សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 5, 2012

WJP ចាត់​ថ្នាក់​កម្ពុជា​ក្នុង​កម្រិត​ទាប​បំផុត​ស្ដីពី​នីតិរដ្ឋ​និង​បំបាត់​អំពើ​ពុករលួយ

អ្នក​ភូមិ​បឹងកក់​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ប្រមាណ ១០០​នាក់ ត្រូវ​សមត្ថកិច្ច​
ចាប់​ក្រៀក​ឡើង​រថយន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២១ ខែ​មេសា ឆ្នាំ​២០១១

របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក (World Justice Project=WJP) ចេញ​នៅ​ចុង​ឆ្នាំ​២០១២ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី ស្ដីពី​នីតិរដ្ឋ និង​បំបាត់​អំពើ​ពុករលួយ។
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក បាន​វាយតម្លៃ​អំពី​តម្លាភាព​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ ក្នុង​ចំណាត់​ថ្នាក់​លេខ ៩៤ ក្នុង​ចំណោម​ប្រទេស ៩៧ លើ​ពិភពលោក។
របាយការណ៍​ដែល​មាន​តារាង​រាយ​ឈ្មោះ​ប្រទេស​នីមួយៗ​នោះ បង្ហាញ​ពី​ខ្នាត​វាស់​នៃ​ការ​វាយតម្លៃ​ស្ដីពី​ដំណើរការ​នីតិរដ្ឋ មាន ៩ ចំណុច​ដូច​ខាង​ក្រោម៖
ទី​១ គឺ​ការ​កំណត់​អំណាច​របស់​រដ្ឋាភិបាល។ ទី​២ ការ​បំបាត់​អំពើពុករលួយ។ ទី​៣ មាន​របៀប​រៀប​រយ និង​សន្តិសុខ។ ទី​៤ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ទី​៥ រដ្ឋាភិបាល​បើក​ចំហ​មិន​លាក់លៀម។ ទី​៦ ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ទី​៧ មាន​យុត្តិធម៌​ក្នុង​វិវាទ​រដ្ឋប្បវេណី។ ទី​៨ មាន​យុត្តិធម៌​ក្នុង​វិវាទ​ព្រហ្មទណ្ឌ និង​ទី ៩ មាន​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

