សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

នាយករដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​នាំ​ពាក្យ​មិន​ឲ្យ​ទម្លាយ​ការសម្ងាត់

ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​
ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៧ ខែ​មីនា បាន​ព្រមាន​ចំពោះ​មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​និយាយ​ទម្លាយ​ការសម្ងាត់​នានា​ប្រាប់​អ្នក​កាសែត បើ​សិន​ណា​មន្ត្រី​អ្នក​នាំ​ពាក្យ​នោះ​មិន​បាន​ដឹង យល់​មិន​ច្បាស់លាស់។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​យ៉ាង​ណា​នោះ​ទេ បើ​សិន​ណា​មន្ត្រី​នោះ​ធ្វើ​ល្មើស​នឹង​ការ​ព្រមាន​នេះ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជា​ចំហ​ថា អ្នក​នាំ​ពាក្យ​នានា​សូម​កុំ​តាំង​ខ្លួន​និយាយ​គ្រប់​រឿង​នាំ​ឲ្យ​មាន​កំហុស។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រយ​នាក់​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ចំ​ឈ្មោះ​លើ​មន្ត្រី​អ្នក​នាំ​ពាក្យ​ណា​មួយ​ទេ។

លោក ហ៊ុន សែន៖ «មាន​អ្នក​ខ្លះ​គេ​សួរ​ទៅ​មិន​ទាន់​ដឹង​រឿង​ស្អី​ផង មិន​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន ឬ​ខាង​រាជរដ្ឋាភិបាល ឬ​ខាង​បក្ស​ប្រឆាំង​ទេ។ ...ដូច​ជា​រឿង​ខ្លះ​អត់​ទាន់​ស្ដាប់​ខ្ញុំ​និយាយ ពីព្រោះ​ទូរទស្សន៍ និង​វិទ្យុ​អត់​ទាន់​ចាក់​ផ្សាយ ធ្វើ​អត្ថាធិប្បាយ​អ៊ីចឹង​ទៅ លេង​ទៅ... រួច​ហើយ​អ្នក​សរសេរ​នោះ​ទៀត ខ្ញុំ​មើល​សារព័ត៌មាន...។ អញ​និយាយ​ដាក់​ទូរទស្សន៍ គេ​ចាក់​ផ្សាយ​គ្រប់​ទូរទស្សន៍ កោត​តែ​វា​សរសេរ​ខុស​កើត។ អ៊ីចឹង​បាន​ជា​ខ្ញុំ​គ្រាន់​តែ​ផ្ដល់​មតិ​ទេ សារព័ត៌មាន​បែប​ហ្នឹង​លែង​មាន​តម្លៃ»
ទោះ​យ៉ាង​នេះ​ក្ដី ការ​ប្រកាស​ហាមឃាត់​នេះ ទំនង​ជា​សំដៅ​ទៅ​លើ​លោក ជាម យៀប ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នក​នាំ​ពាក្យ​សភា​ជាតិ ព្រម​ទាំង​ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​របស់​សភា​ជាតិ។ លោក​ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​អំពី​កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ សម្រាប់​ការ​បោះ​ឆ្នោត​សកល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
លោក ហ៊ុន សែន បាន​សំដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​ថា ជា​ទម្លាយ​ការសម្ងាត់​ទៅ​ខាង​ក្រៅ ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​រឿង​នេះ ថា​ជា​ការ​ដឹកនាំ​បែប​សន្តតិវង្ស ឬ​ការ​ដឹក​នាំ​តពូជ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាម យៀប បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ដើម្បី​សុំ​ការ​បំភ្លឺ ដោយសារ​លោក​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។
លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​លោក ហ៊ុន សែន អាយុ​ប្រមាណ ៣០​ឆ្នាំ បាន​បញ្ចប់​ការ​សិក្សា​ជាន់​ខ្ពស់​ផ្នែក​យោធា​នៅ​សាកលវិទ្យាល័យ​យោធា​នា​ទីក្រុង​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កន្លង​មក។ បច្ចុប្បន្ន​លោក​ជា​ប្រធាន​នៃ​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា។
