ​ពុក​រលួយ ហើយ​ប្រើប្រាស់​ថវិកា​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា នោះ វិស័យ​សុខាភិបាល​កម្ពុជា នឹង​មាន​ការ​ប្រែប្រួល​ប្រសើរ​ឡើង​ជាង​សព្វថ្ងៃ។
មន្ទីរពេទ្យ​គន្ធបុប្ផា បច្ចុប្បន្ន​មាន​ចំនួន​៦ នៅ​កម្ពុជា និង​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​ទៅ​លើ​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ មាន​ន័យ​ថា មន្ទីរពេទ្យ​មួយ​ចំណាយ​ថវិកា​ប្រមាណ​ពី ៥ ទៅ ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​ផ្គត់ផ្គង់​លើ​សេវា​ថ្នាំ​ព្យាបាល កន្លែង​ស្នាក់​នៅ និង​បូក​បញ្ចូល​ទាំង​ប្រាក់​បៀវត្ស​គ្រូពេទ្យ​ក្នុង​ម្នាក់​ពី ៦០០ ទៅ ១.០០០​ដុល្លារ​ផង​ដែរ។ តាម​គំនិត​លោក យឹម សុវណ្ណ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​យក​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​គំរូ ដើម្បី​ស្ដារ​វិស័យ​សុខាភិបាល​ឲ្យ​ល្អ​ឡើង​វិញ៖«ថវិកា​ដែល​គាត់​ចាយ ៣០​លាន​ដុល្លារ បើក​ប្រាក់​ខែ​ឲ្យ​គ្រូពេទ្យ​ពី ៦០០ ទៅ ១.០០០​ដុល្លារ​ទៀត​ក្នុង​មួយ​ខែ មិន​មែន​ប្រាក់​ខែ​គិត​ជា​មធ្យម ៤៣​ដុល្លារ​ដូច​វេជ្ជបណ្ឌិត​ក្នុង​វិស័យ​សុខាភិបាល​ទទួល​ទេ មាន​ថ្នាំ​ពេទ្យ សម្ភារៈ​ពេទ្យ​សព្វ​គ្រប់ ទាំង​អស់​មើល​ជំងឺ​ឲ្យ​ប្រជាពលរដ្ឋ​អត់​បង់​លុយ»
គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៣ មាន​ការ​កើន​ឡើង ៥០០​លាន​ដុល្លារ បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ឆ្នាំ​២០១២។ គម្រោង​ថវិកា​នេះ​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០០៩ - ២០១៣ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ម្យ៉ាង​ឆ្នាំ​២០១៣ កម្ពុជា ក៏​មាន​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ផង​ដែរ។
លោក គាត ឈន់ ថ្លែង​ពន្យល់​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ដើម​ខែ​ធ្នូ ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​ផ្តល់​អាទិភាព​ដល់​ការ​បង្កើន និង​លើក​កម្ពស់​គុណភាព​សេវាកម្ម​នៅ​ក្នុង​វិស័យ​សុខាភិបាល សង្គមកិច្ច វិស័យ​អប់រំ។ល។ ប៉ុន្តែ​ការ​បង្កើន​ថវិកា​បន្ថែម​លើ​វិស័យ​អាទិភាព​ក្នុង​កម្រិត​ខ្ពស់​ណា​មួយ​នោះ វា​អាស្រ័យ​លើ​សេដ្ឋកិច្ច​កម្ពុជា។
លោក​ទទួល​ស្គាល់​ថា ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា មាន​លក្ខណៈ​ផុយ​ស្រួយ និង​ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​គ្រប់​ពេល៖«យើង​នៅ​ក្នុង​លក្ខណៈ​មួយ​ដែល​ងើប​អ៊ីចឹង​មែន ប៉ុន្តែ​មិន​ទាន់​រឹងមាំ​ទេ​នៅ​ក្នុង​លក្ខណៈ​ផុយ​ស្រួយ​នៅ​មាន​ហានិភ័យ​ខ្ពស់​នៅ​ឡើយ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈពេល​មធ្យម ២០១៣ ដល់ ២០១៥ យើង​ខ្ញុំ​ធ្វើ​ចំណោល​ទៅ​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​អាច​សម្រេច​បាន ៧% តាម​គោលដៅ​នៃ​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល»
