លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី
នៅពេលដែលរដ្ឋាភិបាលកម្ពុជាបង្កើនការចំណាយប្រចាំឆ្នាំរហូតដល់ទៅ ៣១០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ខាងមុខនេះគេមើលឃើញពីឱនភាពនៃចំណូលថវិកាជាតិដែលមិនមានតុល្យភាពនៃការចំណាយដែលចេះតែកើនឡើងឥតឈប់ឈរ ហើយអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានផ្តល់យោបល់ឱ្យក្រុមអ្នកកាន់អំណាចពិនិត្យមើលលទ្ធភាពសំខាន់ៗចំនួន ៤ ដែលជាប្រភពចំណូលអាចជួយទ្រទ្រង់ការចំណាយប្រចាំឆ្នាំ។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានបញ្ជាក់ថា ប្រភពចំណូលសំខាន់ៗ ដែលអាចជួយទ្រទ្រង់ថវិកាជាតិរួមមានៈ ១-ការយកពន្ធលើដីសម្បទានសេដ្ឋកិច្ចដែលអាចរកប្រាក់ចំណូលបានប្រមាណ១៨៩លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ២-ពន្ធលើប្រាក់ចំណេញពីកាស៊ីណូ និងបនល្បែងស៊ីសងគឺរាជរដ្ឋាភិបាលអាចទទួលបានប្រហែល ៣០០លានដុល្លារក្នុងមួយឆ្នាំ ដែលសព្វថ្ងៃនេះ រដ្ឋាភិបាលប្រកាសថា ប្រមូលបាន ២០លានដុល្លារតែប៉ុណ្ណោះ ។
៣-ពន្ធពីការនាំចូលប្រេង គឺរដ្ឋាភិបាលអាចទទួលបានចំនួន ៤៨១លានដុល្លារអាមេរិក ខណៈដែលក្នុងពង្រាងច្បាប់ថវិកាបានកំណត់ថាទទួលបានប្រមាណ ១៦១លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយចំនុចទី ៤- គឺពន្ធលើប្រាក់ចំណូលនៃវិស័យទេសចរដែលមានភ្ញៀវបរទេសច្រើនសន្ធឹកសន្ធាប់ចូលមកទស្សនាប្រាសាទអង្គរវត្តគឺអាចទទួលបានចំណូលយ៉ាងតិច ១៤០ ទៅ ១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នៅមានប្រភពចំណូលបន្ទាប់បន្សំជាច្រើនទៀតដូចជា ផ្នែកពន្ធដារ ផ្នែកគយនិងរដ្ឋាក អាចទទួលបានប្រាក់យ៉ាងហោចណាស់ ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើមានការទប់ស្កាត់អំពើរត់ពន្ធទំនិញខុសច្បាប់របស់ក្រុមឈ្មួញធំៗដែលកំពុងបំផ្លាញចំណូលថវិកាជាតិ។ មានការប៉ាន់ប្រមាណទៀតថា ប្រភពដែលបានរៀបរាប់ពីខាងដើមនេះយ៉ាងតិចបំផុតរកបានប្រមាណ ១០០០លានដុល្លារអាមេរិក គឺជាចំនួនមួយដែលអាចកាត់បន្ថយការខ្ចីបុលពីបរទេសប្រចាំឆ្នាំយ៉ាងងាយស្រួលបំផុតហើយរឿងសំខាន់នោះគេរង់ចាំមើល អំពីឆន្ទៈរបស់រដ្ឋាភិបាល ថាតើចង់ឱ្យមានកំណើននៃចំណូលថវិកាជាតិឬក៏អត់ព្រោះកន្លងមកមានការរិះគន់ជាទូទៅថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មារយាទកញ្ជើធ្លុះ បាត់បង់ប្រាក់ចំណូល ដោយសារអំពើពុករលួយច្រើនសន្ធឹកសន្ធាប់៕
No comments:
Post a Comment
yes