សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

ពលរដ្ឋ​មាន​វិបត្តិ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​រក​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ

ប៉ូលិស​ត្រៀម​បំបែក​ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹង​កក់ នៅ​មុខ​ផ្ទះ​លោក​​នាយក
រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទៅ​១ ខែ​តុលា ឆ្នាំ​២០១០

ប្រជាពលរដ្ឋ​ដែល​មាន​វិបត្តិ​ផ្សេងៗ​នៅ​ក្នុង​សហគមន៍ ជា​ពិសេស​បញ្ហា​ដីធ្លី ទាំង​នៅ​ជនបទ និង​ទីក្រុង តែងតែ​អស់​ជំនឿ​ទៅ​លើ​សមត្ថភាព និង​ឆន្ទៈ​ដោះស្រាយ​ដោយ​យុត្តិធម៌​ពី​អាជ្ញាធរ​មូលដ្ឋាន។
ពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ​លំបាក​លើ​បញ្ហា​ផ្សេងៗ​ក្នុង​សហគមន៍ ហើយ​ដោះស្រាយ​មិន​ចេញ តែងតែ​ប្រាថ្នា​ចង់​ជួប​ផ្ទាល់​នឹង​ថ្នាក់​ដឹក​នាំកំពូល មាន​ដូច​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី​ជាដើម។
សេចក្ដី​ប្រាថ្នា​បែប​នេះ គឺ​ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​នេះ ជួយ​ទម្លុះទម្លាយ​នូវ​ភាព​ទាល់ច្រក ដែល​កើត​ចេញ​ពី​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច​ថ្នាក់​ក្រោម​ជាតិ ឬ​ពី​ថៅកែ ឧកញ៉ា ដែល​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​ធំ​ក្នុង​រដ្ឋាភិបាល។
ការ​ធ្វើ​បែប​នេះ ពួក​គាត់​យល់​ឃើញ​ថា កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដោះស្រាយ​មិន​យុត្តិធម៌ ហើយ​ព្យាយាម​លាក់​បាំង​ទុក្ខ​លំបាក និង​សំណើ​របស់​ពួកគាត់​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​បាន​ដឹង​នោះ​ឡើយ។