ច្បាប់​ស្ដីពី​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ត្រូវ​បាន​ព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ចុង​ក្រោយ អនុម័ត​ដោយ​គ្មាន​អ្វី​កែប្រែ​កាល​ពី​ចុង​សប្ដាហ៍​មុន បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​សំណាក់​គណបក្ស​ប្រឆាំង ស្នើ​សុំ​ឲ្យ​មាន​ការ​កែប្រែ​មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ ដូច​ជា​ការ​កាត់​បន្ថយ​កម្ចី​ប្រាក់​ពី​បរទេស និង​បង្កើន​ថវិកា​ខ្លះ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ដូច​ជា​វិស័យ​សុខាភិបាល។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា ក្នុង​វិស័យ​សុខាភិបាល​បច្ចុប្បន្ន មាន​អំពើ​ពុក​រលួយ​កើត​ឡើង ហើយ​រដ្ឋ​មិន​បាន​ចាយ​ថវិកា​ជាតិ​លើ​វិស័យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក យឹម សុវណ្ណ ពន្យល់​ថា ការ​បែង​ចែក​ថវិកា​លើ​វិស័យ​សុខាភិបាល​តិច ជា​កំហុស​ឆ្គង​មួយ​ធ្ងន់ និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ៖ «បញ្ហា​សុខភាព​នេះ​ជា​ទុន​ថ្លៃ​បំផុត ប្រសិន​បើ​សុខភាព​ថមថយ​ហើយ ហើយ​រដ្ឋ​មិន​ចាត់​ទុក​វិស័យ​អាទិភាព​ដោយ​បែង​ចែក​ថវិកា​តែ ៦ ទៅ ៧% ទៅ​ឲ្យ​ក្រសួង​សុខាភិបាល ជា​រឿង​មួយ​គិត​មិន​ត្រឹមត្រូវ​ទេ»
យ៉ាង​ណា​ក៏ដោយ លោក កែម ឡី អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ការ​ទាម​ទារ​ដំឡើង​តួលេខ​នៃ​ថវិកា​លើ​វិស័យ​សុខាភិបាល​មិន​សំខាន់​ទេ ប៉ុន្តែ​សំខាន់​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​ថវិកា​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​វិមជ្ឈការ​ថវិកា​ហូរ​ទៅ​ដល់​មណ្ឌល​សុខភាព ស្រុក​ប្រតិបត្តិ និង​មន្ទីរពេទ្យ​បង្អែក។ ទោះ​ជា​យ៉ាង​ណា លោក​ទទួល​ស្គាល់​ថា ការ​ស្នើសុំ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​រដ្ឋាភិបាល​យក​ការ​គ្រប់គ្រង​តាម​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​គំរូ ជា​ការ​ប្រសើរ ប៉ុន្តែ​ការ​អនុវត្ត​នោះ​ត្រូវ​ធ្វើ​ឲ្យ​គ្រប់​តាម​គោលការណ៍​មន្ទីរពេទ្យ​នេះ​ទាំង ៥​ចំណុច ទើប​មាន​ប្រសិទ្ធភាព។ ទី១ គឺ​ប្រាក់​បៀវត្ស​បុគ្គលិក​ត្រូវ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា ពី ២០០​ដុល្លារ​ដល់ ៣.០០០​ដុល្លារ។ ទី២ ប្រភេទ​ថ្នាំ​ប្រើប្រាស់​ត្រូវ​មាន​គុណភាព និង​តម្លៃ​ខ្ពស់​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា។ ទី៣ គឺ​វិន័យ និង​ក្រម​សីលធម៌​គ្រូពេទ្យ និង​បទបញ្ជា​ផ្ទៃ​ក្នុង ហាម​មិន​ឲ្យ​គ្រូពេទ្យ​បើក​គ្លីនិក​ឯកជន។ ទី៤ អនុវត្ត​ទាំង​យន្តការ និង​ទី៥ ប្រើប្រាស់​សម្ភារៈ​ទំនើប​ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រើប្រាស់ ទើប​ការ​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព​ខ្ពស់៕

No comments:

Post a Comment

yes