ខេត្តស្ទឹងត្រែង ៖ ឈើប្រណីតប្រភេទធ្នង់ដែលជាទំនិញត្រូវប៉ាន់ក្នុងការនាំចេញទៅលក់នៅទីផ្សារងងឹតបរទេសរបស់ក្រុមឈ្មួញបំផ្លាញឈើបានបន្តសកម្មភាពឥតឈប់ឈរកាប់បំផ្លាញយកឈើល្អៗដែលជាការកុម្មង់តម្រូវទៅតាមខ្នាតរបស់ឈ្មួញបរទេសនោះ ធ្វើឱ្យតំបន់ដែលសំបូរប្រភេទឈើខាងលើកំពុងរងការវិនាសជាបន្តបន្ទាប់ធ្វើឱ្យមតិមហាជននិយាយថា ជំនាញរដ្ឋបាលព្រៃឈើគួរតែមានវិធានការរឹតបន្តឹងដើម្បីរក្សាព្រៃឈើឱ្យនៅគង់វង្ស ។
ក្រោយពីការកាប់បំផ្លាញឈើខុសច្បាប់របស់ក្រុមឈ្មួញធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើក៏មានការរាយការណ៍ផងដែរ ដល់ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការបង្ក្រាប និងទប់ស្កាត់ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២៣ ធ្នូ ២០១២ កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្ទឹងត្រែងរឹបអូសឈើប្រណីតប្រភេទធ្នង់ចំនួន១១ដុំនៅចំណុចក្នុងទឹកទន្លេសេសាន ស្ថិតក្នុងភូមិញឺន ឃុំស្តៅ ស្រុកសេសាន ។
លោកសិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងបានឱ្យអ្នកយកព័ត៌មានដឹងថា លោកបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានគេដឹកឈើតាមទូកនៅពេលយប់ចេញពីតំបន់ដីព្រៃក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង និងស្រុកសេសាន យកមកលាក់ទុកក្នុងទឹកនៃមាត់កំពង់ទឹកភូមិញឺន ឃុំស្តៅ ស្រុកសេសាន លោកបានបញ្ជាកម្លាំងរបស់ខ្លួនឱ្យចុះរុករកក៏ប្រទះឃើញឈើប្រណីតនៅក្នុងទឹកនៃចំណុចទីតាំងខាងលើដែលឈើប្រណីតទាំងនោះជាប្រភេទឈើធ្នង់មានចំនួន១១ដុំ ស្មើចំនួនជាង២ម៉ែត្រគូបត្រូវបានរឹបអូសរួចដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងរួចរាល់នាព្រឹកថ្ងៃទី២៣ ធ្នូ នេះ ៕
No comments:
Post a Comment
yes