ចំពោះ​ការ​ធ្វើ​តុល្យភាព​អំណាច​របស់​ប្រជាពលរដ្ឋ និង​អំណាច​រដ្ឋាភិបាល​នៅ​មាន​គម្លាត​គ្នា​យ៉ាង​ឆ្ងាយ ដែល​អង្គការ​យុត្តិធម៌​ពិភព​លោក​បាន​ចាត់​ថ្នាក់​លេខ ៩៤ ក្នុង​ចំណោម​ប្រទេស ៩៧ លើ​ពិភពលោក៖ «ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​តំបន់​លើ​គ្រប់​វិស័យ​ទាំង​អស់។ ជា​រួម តាម​ការ​ឆ្លុះបញ្ចាំង​ពី​កម្រិត​ពិន្ទុ​ទាប​ក្នុង​​វិស័យ​គន្លឹះ​ជា​ច្រើន រាល់​បរិយាកាស​​ផ្នែក​ច្បាប់ និង​រាល់​​ស្ថាប័ន ​​ប្រាកដ​ជា​​នៅ​តែ​ខ្សោយ ក្នុង​នោះ​មាន​ដូច​ជា ការ​កំណត់​អំណាច​របស់​រដ្ឋាភិបាល​នៅ​មិន​​ទាន់​មាន​ប្រសិទ្ធភាព គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៩០»
ឆ្លើយតប​ទៅ​នឹង​ចំណាត់​ថ្នាក់​របស់​អង្គការ​យុត្តិធម៌​ពិភព​លោក​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​វាយតម្លៃ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក​វិញ ដោយ​លោក​ប្រៀប​ដូច​ជា​ថ្នាំពេទ្យ​ជំនាន់ ប៉ុល ពត ផលិត​មាន​គុណភាព ដូច​ជា​អាចម៍​ទន្សាយ ហើយព្យាបាល​​បាន​លើ​ជំងឺ ១០០​មុខ តែ​គ្មាន​ប្រសិទ្ធភាព។
លោក ខៀវ កាញារីទ្ធ៖ «មិន​ខុស​អី​កាល​ពី​សម័យ ប៉ុល ពត គឺ​ថ្នាំ​អាចម៍​ទន្សាយ ត្រូវ​បាន (ជំងឺ) គ្រប់​បែប។ កាលណា​គេ​មិន​បាន​ពន្យល់​អី​បាន គេ​ប្រើ​ត្រឹម​ពាក្យ​ពុករលួយ​មួយ​ទេ។ ប៉ុន្តែ​បើ​យើង​គិត​កម្រិត​នៃ​ការ​ធ្វើ​ការងារ​របស់​អ្នក​ច្បាប់​របស់​យើង​ដែល​តាំង​ពី​យើង​គ្មាន​អ្នក​ច្បាប់​សោះ មក​ដល់​ឥឡូវ យើង​បាន​បង្កើត​ច្បាប់​ជា​ជំហានៗ។ កុំ​ភ្លេច​ថា យើង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ទើប​ដំណើរការ​បាន​ពីរ​ឆ្នាំ​ទេ ដូច្នេះ​នេះ​ជា​ដំណាក់​មួយ យើង​ត្រូវ​ធ្វើ​ច្រើន​គ្នា...»
ក្រៅ​ពី​នេះ អង្គការ​យុត្តិធម៌​ពិភពលោក​បាន​លើក​ពី​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា ថា មិន​ទាន់​ធានា​បាន​នូវ​យុត្តិធម៌​សង្គម ហើយ​មន្ត្រី​ស្ទើរ​គ្រប់​ស្ថាប័ន​ពុករលួយ ជា​ពិសេស​ស្ថាប័ន​ប៉ូលិស​នៅ​តែ​រំលោភ​បំពាន​ជន​ស៊ីវិល​ស្លូត​ត្រង់។ ក៏​ប៉ុន្តែ​អង្គការ​យុត្តិធម៌​ពិភពលោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ផ្នែក​ឧក្រិដ្ឋ​ ថា ប្រទេស​កម្ពុជា មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ដទៃ៖ «ចាត់​ថ្នាក់​លេខ ការ​ពង្រឹង​ច្បាប់​​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​សង្គម​ស៊ីវិល និង​​ការ​បំបាត់​​អំពើ​ពុក​រលួយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៨៥។ សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​នៅ​ខ្សោយ​មែន​ទែន ហើយ​ការ​រំលោភ​បំពាន​​​​របស់​ប៉ូលិស​នៅ​ក្នុង​សង្គម នៅ​តែ​មាន​បញ្ហា​​​​​យ៉ាង​សំខាន់​ដដែល។ ម្យ៉ាង​ទៀត កម្ពុជា​មាន​អត្រា​ឧក្រិដ្ឋកម្ម​ទាប​ជាង​ក្រុម​ប្រទេស​ជាច្រើន​​ដែល​មាន​ប្រាក់​ចំណូល​តិច»
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​រំលឹក​ថា ប្រទេស​កម្ពុជា ទើប​​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ឆ្នាំ​១៩៩៨  ហើយ​រដ្ឋាភិបាល​កំពុង​កែ​ទម្រង់​​ប្រព័ន្ធ​ដឹក​នាំ​ប្រទេស​នៅ​គ្រប់​ក្រសួង និង​ស្ថាប័ន​រដ្ឋ ឆ្ពោះ​កាន់​នីតិរដ្ឋ​បណ្ដើរ​ហើយ៖ «រាជរដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​របស់​ខ្លួន កែ​ទម្រង់​រដ្ឋបាល កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ យើង​បាន​ធ្វើ​កំណែ​ទម្រង់។ បន្ទាប់​មក​ទៀត មិន​តែ​ប៉ុណ្ណឹង​ទេ ធ្វើ​ឲ្យ​កំណែ​ទម្រង់​រដ្ឋបាល​ឲ្យ​មាន​ប្រសិទ្ធភាព យើង​បាន​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ យើង​បាន​បង្គាប់​ឲ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា...»
កាល​ពី​ឆ្នាំ​២០១១ ប្រទេស​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៦៦ ក្នុង​ចំណោម​ប្រទេស​ចំនួន ៦៦ ​ក្នុង​ការ​ស្ទង់​ស្ទាប​មតិ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។
របាយការណ៍​របស់​អង្គការ​យុត្តិធម៌​ពិភពលោក ដែល​មាន​ចំនួន ២៤៦​ទំព័រ បាន​បញ្ជាក់​​អំពី​និយមន័យ «នីតិរដ្ឋ»។ និយម​ន័យ «នីតិរដ្ឋ» នេះ គឺ​អង្គការ​យុត្តិធម៌​ពិភពលោក​ផ្អែក​លើ​​គោលការណ៍​ជា​សកល ៤​ចំណុច គឺ ១. រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល ​រួម​​ទាំង​​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​​ទាំង​អស់ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់ និង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ២. ច្បាប់​​ទាំង​អស់​ត្រូវ​តែ​ច្បាស់ ហើយ​ត្រូវ​ប្រកាស​​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​សាធារណជន មាន​លក្ខណៈ​​ស្ថិរភាព ត្រឹម​ត្រូវ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន រួម​ទាំង​ការពារ​​សន្តិសុខ​បុគ្គល និង​​ទ្រព្យសម្បត្តិ។ ៣. ក្នុង​កិច្ច​ដំណើរការ​តាក់តែង​ច្បាប់ អនុម័ត​ច្បាប់ ផ្សព្វផ្សាយ​ច្បាប់ ត្រូវ​ធ្វើ​ឡើង​ដោយ​បើក​ចំហ ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព។ ទី​៤ យុត្តិធម៌​ត្រូវ​បាន​ចែង​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ក្រមសីលធម៌​ល្អ ដោយ​មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ត្រឹមត្រូវ​ពី​តំណាង​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត្យ ដែល​មាន​ចំនួន​សមាជិក​គ្រប់គ្រាន់ មាន​ប្រភព​ធនធាន​គ្រប់គ្រាន់ ហើយ​អាច​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ស្ថានភាព​ពិត​នៃ​សង្គម ឬ​សហគមន៍​របស់​ពួកគេ៕

No comments:

Post a Comment

yes