តំណាង​អ្នក​ភូមិ​បឹងកក់ លោកស្រី ទេព វន្នី សន្និដ្ឋាន​ថា ការ​ដាក់​ញត្តិ​ជូន​លោក​នាយករដ្ឋមន្ត្រី​តាម​រយៈ​ខុទ្ទកាល័យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឬ​អាជ្ញាធរ​នោះ ទំនង​ជា​មិន​បាន​ទៅ​ដល់​ដៃ​នាយករដ្ឋមន្ត្រី​ឡើយ បាន​ជា​ពុំ​មាន​ការ​ឆ្លើយ​តប​មក​វិញ ឬ​មាន​ដំណោះស្រាយ​ណា​មួយ​ដែល​ប្រកាស​ដោយ​នាយករដ្ឋមន្ត្រី​នោះ៖«ពួក​ខ្ញុំ​នៅ​តែ​ព្យាយាម​ចង់​ទៅ​ដាក់​ដល់​ដៃ​គាត់ នៅ​ផ្ទះ​គាត់​តែម្ដង ដើម្បី​ឲ្យ​គាត់​ដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ថា ដល់​ដៃ​គាត់​ហើយ​គាត់​នៅ​តែ​ធ្វើ​មិន​ដឹង ឬ​មិន​ទាន់​ដល់​ដៃ​គាត់?»
លោកស្រី​បន្ត​ថា ការ​ដាក់​ញត្តិ​ទាមទារ​រក​ដំណោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ថ្នាក់​ក្រោម ឬ​ថ្នាក់​កណ្តាល មិន​បាន​ជោគជ័យ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​អស់​ជំនឿ និង​បាន​ព្យាយាម​ដាក់​ញត្តិ​ទៅ​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី និង​នៅ​ពេល​នាយករដ្ឋមន្ត្រី​ចុះ​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​នៅ​តាម​ខេត្ត​ក្រុង​នានា ប៉ុន្តែ​សកម្មភាព​ពួក​គាត់​ត្រូវ​បាន​​រារាំង​ដោយ​សមត្ថកិច្ច​ការពារ​សន្តិសុខ​នៅ​កន្លែង​ប្រារព្ធ​ពិធី ឬ​ក្រុម​អង្គរក្ស​នាយករដ្ឋមន្ត្រី ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បណ្ដេញ​មិន​ឲ្យ​ចូល​ជិត​នាយករដ្ឋមន្ត្រី​ឡើយ។
លោកស្រី ទេព វន្នី៖ «តែងតែ​មាន​ការ​រាំង​ស្ទាក់ បិទ​ផ្លូវ ប្រើ​ដំបង​ឆក់ ខែល ប្រើ​ឡាន​ស្នងការ​មក​ធ្វើ​ដំណោះស្រាយ​ពួក​ខ្ញុំ ចាំ​ចាប់​ពួក​ខ្ញុំ ចាំ​វ៉ៃ​ពួក​ខ្ញុំ​អី​អ៊ីចឹង​ទៅ គឺ​ថា ពួក​ខ្ញុំ​លំបាក​មែន​ទែន»
សកម្មភាព​ពួកគាត់​ទាំង​អស់​នេះ​មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​ទេ គឺ​ថែម​ទាំង​ត្រូវ​បាន​សមត្ថកិច្ច​ទាំង​អស់​នោះ​លាប​ពណ៌​ថា ពួកគាត់​ធ្វើ​សកម្មភាព​ដើម្បី​បម្រើ​ឲ្យ​បក្ស​នយោបាយ ឬ​សង្គម​ស៊ីវិល​ណា​មួយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ជំហរ​របស់​រដ្ឋាភិបាល។
ករណី​បែប​នេះ​មិន​មែន​ជួប​ប្រទះ​តែ​ទៅ​លើ​អ្នក​បឹង​កក់ ក្នុង​រាជធានី​ភ្នំពេញ មួយ​ប៉ុណ្ណោះ​ទេ។ អ្នក​ភូមិ​ជា​ច្រើន​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ជិត​ទីក្រុង​ភ្នំពេញ ក៏​បាន​ជួប​សភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ ប្រជាពលរដ្ឋ​ខ្លះ​ដែល​មាន​ជម្លោះ​ដីធ្លី​ដែល​ដោះស្រាយ​មិន​ចេញ​នៅ​មូលដ្ឋាន បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ប្រាថ្នា​ចង់​ជួប​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ក្រុង​ចាប់​ឃាត់​ឲ្យ​នៅ​មួយ​កន្លែង ហើយ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​វិញ។