ទាក់ទង​នឹង​ការ​ព្រមាន​នេះ​ដែរ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​បិទ​មាត់ និង​បិទ​សេរីភាព​សារព័ត៌មាន​នៅ​មុន​ពេល​បោះ​ឆ្នោត​សកល​ឈាន​មក​ដល់​ខាង​មុខ​នេះ៖ «នាយក​រដ្ឋមន្ត្រី​មិន​អាច​មាន​សិទ្ធិ​អ្វី​រារាំង​ឲ្យ​គេ​និយាយ ឬ​មិន​និយាយ​ទេ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ​របស់​គេ​ហើយ គេ​និយាយ​ខុស ឬ​និយាយ​ត្រូវ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គេ។ សញ្ញា​ទាំង​អស់​នេះ មិន​មែន​ជា​សញ្ញា​វិជ្ជមាន​នៅ​ពេល​ដែល​យើង​ឈាន​ចូល​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទេ»
ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ និង​ជា​ចាងហ្វាង​កាសែត​រស្មី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ព្រមាន​នេះ​មិន​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ឬ​ទទួល​ព័ត៌មាន​ទេ ពីព្រោះ​វា​ជា​វិន័យ​ក្នុង​ការងារ៖ «ខាង​មន្ត្រី​រាជរដ្ឋាភិបាល មន្ត្រី​គណបក្ស​ក៏ដោយ ធ្វើ​ការ​ត្រូវ​មាន​វិន័យ​មួយ​ថា ខ្លួន​មាន​សមត្ថកិច្ច​ក្នុង​ការ​និយាយ​ឬ​ក៏​អត់? បើ​ខ្លួន​មាន​សមត្ថកិច្ច​និយាយ អា​ហ្នឹង​និយាយ​ទៅ ប៉ុន្តែ​បើ​អត់​ទេ យើង​បែរ​ជា​និយាយ វា​មិន​មាន​ប្រយោជន៍​អ្វី»
កន្លង​មក​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់​បាន​រិះគន់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ប្រមូល​ផ្ដុំ​តវ៉ា និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កំពុង​តែ​រួម​តូច​ចង្អៀត និង​រង​ការ​គំរាម​កំហែង។
របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​បាន​ចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ស្ដីពី​ស្ថានការណ៍​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា កន្លង​មក​នេះ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង ១១៧ នៅ​ក្នុង​ចំណោម​ប្រទេស ១៧៩ គឺ​មាន​ន័យ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​នៅ​ឡើយ។
លោក ហ៊ុន សែន រំឭក​មន្ត្រី​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ
នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក ហ៊ុន សែន ​ក៏​បាន​ក្រើន​រំលឹក​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នានា ប្រព្រឹត្ត​នូវ​អំពើ​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​ពួកគាត់​ស្រឡាញ់ និង​ចូល​ចិត្ត ហើយ​នៅ​ពេល​ដែល​មន្ត្រី​នោះ​បញ្ចប់​ពី​ការងារ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សោកស្ដាយ និង​អាឡោះអាល័យ។
លោក​បាន​បញ្ជាក់​ថា មន្ត្រី​រាជការ​មិន​មែន​ជា​អ្នក​ត្រួតត្រា​លើ​ប្រជាពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ខ្ញុំ​បម្រើ​ប្រជាពលរដ្ឋ៖ «ជា​អ្នក​ផ្ដល់​សេវា​ជូន​ប្រជាជន ត្រូវ​ចាំ​ឲ្យ​ច្បាស់​ទៅ​លើ​ចំណុច​នេះ។ បើ​តែងតាំង​ជា​មន្ត្រី ហើយ​បែរ​ជា​ថា​ខ្លួន​ជា​ម្ចាស់​របស់​ប្រជាជន​ជា​ចៅហ្វាយ​របស់​ប្រជាជន នេះ​គឺ​ជា​ការ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នៃ​សីលធម៌​របស់​មន្ត្រី»
ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នោះ ប្រៀប​បាន​ជា​ខ្យល់ ពីព្រោះ​គាត់​មិន​បាន​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម​ឡើយ។
អ្នកស្រី​បន្ត​ថា មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​បាន​រំលោភ​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន​ដោយ​គ្មាន​ទោសពៃរ៍​អ្វី​ឡើយ៕

No comments:

Post a Comment

yes