ប្តីប្រពន្ធដែលជាប់ចោទរឿងឃាតកម្មអ្នកកាសែតវរជនខ្មែរ
រតនគិរីៈ រឿងក្តីសម្លាប់លោក ហង្ស សេរីឧត្តម អ្នកកាសែតវរជនខ្មែរ នៅខេត្តរតនគិរី ត្រូវសាលាដំបូងខេត្តនេះ បើកសវនាការជំនុំជម្រះកាលពីម្សិលមិញ ដោយមានដើមចោទ ចុងចោទ និងសាក្សី មកចូលរួមឆ្លើយប្រមាណជា២០នាក់។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថា សវនាការពេញ១ថ្ងៃនេះ មានកម្លាំងនគរបាលប្រមាណ៣០នាក់យាមកាមហើយមានការសាកសួរជនត្រូវចោទ ពីរនាក់ប្តីប្រពន្ធ ដើមចោទ២នាក់ ជាភរិយាអ្នកកាសែតនិងម្តាយជនរងគ្រោះ នគរបាលស្រាវជ្រាវរឿងក្តី ព្រមទាំងសាក្សីចំនួន៥នាក់ដែលពាក់ព័ន្ធរឿងនេះ។ក្រុមប្រឹក្សាជំនុំ ជម្រះបានធ្វើការសាកសួរទៅតាមនីតិវិធី និងព្យាយាមជជីកសួររកភ័ស្តុតាងថ្មីៗ។ ប៉ុន្តែ ខាងជនរងគ្រោះជាដើមបណ្តឹងមានការភ័យព្រោះជាលើកដំបូងក្នុងការចូល សវនាការ។
លោកថ្លែងថា៖ «ប្រពន្ធអ្នកកាសែតដូចជាភ័យនិងមានស្មារតីខ្សោយ ព្រោះទើបឆ្លងទន្លេរួចបានបីខែ តែគាត់ប្រាកដលើភ័ស្តុតាងដែលចៅក្រមសួរ ថាជារបស់ប្តីឬអត់មានស្បែកជើងជាដើម»។
អ្នកកាសែត ហង្ស សេរីឧត្តម អាយុ៤៤ឆ្នាំ ត្រូវគេប្រទះឃើញសាកសពមានស្នាមកាប់របួសជាច្រើនលើមុខនិងដងខ្លួន នៅក្នុងគូទរថយន្តម៉ាកតូយ៉ូតា កាមរីស៊េរី១៩៩៦ ពណ៌ស្លែរបស់លោក នៅក្នុងចម្ការស្វាយចន្ទី ក្នុងឃុំចាអ៊ុង ស្រុកអូរជុំ ប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី។
សេរីឧត្តម លោកធ្លាប់សរសេរអត្ថបទពាក់ព័ន្ធនឹងការរកស៊ីដឹកឈើខុសច្បាប់ដែលកាង ដោយមន្ត្រីរាជអាវុធហត្ថម្នាក់ ជាកូនប្រុសមេបញ្ជាការរាជអាវុធហត្ថខេត្ត។ រហូតដល់ល្ងាចថ្ងៃបាត់ខ្លួនពីផ្ទះ គឺមានលេខទូរស័ព្ទបុរសម្នាក់ទាក់ទងមករូបលោក រួចលោកក៏បានប្រាប់ភរិយាថាចេញទៅក្រៅតែមួយភ្លែតប៉ុណ្ណោះ។
ក្រោយការស្លាប់អ្នក កាសែតរូបនេះ តុលាការក៏បានចោទប្រកាន់និងឃុំខ្លួនប្តីប្រពន្ធមួយគូ គឺប្តីឈ្មោះ អ៊ាន ប៊ុនហេង ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត និងភរិយាឈ្មោះ ស៊ឹម វី ក្នុងករណីជាប់សង្ស័យក្នុងរឿងឃាតកម្មនេះ។
លោក ឆាយ ធី បន្តថា ចៅក្រមក៏សាកសួរ លោក គឹង ស៊ាងឡៃ មន្ត្រីរាជអាវុធហត្ថ ដែលជាកូនមេបញ្ជាការរាជអាវុធហត្ថខេត្ត ដែលចម្លើយគាត់មានការខុសគ្នានឹងចម្លើយក្នុងកំណត់ហេតុរបស់ ចៅក្រមស៊ើបសួរ។
លោកថ្លែងថា លោកស៊ាង ឡៃ ថា គាត់មិនចាំឈ្មោះមនុស្សដែលគាត់ជួបពេលហូបអីជុំគ្នានោះទេ និងមិនបានបើកឡានបុកឡានអ្នកកាសែតទេ តែកូនចៅឪពុកលោកជាអ្នកបើក។ ប៉ុន្តែទោះយ៉ាងណា លោកថា លោកស៊ាងឡៃ ឆ្លើយថា ខ្លួនជាអ្នកចេញប្រាក់សងនូវការខូចខាតរថយន្តទៅអ្នកកាសែតនោះ ហើយ។
អ្នកស្រី អ៊ឹម ចន្ធី ភរិយាសពអ្នកកាសែតនៅតែប្រកាន់ជំហរថា លោក ស៊ាងឡៃ ជាអ្នកបើកឡានបង្កហេតុ កាលពីខែមេសា បុកឡានប្តីអ្នកស្រី ដែលមានគាត់អង្គុយក្នុងឡានជាមួយផង។
តាមការឲ្យដឹងពីខាងសមាគម អាដហុក ចៅក្រម បានបិទសវនាការនៅល្ងាចថ្ងៃចន្ទម្សិលមិញ តែនៅបានប្រកាសលើកការជំនុំជម្រះទៅបន្តរហូតនៅថ្ងៃទី១ ខែមេសា ដោយមានការសួរដេញដោលទៅលើសាក្សីប្រមាណជា៧នាក់ ជាបន្តទៀត៕
No comments:
Post a Comment
yes