កន្លង​មក​ទីកន្លែង​ក្រោម​ដើម​ពោធិ៍ នៅ​សួន​ច្បារ​មុខ​វត្ត​បទុមវតី ក្លាយ​ជា​ទីតាំង​មួយ​ដែល​មាន​ប្រជាប្រិយភាព​សម្រាប់​អាជ្ញាធរ​ឃាត់​ប្រជាពលរដ្ឋ​អ្នក​តវ៉ា ដែល​ចង់​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ ឬ​ភូមិ​គ្រឹះ​លោក​នាយករដ្ឋមន្ត្រី​នៅ​មុខ​វិមាន​ឯករាជ​នោះ ហើយ​សមត្ថកិច្ច​មន្ត្រី​ខុទ្ទកាល័យ ឬ​ទីប្រឹក្សា បាន​ចេញ​មុខ​មក​សម្របសម្រួល​ និង​ទទួល​ញត្តិ​ពី​ពលរដ្ឋ​នៅ​ក្រោម​ពោធិ៍​នោះ មុន​នឹង​បណ្ដេញ​ឲ្យ​ទៅ​ភូមិ​វិញ។
ក្រុម​អ្នក​តវ៉ា ឬ​ម្ចាស់​ញត្តិ​បាន​នាំ​គ្នា​ថ្លែង​បែប​ចំអក និង​អស់​សង្ឃឹម​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​ដឹង​ជា​ប្ដូរ​មក​នៅ​ក្រោម​ដើម​ពោធិ៍ ពី​ពេល​ណា​មក​នោះ​ទេ?
ករណី​ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ដើម​ខែ​ធ្នូ នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដើម្បី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​នោះ មាន​សហគមន៍​ជនជាតិ​ដើម​មួយ​ក្រុម ប៉ុន​ប៉ង​យក​ញត្តិ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដោះស្រាយ​ករណី​រំលោភ​យក​ដីធ្លី​សហគមន៍ ប៉ុន្តែ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ប៉ាអ ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី មួយ​ក្រុម​នោះ មិន​បាន​សម្រេច​គោល​បំណង​ឡើយ។
តំណាង​អ្នក​ភូមិ លោក ហន់ រ៉ មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​គាត់​មាន​គ្នា​បួន​នាក់ ប៉ុនប៉ង​យក​ញត្តិ​ប្រគល់​ជូន​លោក​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ក្រុម​សមត្ថកិច្ច និង​កង​ការពារ​នៅ​កន្លែង​ប្រារព្ធ​ពិធី មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចូល​ទៅ​ក្នុង​ពិធី​នោះ​បាន​ឡើយ។
លោក ហន់ រ៉ បន្ត​ថា ហេតុផល​ដែល​នាំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ប្រគល់​ញត្តិ​ផ្ទាល់​ដៃ​ជូន​លោក​នាយករដ្ឋមន្ត្រី ដោយសារ​តែ​ប្រជាពលរដ្ឋ​ជាង ២០០​នាក់​ក្នុង​ភូមិ បាន​ប្ដឹង​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៤ មក ទាក់ទិន​ករណី​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ខូវ គឹម ឡេង បាន​ចូល​មក​កាន់​កាប់​ដី​សហគមន៍​តាម​រយៈ​ទិញ​ដី​ដោយ​បំពាន​ច្បាប់ ហើយ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​អ្នក​ភូមិ៖ «ខ្ញុំ​ចង់​ដាក់​ញត្តិ​ហ្នឹង បើ​ថា​បាន​សម្ដេច​ហ្នឹង​ហើយ ប្រគល់​ឯកសារ​ហ្នឹង​ដើម្បី​ឲ្យ​គេ​ពិនិត្យ​មើល​ណា! អត់​បាន​ឲ្យ ព្រោះ​ប៉ូលិស​គេ​អត់​ឲ្យ​ចូល ហើយ​អ្នក​ខាង​ក្នុង​គេ​ថា ឃើញ​ដែក​កេះ កញ្ចប់​បារី ដាក់​ក្នុង​ខោអាវ​គេ​ឆែក​ទាំង​អស់»
ទាក់ទង​បញ្ហា​នេះ លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល ជា​អង្គ​នីតិ​ប្រតិបត្តិ​ ត្រូវ​តែ​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ និង​ត្រូវ​មាន​យន្តការ​ដោះស្រាយ​ចំពោះ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​កើត​មាន​នៅ​ក្នុង​សង្គម៖ «ហើយ​ញត្តិ​មិន​មែន​ជា​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​ញត្តិ​ក៏​មិន​មែន​ជា​ដំបង​ដែរ គ្រាន់​តែ​ជា​ដំណឹង​ផ្តល់​ទៅ​ថ្នាក់​ដឹកនាំ ដើម្បី​ជួយ​ដោះស្រាយ»
លោក​បន្ត​ថា កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម ព្រះ​មហាក្សត្រ​តែងតែ​ទទួល​យក​ញត្តិ​ពី​ប្រជារាស្ត្រ និង​ដោះស្រាយ​តាម​រយៈ​អង្គ​សមាជ ហើយ​បច្ចុប្បន្ន បញ្ហា​នេះ​ក៏​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ដែរ៖ «ព្រះមហាក្សត្រ​កាល​ពី​លោក​នៅ​គ្រង​រាជ្យ នៅ​កាន់​អំណាច លោក​ថា លោក​មិន​អាច​មើល​អស់​ទេ អាច​មន្ត្រី​របស់​លោក​មាន​ការ​ខុស​ឆ្គង មាន​ការ​ឆក​ល្វែង​ណា​មួយ អ៊ីចឹង​លោក​បាន​បង្កើត​សមាជ​ដើម្បី​ឲ្យ​ដឹង។ ដូច្នេះ​រឿង​នេះ​មាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ យើង​មិន​ទាន់​ដើរ​ទេ យើង​កំពុង​តែ​ដើរ​ក្នុង​ផ្លូវ​ហ្នឹង​ហើយ ប៉ុន្តែ​យើង​ដើរ​មិន​ទាន់​ដល់ ដូច្នេះ​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ គឺ​មាន​ន័យ​ថា អ្នក​ថ្នាក់​ខាង​ក្រោម​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ហើយ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី មាន​ប្រសាសន៍​បង្ហាញ​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ទទួល​យក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​ជា​បន្តបន្ទាប់​ហើយ ហើយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​តាម​ការ​ចង្អុល​បង្ហាញ​របស់​រដ្ឋាភិបាល។ ប្រជាពលរដ្ឋ​អាច​ស្នើ​មតិ​មក​រដ្ឋាភិបាល រដ្ឋ​សភា និង​តាម​ប្រព័ន្ធ​តុលាការ។
ស្រប​ពេល​គ្នា​នេះ​ដែរ លោក ផៃ ស៊ីផាន សង្កត់​ធ្ងន់​ថា បើ​ញត្តិ​ណា​ធ្វើ​ឡើង​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ល្បីល្បាញ​តាម​សារព័ត៌មាន ក្នុង​គោលដៅ​វាយ​ប្រហារ​រដ្ឋាភិបាល នោះ​វា​មិន​មែន​ជា​សារសំខាន់​ដែល​ត្រូវ​រដ្ឋាភិបាល​ចាំបាច់​ដោះស្រាយ​នោះ​ទេ។
លោក ផៃ ស៊ីផាន៖ «រដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត កើត​ចេញ​ពី​ប្រជាពលរដ្ឋ ដូច្នេះ​រដ្ឋាភិបាល​ពុំ​មាន​និន្នាការ​ណា សារសំខាន់​ណា ប្រឆាំង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មិន​ទុក​ខ្លួន​ឯង​ឲ្យ​ស្ថិត​នៅ​ក្នុង​សភាព​មិន​ស្រប​ច្បាប់ ដែល​សម្រេច​ចិត្ត​ជំនួស​តុលាការ ជំនួស​ស្ថាប័ន​ដទៃ​ទៀត។ ដូច្នេះ​ហើយ នេះ​ជា​សណ្ដាប់ធ្នាប់​មួយ​ដែល​យើង​ឆ្លើយ​តប​នូវ​ភាព​មិន​ប្រក្រតី​ចំពោះ​ចលនា​នៃ​ប្រជាពលរដ្ឋ​ណា​ដែល​មិន​សមស្រប​តាម​ច្បាប់»
ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​លើ​បញ្ហា​ជម្លោះ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​ទទួល​ខុស​ត្រូវ​ចំពោះ​សមត្ថភាព​របស់​មន្ត្រី​ក្រោម​ឱវាទ ព្រម​ទាំង​ការ​លាក់​បាំង​កំហុស និង​អំពើ​ពុករលួយ​របស់​មន្ត្រី​ទាំង​នោះ​មិន​ឲ្យ​មន្ត្រី​ថ្នាក់​លើ​បាន​ដឹង។
ទាំង​នេះ​ជា​បញ្ហា​សំខាន់​ដែល​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស៊ើប​អង្កេត ជា​ជាង​យក​បញ្ហា​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទៅ​ភ្ជាប់​នឹង​រឿង​នយោបាយ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ៕

No comments:

Post a Comment

yes